ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារ​លោក ថាច់ សេដ្ឋា ស្នើ​តុលាការ​កំពូល​«បដិសេធ​ដីកា​ឃុំ​ខ្លួន»


រូប​ឯកសារ៖ លោក​មេធាវី​ ជូង ជូងី​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ កាល​ពីឆ្នាំ​២០១៥​។
រូប​ឯកសារ៖ លោក​មេធាវី​ ជូង ជូងី​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ កាល​ពីឆ្នាំ​២០១៥​។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន បាន​ស្នើ​ឱ្យ​តុលាការ​កំពូល​«បដិសេធ​ដីកា​ឃុំ​ខ្លួន» ដែលចេញ​ដោយ​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​ជំរុញ​តុលាការ​ពិចារណា​គោល​ការណ៍​សេរី​ភាព ដោយ​ជ្រើស​រើស​វិធី​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ​ជា​ជាង​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​សា​ទុក្ខ​របស់​លោក ថាច់ សេដ្ឋា ដែល​កំពុង​ជាប់​ក្តីក្តាំ​ក្នុង​សំណុំ​រឿង​ចំនួនពីរ ក្នុង​នោះ​មាន​ការ​ចោទប្រកាន់​ក្នុង​បទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​»​ និង«ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»។

​ក្នុង​សវ​នាការ​លើ​សំណុំ​រឿង​ញុះញង់​នេះ លោក ​ជូង ជូងី មេធាវី​ការ​ពារក្តី​ឱ្យ​លោក ថាច់ សេដ្ឋា បញ្ជាក់ទៅ​ចៅ​ក្រមតុលាការ​កំពូល​ថាការ​សំអាង​របស់​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូងថា ​ការ​ឃុំ​ខ្លួន​លោក ថា​ច់ សេដ្ឋា ដើម្បី​បញ្ចប់​បទ​ល្មើស បង្កា​រប​ទល្មើស​កុំ​ឱ្យ​កើត​មាន​ជា​ថ្មី​ និង​ខ្លាច​ជន​ត្រូវ​ចោទ​រត់​គេច​ខ្លួន គឺ​ជា​រឿង​មិន​ចាំ​បាច់​ឡើយ។ ​លោក​បន្ថែម​ថា​តុលាការ​គួរ​តែ​ពិចារណា​សេរី​ភាព​របស់ជន​ត្រូវ​ចោទ ​ដែល​ចែង​ក្នុងមាត្រា​២០៣​នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ ​ស្តី​អំពី​គោល​ការ​ណ៍​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។

​មេធាវី​រូប​នេះ​អះ​អាង​ថា​លោក ថាច់​ សេដ្ឋា ​មិន​ដែល​រឹង​ទទឹង ​មិន​មាន​គំនិត​ប្រឆាំង​នឹង​នីតិ​វិធី​តុលាការ និង​មិន​រត់​គេច​ខ្លួននោះ​ទេ ព្រោះ​លោក​មាន​តួនាទី​ជា​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន និង​ជា​ប្រធាន​សហ​គមន៍​ខ្មែរ​កម្ពុជា​ក្រោមជា​ដើម។

បើ​តាម​មេធាវី ការ​ឃុំ​ខ្លួន​នេះប៉ះ​ពាល់​ធ្ងន់​ធ្ងរ ​ខណៈ​លោក ថាច់ សេដ្ឋា មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​«ខ្លាញ់​រុំ​បេះ​ដូង» ​និង​ជំងឺ​ផ្សេង​ទៀត​ ដែល​ត្រូវ​ការ​ការ​ព្យាបាល​ដិត​ដល់។

​លោក​មេធាវី ជូង ជូងី ស្នើតុលាការ​កំពូល«បដិ​សេធ​ដីកា​ឃុំ​ខ្លួន» ដោយ​ពិចារណា​មាត្រា​២០៣ ​ទាក់​ទង​សេរី​ភាព និង​គួរ​អនុវត្ត​តាម​នីតិ​វិធី​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ត្រង់​មាត្រា​២២៣​នៃក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ ជា​ជាង​ការ​អនុវត្ត​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដែល​លោក​ថា​ប៉ះ​ពាល់​សេរី​ភាព​របស់​ជន​ត្រូវ​ចោទ។

​នៅ​ខាង​ក្រៅ​តុលាការ​កំពូល ​លោក​ ជូង ជូងី បញ្ជាក់​បន្ថែម​ត្រង់​មាត្រា​២០៣​នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌថា៖ «ជា​គោលការណ៍​ ជន​ត្រូវ​ចោទ​មាន​សេរីភាព បើកាលណា​ ​មិន​មាន​ភាព​ចាំបាច់​ទេ​ មិន​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ទេ»។

ក្នុង​សម្លៀក​បំពាក់​អ្នក​ជាប់​ឃុំ ពាក់​អាវ​ដៃ​វែង​ពណ៌​ទឹក​ក្រូច និង​មាន​ពុក​ចង្កា​ស្កូវ​ស្រមូម លោក ថាច់ សេដ្ឋា មិន​ត្រូវ​បាន​ចៅ​ក្រមអនុញ្ញាត​ឱ្យ​បញ្ចេញ​មតិ​ ឬ​សំណូម​ពរ​អ្វីនោះ​ទេ ដោយ​ត្រឹម​មក​អង្គុយស្តាប់​នៅ​ក្នុង​សវនា​ការ​តែ​ប៉ុណ្ណោះ។


​លោក​ អ៊ុក គឹម​សិទ្ធិ អគ្គ​ព្រះរាជ​អាជ្ញារង និង​ជា​តំណាង​អយ្យការ​តុលាការ​កំពូល​លើក​ឡើង​ថា​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ជា​រឿង​ត្រឹមត្រូ​វ ​ដោយ​ថា​តុលាការ​មាន​ឆន្ទានុសិទ្ធិ​សម្រេច​ឃុំ​ខ្លួន ​ព្រោះនេះ​ជា​បទ​ល្មើសព្រហ្ម​ទណ្ឌ។

​ក្រោយ​បញ្ចប់​សវនាការ លោក ​ស៊ឹង បញ្ញាវុធ​ ចៅក្រម​តុលាការ​កំពូល និង​ជា​ប្រធាន​ប្រឹក្សា​ជំនុំ​ជម្រះ ​បាន​ឱ្យដឹង​ថា​ តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា នៅថ្ងៃ១៩ ខែ​មិថុនា ឆ្នាំ​២០២៣។

​លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើងទៀន​ដែល បាន​ចូល​ស្តាប់​សវនាការ យល់​ថា​ការ​ចោទ​ប្រកាន់ និង​ការ​បន្តឃុំ​ខ្លួន​នេះ ជា​រឿង​អយុត្តិ​ធម៌ ព្រោះ​ថា​ស្ថាន​ភាព​ក្នុង​ប្រទេស​កម្ពុជា​មិន​មានអ្វី​មួយ​កើត​ឡើង​ឡើយ​ ក្រោយ​ការ​ថ្លែង​របស់​លោក ថាច់ សេដ្ឋា។ លោក​ចាត់​ទុក​ករណី​នេះ​ជា​រឿង​នយោបាយ។

លោក​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ​កំពូល​ថា៖ «បើ​យើង​ពិនិត្យ​មើល​អង្គ​ហេតុ អង្គ​ច្បាប់ វា​មិន​មាន​កំហុស​ធ្ងន់ធ្ងរ រហូតដល់​ឃុំ​ខ្លួន​នោះ​ទេ។ ​បើ​យើង​មើល​ទៅ វា​ជា​រឿង​នយោបាយ ច្រើន​ជាង​រឿង​ប្រព្រឹត្ត​កំហុស»។

​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ជន​ជាប់​ចោទ​ទាំង​អស់​មាន​សិទ្ធិ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន នៅ​ពេល​ដែល​ជន​ទាំង​នោះ​មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់ក្នុង​ការ​ធានា​ថា​មិន​រត់​គេច​ខ្លួន។

លោក​ថ្លែង​ថា៖ ​«ជន​ជាប់​ឃុំ គឺ​មាន​សិទ្ធិ នៅក្នុង​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំបណ្តោះអាសន្ន​ ដោយ​មាន​លក្ខខណ្ឌ​ផ្សេងៗ ដូច​ជា​មាន​ទី​លំនៅ​ពិត​ប្រាកដ មុខ​របរ​ពិត​ប្រាកដ​ សហការ​ជាមួយ​អាជ្ញាធរ​ឬ​តុលាការ​ ឬ​អាច​មាន​លក្ខ​ខណ្ឌ​ផ្សេង​ទៀត ដើម្បី​ធានា​ថា​គាត់​មិន​ទៅ​ណា​ទេ បាន​ន័យ​ថា​ដំណើរ​ការ​នីតិវិធី​ជន​ត្រូវ​ចោទ គឺ​ចូល​គ្រប់​ដំណើរ​ការ​នីតិវិធី​ទាំង​អស់»។

គួរ​បញ្ជាក់​ថា​លោក ថាច់ សេដ្ឋា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ កាល​ពីថ្ងៃ​ទី​១៦ ​ខែ​មករា ​ឆ្នាំ​២០​២៣ ​ចំពោះ​បទ​ល្មើស ​ដែល​កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០​១៩ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ចេញ​សែក​ស្អុយ។ នេះ​ជា​បទ​ល្មើស​ដំបូង​ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន។ ក្រោយ​មក ក្នុង​ពេល​កំពុង​ជាប់​ពន្ធនាគារ លោក ថាច់ សេដ្ឋា ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» និង​បទ«​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង» ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​លោក​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ខែមករា ឆ្នាំ​២០២៣ ដែល​កាល​នោះ លោក​និយាយ​អំពី​នយោបាយ និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ហើយ​វីដេអូ​នៃ​ការ​ថ្លែង​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​យូធូប​(Youtube)​៕

XS
SM
MD
LG