ប្រទេសចិនទំនងបង្ហាញអាវុធជឿនលឿនដែលផលិតក្នុងប្រទេសជាការបង្ហាញកម្លាំងក្នុងអំឡុងក្បួនព្យុហយាត្រាយោធាជាតិ។ ចិនមានគម្រោងរៀបចំពិធីដ៏អស្ចារ្សមួយ រួមមាន ក្បួនព្យុហយាត្រាយោធាដែលមិនធ្លាប់មានកាលពីពេលមុនដើម្បីប្រារព្ធខួបលើកទី៧០ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្តនៅថ្ងៃទី១ ខែតុលា។
ខណៈដែលបណ្តាញព័ត៌មានរដ្ឋប្រាប់ឲ្យដឹងជាមុនពីការបង្ហាញលើកដំបូងនូវអាវុធទំនើបធ្វើនៅក្នុងប្រទេសដែលជាការបង្ហាញកម្លាំងនៅថ្ងៃបុណ្យជាតិខាងមុខ នោះពួកអ្នកវិភាគព្រមានថា រដ្ឋបាលដែលកំពុងកាន់អំណាចនៅក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពីង កំពុងប្រឈមបញ្ហានៅពេលខាងមុខ នៅពេលដែលការទោមនស្សកាន់តែកើនឡើងនៅក្នុងប្រទេស សង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងភាពចលាចលខាងនយោបាយក្នុងក្រុងហុងកុង។
ក្បួនព្យុហយាត្រាយោធាក្នុងទំហំដ៏ធំបង្អស់មួយនឹងបញ្ជូនសារនយោបាយដ៏លាន់ខ្ទរមួយ។ នេះតាមលោក Willy Lam អ្នកវិភាគនយោបាយចិន។
លោក Lam បានមានប្រសាសន៍ទៀតថា៖ «ក្បួនព្យុហយាត្រានេះមានសារៈសំខាន់បំផុតសម្រាប់ភាពស្របច្បាប់របស់គណបក្សដែលមិនមានភាពស្របច្បាប់ក្នុងការបោះឆ្នោត។ ការបង្ហាញថា ចិនឥឡូវនេះជិតក្លាយជាមហាអំណាចផុតលេខនោះប្រធា នាធិបតី ស៊ី ជីនពីង កំពុងប្រាប់ពលរដ្ឋចិនទាំងអស់ថា ពួកគេត្រូវតែមានមោទនភាពអំពីសមិទ្ធផលរបស់ចិន ហើយពួកគេមិនត្រូវស្នើសុំគណបក្សនូវតម្លៃនិងច្បាប់ប្រទេសលោកខាងលិចដូចជា សេរីភាពនៃការនិយាយស្តី នីតិរដ្ឋនោះទេ»។ល។
អ្នកជំនាញដែលធ្វើការក្នុងទីក្រុងហុងកុងរូបនេះនិយាយថា ម៉្យាងទៀត ប្រធានាធិបតីស៊ីចង់ឲ្យពលរដ្ឋចិនទាំងអស់បន្តធ្វើទៅតាមការគ្រប់គ្រងរបស់គណបក្សលោកហើយគោរពលោកជាមេដឹកនាំជារៀងរហូតរបស់បក្ស។
កាសែត Global Times របស់រដ្ឋចិនបានរាយការណ៍ថា «ក្បួនព្យុហយាត្រានេះ នឹងបង្ហាញពីកម្លាំងយោធារបស់ចិនហើយនឹងប្រាប់ពលរដ្ឋចិនថា ចិនមានសមត្ថភាពការពារអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ខ្លួនហើយប្រទេសណាមួយដែលប៉ុនប៉ងបង្កហេតុជាមួយចិននិងគំរាមកំហែងបូរណភាពទឹកដីរបស់ចិនត្រូវតែគិតទ្វេដង»។
កាសែតនោះបានរាយការណ៍បន្តទៀតថា ចិននឹងទំនងបង្ហាញនូវកាំជ្រួចបាល់លីស្ទិកអន្តរទ្វីបជំនាន់ទី៤របស់ខ្លួនឈ្មោះ Dongfeng-41 ដែលកាសែតនោះប្រាប់ឲ្យដឹងថា មានកម្រិតដូចគ្នានឹងអាវុធនុយក្លែអ៊ែរជំនាន់ទី៧ ដែលត្រូវបានផលិតឡើងដោយសហរដ្ឋអាមេរិកនិងរុស្ស៊ី ហើយបានចាត់ទុកជាភស្តតាងថា គម្លាតរវាងយោធាចិននិងសហរដ្ឋអាមេរិក កំពុងកាន់តែរួមតូចទៅ។
សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាននេះបានប្រាប់ឲ្យដឹងទៀតថា អាវុធផ្សេងទៀត ដែលត្រូវបង្ហាញ អាចរួមមានយន្តហោះចំបាំងធុន J-20 ឧទ្ធម្ភាគចក្រប្រភេទ Z-15 និងយន្តហោះដឹកជញ្ជូនធុន Y-20 រួមជាមួយកងកម្លាំងកាំជ្រួចរ៉ុកកែតរបស់ចិន។
ក្នុងការឆ្ពោះទៅកាន់ការប្រារព្ធបុណ្យជាតិ ការឆែកឆេរសន្តិសុខបានបង្កើននៅតាមផ្លូវនិងនៅឯស្ថានីយរទេះភ្លើង ជាពិសេសក្នុងរដ្ឋធានីប៉េកាំង បានបណ្តាលឲ្យមានការត្អូញត្អែរមកពីអ្នកស្រុកនិងអ្នកទេសចរ។
លោក Hu Xijin នាយកបណ្ណាធិការកាសែត Global Times និយាយថា ការត្រួតពិនិត្យប្រព័ន្ធ Internet កាន់តែតឹងតែងឡើងបានធ្វើឲ្យមានការលំបាកដល់ពួកអ្នកកាសែតក្នុងការធ្វើការ។
លោក Hu បានចោទសួរនៅលើបណ្តាញព័ត៌មានសង្គមកាលពីសប្តាហ៍មុនអំពីការរឹត ត្បិតក្នុងការចូលមើលគេហទំព័រ។
លោក Hu បានសរសេរនៅលើគេហទំព័រ Weibo ដែលក្រោយមកលោក បានលប់ចោលថា «ប្រទេសចិន មិនមានការប្រេះឆារទេ។ខ្ញុំ សូមផ្តល់នូវយោបល់ថា សង្គម ត្រូវតែមានសិទ្ធិកាន់តែច្រើនឡើងដើម្បីចូលមើលប្រព័ន្ធ Internet ខាងក្រៅដែលនឹងផ្តល់នូវកម្លាំងនិងភាពចាស់ទុំនៃមតិសាធារណៈការស្រាវជ្រាវវិទ្យាសាស្រ្តនិងការប្រាស្រ័យទាក់ទងក្រៅប្រទេសនិងផលប្រយោជន៍ជាតិរបស់ចិន»៕
ប្រែសម្រួលដោយជឹង ប៉ូជីន