កសិករពីប្រទេសកម្ពុជាបានដាក់ពាក្យបណ្តឹងមួយនៅតុលាការស៊ីវិលថៃប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករធំជាងគេនៅទ្វីបអាស៊ីដោយចោទប្រកាន់ថា បានរំលោភសិទិ្ធរបស់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ថា ក្រុមហ៊ុននេះបានបណ្តេញពួកគេចេញពីដីធ្លី។ នេះបើតាមក្រុមសិទ្ធិមនុស្ស។
ក្រុមសិទ្ធិមនុស្សឈ្មោះ Inclusive Development International បានសរសេរក្នុងសេចក្តីថ្លែងការណថា បណ្តឹងនេះបានដាក់ក្នុងនាមមនុស្សចំនួន៣ពាន់នាក់ ហើយវាជាពាក្យបណ្តឹងដំបូងដែលដាក់នៅតុលាការថៃ ដោយដើមបណ្តឹងមកពីក្រៅប្រទេសប្រឆាំងនឹងក្រុមហ៊ុនថៃដែលកំពុងប្រតិបត្តិការនៅបរទេស។ ដើមបណ្តឹងបានចោទថា ក្រុមហ៊ុន Mitr Phol ដែលផលិតស្ករ បានប្រើអពើហិង្សាបណ្តេញពួកគេពីដីធ្លីនិងផ្ទះសម្បែងរបស់គេនៅក្នុងខេត្តឧត្តរមានជ័យចន្លោះពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០០៩។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញដោយក្រុមសិទ្ធិមនុស្សលោក ម៉ា អ៊ុកឈឿន ជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ បានថ្លែងថា «ចាប់តាំងពីក្រុមហ៊ុន Mitr Phol បានយកដីលោកនិងគ្រួសារ វេទនាខ្លាំងណាស់។ ផ្ទះរបស់លោកត្រូវគេដុតបំផ្លាញ។ លោកត្រូវគេចាប់ខ្លួនដោយគ្មានហេតុផល ហើយជាលទ្ធផលគ្រួសារលោកគ្មានអ្វីបរិភោគទេ គឺត្រូវរើសសំរាមដើម្បីរស់។
ក្រុមហ៊ុន Mitr Phol បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅ Reuters ថា ខ្លួនបានបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាក្នុងភាពជាដៃគូល្អជាមួយរដ្ឋាភិបាលហើយទទួលបានដីសម្បទានបណ្តោះអាសន្នស្របតាមច្បាប់ក្នុងស្រុក គឺច្បាប់ជាតិ ដោយមានការធានាពីអាជ្ញាធរថា តំបន់សម្បទានបណ្តោះអាសន្នទាំងអស់ស្របច្បាប់និងមានតម្លាភាព។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា ក្រុមហ៊ុនបានដកខ្លួនពីគម្រោងនេះក្នុងឆ្នាំ ២០១៤ ដោយសារភាពតានតឹងផ្នែកនយោបាយនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃនឹងហានិភ័យអាជីវកម្ម ស្ថានភាពកសិកម្មអវិជ្ជមាន និងខូចឈ្មោះជាសាធារណៈ៕