ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​រង​ការ​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​មីស៊ីល​របស់​ខ្លួន​


ស្រ្តី​ម្នាក់​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ទីក្រុង​សេអ៊ូល​ដើរ​កាត់​កញ្ចក់​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​អំពី​ការ​សាក​ល្បង​បាញ់​មីស៊ីល​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃទី​០៦ មីនា ២០១៧។
ស្រ្តី​ម្នាក់​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ទីក្រុង​សេអ៊ូល​ដើរ​កាត់​កញ្ចក់​ទូរទស្សន៍​ផ្សាយ​ព័ត៌មាន​អំពី​ការ​សាក​ល្បង​បាញ់​មីស៊ីល​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃទី​០៦ មីនា ២០១៧។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ចំនួន ៤ គ្រាប់​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ប្រកាស​ក្នុង​អំឡុង​ពេល​ប្រជុំ​សភា​ថា គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ចំនួន ៣ គ្រាប់ បាន​ធ្លាក់​ចូល​ក្នុង​ដែន​សមុទ្រ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ជប៉ុន។

លោក Abe បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ការ​បាញ់​គ្រាប់​មីស៊ីល​នេះ គឺ​ជា​ការ​រំលោភ​យ៉ាង​ច្បាស់​លើ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​យើង​មិន​អាច​អត់​ឱន​ឲ្យ​បាន។ យើង​បាន​ថ្កោលទោស​កូរ៉េ​ខាង​ជើង​យ៉ាង​ខ្លាំង‍»។

មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា «គ្រាប់​ផ្លោង​មីស៊ីល​ជា​ច្រើន​គ្រាប់‍» ត្រូវ​បាន​បាញ់​ចេញ​តំបន់ Tongchang-ri នៅ​ជិត​ព្រំដែន​របស់​កូរ៉េ​ខាង​ជើង​ជាមួយ​នឹង​ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្កោល​ទោស​សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​លើក​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា ដែល​សមយុទ្ធ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បញ្ជាក់​ថា ជា​សកម្មភាព​រៀបចំ​ដើម្បី​ឈ្លានពាន។ ការ​ធ្វើ​សមយុទ្ធ​នេះ ជា​ទូទៅ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ថ្កោល​ទោស។

កាល​ពី​សមយុទ្ធ​យោធា​រួម​គ្នា​ឆ្នាំ​មុន​រវាង​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​ជា​ច្រើន​គ្រាប់​ទាំង​គ្រាប់​ដែល​ហោះ​បាន​ចម្ងាយ​ខ្លី និង​គ្រាប់​ហោះ​បាន​ចម្ងាយ​មធ្យម និង​បាន​ប្រកាស​ថា ខ្លួន​អាច​នឹង​ដាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បន្តុប​ពី​លើ​គ្រាប់​មីស៊ីល​ទៀត​ផង៕

XS
SM
MD
LG