ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ការពារ​មីស៊ីល THAAD ត្រូវ​បាន​ដំឡើង​លើ​ទឹក​ដី​កូរ៉េ​ខាង​ត្បូង


ប្រព័ន្ធការពារ​មីស៊ីល​ (THAAD) ត្រូវ​បាន​បំពាក់​ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង​មួយ​ដោយ​ជោគជ័យ​ ដែល​រូបភាព​នេះ​ត្រូវ​បាន​ផ្តល់ដោយ​ក្រសួង​ការពារប្រទេស​អាមេរិក។
ប្រព័ន្ធការពារ​មីស៊ីល​ (THAAD) ត្រូវ​បាន​បំពាក់​ក្នុង​ការ​ធ្វើ​តេស្ត​សាកល្បង​មួយ​ដោយ​ជោគជ័យ​ ដែល​រូបភាព​នេះ​ត្រូវ​បាន​ផ្តល់ដោយ​ក្រសួង​ការពារប្រទេស​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​ដំឡើង​ផ្នែក​ដំបូង​នៃ​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​អង្គារ​នេះ គឺ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល ៤ គ្រាប់ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដែល​គ្រាប់​មីស៊ីល ៣ គ្រាប់ បាន​ធ្លាក់​ចូល​ក្នុង​ដែន​សមុទ្រ​ស្ថិត​ក្នុង​រង្វង់ ៣៥០ គីឡូម៉ែត្រ​ពី​ដែនដី​ជប៉ុន។

កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល បាន​ឯកភាព​គ្នា​ក្នុង​ការ​ពន្លឿន​ការ​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ នៅ​ពេល​ដែល​ប្រឈម​ជាមួយ​នឹង​ការ​សាកល្បង និង​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

លោក Harry Harris មេបញ្ជាការ​ទ័ព​ជើង​ទឹក​នៃ​ទីបញ្ជាការ​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​មួយ​ថា៖ «សកម្មភាព​បង្កហេតុ​ដែល​កំពុង​បន្ត​របស់​កូរ៉េ​ខាង​ជើង ដែល​ក្នុង​នោះ​រួម​ទាំង​ការ​បាញ់​គ្រាប់​មីស៊ីល​ជា​ច្រើន​គ្រាប់​កាល​ពី​ម្សិលមិញ​ផង​ដែរ​នោះ ធ្វើ​ឲ្យ​យើង​សម្រេចចិត្ត​ដំឡើង​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD នេះ​នៅ​លើ​ទឹកដី​កូរ៉េ​ខាង​ត្បូង ដូច​ដែល​ការ​សម្រេចចិត្ត​របស់​សម្ព័ន្ធ​មិត្ត​របស់​យើង​កាល​ពី​ឆ្នាំ​ទៅ‍»។

លោក Harris បាន​បន្ថែម​ថា ផ្នែក​ដំបូង​នៃ​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD នេះ ត្រូវ​បាន​ដំឡើង​ដើម្បី​ជា​ការ​គោរព​ចំពោះ​ការ​ប្ដូរផ្ដាច់​សហប្រតិបត្តិការ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង និង​ដើម្បី​ជួយ​ការពារ​ទាហាន​សហរដ្ឋ​អាមេរិក ដែល​ឈរ​ជើង​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ជួយ​ការពារ​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក និង​ទឹកដី​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ប្រព័ន្ធ​ការពារ​មីស៊ីល​នេះ អាច​នឹង​ដំណើរការ​បាន​នៅ​ខែ​មេសា​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យោធា​កូរ៉េ​ខាង​ត្បូង។

ប្រព័ន្ធ​ការពារ​មីស៊ីល THAAD នេះ មាន​តួនាទី​ប្រើ​គ្រាប់​មីស៊ីល ដើម្បី​បាញ់​កម្ទេច​មីស៊ីល ដែល​បាញ់​ចូល​មក៕

XS
SM
MD
LG