ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​​ដោយមាន​អ្នក​ស្វាគមន៍​ច្រើន​ម៉ឺននាក់


មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​​បាន​ក្រាប​សំពះ​និង​ថើប​ដី​ នៅ​ពេល​ដែល​លោក​បាន​ជាន់​ទឹក​ដី​ប្រទេស​កម្ពុជា​សារ​ជាថ្មី​ទៀត​ បន្ទាប់​ពី​បាន​និទ្ទេស​ដោយ​ខ្លួន​ឯង​អស់​រយៈពេល​ជាង​៤ឆ្នាំ។​(Courtesy of Sam Rainsy)
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​​បាន​ក្រាប​សំពះ​និង​ថើប​ដី​ នៅ​ពេល​ដែល​លោក​បាន​ជាន់​ទឹក​ដី​ប្រទេស​កម្ពុជា​សារ​ជាថ្មី​ទៀត​ បន្ទាប់​ពី​បាន​និទ្ទេស​ដោយ​ខ្លួន​ឯង​អស់​រយៈពេល​ជាង​៤ឆ្នាំ។​(Courtesy of Sam Rainsy)
ភ្នំពេញ៖ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ីបាន​ក្រាប​សំពះ​និង​ថើប​ដី​ នៅ​ពេល​ដែល​លោក​បាន​ជាន់​ទឹក​ដី​ប្រទេស​កម្ពុជា​សារ​ជាថ្មី​ទៀត​ បន្ទាប់​ពី​បាន​និទ្ទេស​ដោយ​ខ្លួន​ឯង​អស់​រយៈពេល​ជាង​៤ឆ្នាំ។​

លោក​សម រង្ស៊ី​ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​ប្រទាន​ការ​លើក​លែង​ទោស​កាល​ពី​សប្តាហ៍មុន​ដើម្បី​បើក​ផ្លូវ​ឲ្យ​លោក​បាន​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ការ​ចូលរួម​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៨​ ខែ​កក្កដា​ខាង​មុខ​នេះ។​

លោក​សម​ រង្ស៊ី​ត្រូវ​បាន​តុលាការ​ខ្មែរ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​១០​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​ ក្លែង​ឯង​សារ​សារធារណៈ ​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត។​

លោក​សម រង្ស៊ី​មិន​បាន​ធ្វើ​សន្និសីទ​កាសែត ​និង​ជួប​ប្រជា​ពលរដ្ឋ​នៅឯ​ផ្សារ​សែន​ជូរី​ផ្លាសា​ដូច​មាន​ការ​គ្រោង​ទុក​ទេ​ ដោយ​សារ​តែមាន​មនុស្ស​ច្រើនពេក​ លើស​ពី​ការ​គ្រោង​ទុក​ បាន​មក​ទទួល​លោក។​

មាន​ក្រុម​អ្នក​គាំទ្រ​ប្រមាណ​ជិត​មួយ​លាន​នាក់​កាន់​ទង់ជាតិ​គណបក្ស​ ទង់ជាតិ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​កាន់​លេខ​៧​ និង​មាន​សញ្ញា​ព្រះ​អាទិត្យ​រះ​បិទ​នៅ​លើ​ថ្ពាល់។ ​អ្នក​ខ្លះ​ទេ​បាន​ស្រែក​យ៉ាង​កង​រំពងចាប់​ពី​ព្រលាន​យន្ត​ហោះ​ឆ្ពោះ​មក​កាន់​សួន​ប្រជា​ធិបតេយ្យ។​

​អ្នកស្វាគមន៍​បាន​ស្រែក​ថា៖​ «សម រង្ស៊ី​ នាយក​រដ្ឋមន្ត្រី។​ សម រង្ស៊ី​ នាយក​រដ្ឋមន្ត្រី។​ សម រង្ស៊ី​ នាយក​រដ្ឋមន្ត្រី»។​

ប្រជា​ពលរដ្ឋ​បាន​ឈរ​អប​សង​ខាង​ផ្លូវ​ចាប់​ពី​ព្រលាន​យន្ត​ហោះ​ភ្នំពេញ​អន្តរ​ជាតិ​ឆ្ពោះ​ទី​លាន​ប្រជា​ធិបតេយ្យ​ដែល​ធ្វើ​ឲ្យ​រថ​យន្ត​រាប់​ពាន់​គ្រឿង​បាន​កក​ស្ទះ​នៅ​លើ​កំណាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី​ចម្ងាយ​ប្រមាណ​ជិត​១០​គីឡូម៉ែត្រ។​

លោក​សម រង្ស៊ី​មិន​បាន​និយាយ​អ្វី​ច្រើន​ទេ​ក្នុង​ពេល​ ដែល​លោក​ទើប​មក​ដល់​ព្រលាន​យន្តហោះ។ ​លោក​បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​តាម​រយៈ​ឧឃ្ឃោសន​ស័ព្ទ​បំពង​សម្លេង​ថា​ លោក​រំភើប​ណាស់​ដែល​បាន​មកជួប​ប្រជា​ពលរដ្ឋ​ខ្មែរ។​

លោក​បាន​និយាយថា៖ ​«អរគុណ​បង​ប្អូន​យើង​ធ្វើ​ដំណើរ​ទៅជា​មួយ​គ្នា។ ​ខ្ញុំ​មក​នេះ​ដើម្បី​សង្គ្រោះ​ជាតិ​ជាមួយ​បង​ប្អូន​ កូន​ក្មួយ​ទាំង​អស់​គ្នា»។​

លោក​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ឡើង​ជិត​រថយន្ត​ប្រភេទ​មួយ​បាំង​កន្លះ​ជាមួយ​លោក​កឹម​ សុខា​ អនុប្រធាន​គណបក្ស​ ដោយ​អប​ជាមួយ​នឹង​អ្នក​តំណាង​រាស្ត្រ​ និង​កង​អង្គរក្ស​ជាច្រើន​នាក់​ ហើយ​បាន​ធ្វើ​ដំណើរ​ល្បឿន​យឺតៗ​ដោយ​សារ​មនុស្ស​ច្រើន​កកកុញពេក។​

ឈរ​នៅ​ក្បែរ​លោក​សម រង្ស៊ី​លើរថយន្ត​តែមួយ​ លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​លើក​ដៃ​ដែល​មាន​សញ្ញា​លេខ​៧​ និង​ចាប់​ដៃ​ជាមួយ​លោក​សម​ រង្ស៊ី​ ដែល​ជា​ញឹក​ញាប់​ មេដឹក​នាំទាំង​ពីរ​បាន​លើក​ដៃ​សំពះ​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​ឈរ​អប​អរសារទរ​នៅ​តាម​សង​ខាង​ផ្លូវ។​

លោក​កឹម សុខា​បាន​ឆ្លៀត​ប្រាប់​ VOA ​នៅ​លើរថយន្ត​ថា​ វត្តមាន​របស់​លោក​សម រង្ស៊ី​ និង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ផ្លាស់​ប្តូរ។​ លោក​និយាយ​ថា​គណបក្ស​សង្គ្រោះជាតិ​នឹង​អាច​ផ្តួល​រំលំ​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​នៅ​ក្នុង​អាណត្តិ​នេះ។​

លោក​បញ្ជាក់ថា៖​ «ព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ​ ដែល​មិន​ដែល​មាន​ទេ​នៅ​ប្រទេស​កម្ពុជា​យើង​ ហើយ​គឺ​ជា​ការ​រួបរួម​ដើម្បី​ផ្លាស់​ប្តូរ​គឺជា​ការ​លះ​បង់​ដើម្បី​សង្គ្រោះជាតិ»។ ​លោក​និយាយ​ថា៖ ​«វត្តមាន​របស់​លោក​ប្រធាន​សម រង្ស៊ី​គឺ​ជាការ​ពង្រឹង​នូវ​ការ​រួបរួម​គ្នា​ដើម្បី​ប្តូរគឺជា​ការ​លះបង់​ទាំង​អស់​គ្នា​ដើម្បី​សង្គ្រោះ​ជាតិ​យើង​ឲ្យ​បាន»។​

ប្រជា​ពលរដ្ឋ​ដែល​បាន​មក​ស្វាគមន៍​លោក​សម​ រង្ស៊ី​មានចម្រុះ​ ​ដោយ​រាប់​ទាំង​មន្ត្រី​រាជ​ការ​ និសិ្សត​ អ្នក​រត់​ម៉ូតូឌុប ​អ្នក​រងគ្រោះ​ដោយ​សារ​ការ​ចាប់​យក​រំលោភដីធ្លី និង​ព្រះ​សង្ឃជាដើម។​

ព្រះ​តេជព្រះគុណ​មួយ​អង្គព្រះ​ជន្ម​៣០​ព្រះ​វស្សា​ និមន្ត​មកពី​វត្ត​ស្ទឹងមាន​ជ័យ​ បាន​និមន្ត​កាន់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះជាតិ​នៅ​កណ្តាល​ក្បួន។​
ព្រះ​តេជព្រះគុណ​មានសង្ឃដិការ​ថា​ គណបក្ស​សង្គ្រោះជាតិ​និង​អាច​យក​ទឹក​ដី​ខ្មែរ​មក​វិញ​បាន។​

ព្រះ​តេជព្រះគុណ​បញ្ជាក់​ថា៖​ «មាន​សេចក្តី​សប្បាយ​រីករាយ ​ដោយ​គាត់​បាន​អញ្ជើញ​មក​ជួប​ជុំ​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​ក្រោក​ឈរ​ឡើង​ដើម្បី​ស្តារ​ទឹក​ដី​មក​វិញ»។​

នៅ​សល់​តែជាង​មួយ​សប្តាហ៍​ទៀត​តែ​ប៉ុណ្ណោះ​ថ្ងៃ​បោះ​ឆ្នោត​នឹង​មកដល់។ លោក​សម រង្ស៊ី​ត្រូវ​បាន​មន្ត្រី​គ.ជ.ប.​ថា ​លោក​មិន​អាច​ឈរ​ឈ្មោះ​ជាអ្នក​តំណាង​រាស្ត្រ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​ទេ ​បើទោះ​បី​ជា លោក​វិល​មក​កាន់​កម្ពុជា​នៅ​ក្នុង​ពេល​នេះ​ក៏ដោយ៕
XS
SM
MD
LG