ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​បក្ស​នយោបាយ​ចាស់​និង​ថ្មី​កំពុង​ប្រកួត​ដណ្តើម​តំណែង​នាយករដ្ឋ​មន្ត្រី


ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ មាន​ការចូលរួម​ដោយ​​គណបក្ស​​នយោបាយ​​ចំនួន​​ប្រាំបី​។
ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ មាន​ការចូលរួម​ដោយ​​គណបក្ស​​នយោបាយ​​ចំនួន​​ប្រាំបី​។
វ៉ាស៊ីនតោន៖ គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​ដែល​មាន​មេដឹកនាំ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​កម្រិត​ថ្នាក់​ជាតិ​និង​អន្តរជាតិ​និង​អ្នក​ដែល​ប្រជាពលរដ្ឋ​មិន​ដែល​ឮ​និង​មិនស្គាល់​មុខ​សោះ​កំពុង​ដឹកនាំ​គណបក្ស​របស់​ខ្លួន​ដើម្បី​ប្រកួត​ប្រជែង​យក​កៅអី​នាយករដ្ឋ​មន្ត្រី​និង​សភាជាតិ​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ​ទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​នេះ។

១) ​គណបក្ស​សញ្ជាតិ​កម្ពុជា (គសក)

គណបក្ស​ដែល​ស្ថិតនៅ​លេខរៀង​ទីមួយ​លើ​សន្លឹក​ឆ្នោត​ដែល​អ្នក​បោះឆ្នោត​មើល​ឃើញ​គឺ​គណបក្ស​សញ្ជាតិ​កម្ពុជា។ គណបក្ស​នេះ​មាន​មេបក្ស​គឺ​ជា​ព្រះសង្ឃ​មួយ​អង្គ​ដែល​សមាជិក​បក្សហៅ​ថា​ព្រះ​គ្រូ​មហាថេរៈ​ លោកតា​ហង្ស​ភ្នំត្បែង​មាន​ជ័យ។ គណបក្ស​មិន​បាន​បញ្ចេញ​ព័ត៌មាន​ច្រើន​ទេ​ទាក់​ទង​នឹង​ព័ត៌មាន​ផ្ទាល់​ខ្លួនរបស់​មេដឹកនាំ​បក្ស​រូប​នេះ​ក្រៅ​តែ​ពី​ថា​ព្រះអង្គ​នៅ​បួស​នៅឡើយ​និង​មាន​ព្រះ​ជន្ម​ជាង​៧០​ព្រះ​វស្សា​ហើយ​នឹង​មក​កាន់​កិច្ចការ​នៅ​ពេលណាដែល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត។

កិច្ចការ​ផង​ទាំ​ង​ឡាយ​ត្រូវ​បាន​ទទួល​រ៉ាប់​រង​ដោយ​លោក សេង សុខេង ​ប្រធាន​ស្តីទីរបស់​គណបក្ស​ដែលជា​អ្នកចេញ​មុខ​ដឹកនាំ​គណបក្ស​ចូល​ប្រឡូក​ក្នុង​យុទ្ធនាការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាលទី​៥​នេះ។

លោក​សេង សុខេងកើត​នៅ​ថ្ងៃ​ទី១៩ ខែ​តុលា ​ឆ្នាំ​១៩៧៣​នៅ​ស្រុក​ពារាំងខេត្ត​ព្រៃវែង។ លោក​មាន​កូន​បួននាក់​ស្រី​ពីរ​និង​ប្រុស​ពីរ​នាក់។

លោក​ សេង សុខេង​មិន​មែន​ចេញ​មកពីត្រកូល​អ្នក​នយោបាយ​ទេ​គឺ​លោក​ជា​កូនកសិករ​សុទ្ធសាធ។ លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់វេជ្ជ​បណ្ឌិត​នៅ​ឆ្នាំ​២០០០​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត​ក្នុង​រាជធានី​ភ្នំពេញ ​ហើយ​បាន​សិក្សា​បន្ត​យក​សញ្ញាប័ត្រ​អនុបណ្ឌិត​ខាង​សុខភាព​សាធារណៈ​នៅឆ្នាំ​២០០៦។ លោក​កំពុង​បម្រើ​ការ​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ដោយ​មាន​ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម។

លោក​សុខេង ​បាន​បញ្ជាក់​ពី​គោល​បំណង​នៃ​ការ​ហក់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នេះ​ថា៖

«គឺ​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ​គឺ​ខ្ញុំ​ចង់​ធ្វើ​អ្វីៗ​បាន​ដល់​ប្រយោជន៍​មនុស្ស​ច្រើន​ មនុស្ស​ទូទៅ​ច្រើន។ នេះ​ជា​បំណង​ប្រាថ្នា​របស់​ខ្ញុំ»។

គណបក្ស​សញ្ជាតិ​កម្ពុជា​ចាត់​ទុក​ភាព​ក្រីក្រ​ជា«សត្រូវ​ចំពោះ​មុខ​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់»។

គណបក្ស​សញ្ជាតិ​កម្ពុជា​សង្ឃឹម​ថា​នឹ​ង​ទទួល​បាន​អាសនៈ​យ៉ាង​ហោច​ណាស់​៨០​នៅក្នុង​រដ្ឋ​សភាជាតិ​ដោយ​លោក​ផ្អែក​ការសន្និដ្ឋាន​លើ​ចំនួន​រូបថត​របស់​ប្រធាន​គណបក្ស​ដែល​ពលរដ្ឋ​អ្នក​មាន​ជំនឿ​គោរព​បូជា​បាន​ជាវ​យក​ទៅ​រក្សា​ទុក​នៅ​តាម​គេហដ្ឋាន។

២ )​ គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ដែល​មាន​អក្សរ​កាត់​ថា​ ររជកឯអសស

គណបក្ស​ហ៊្វុនស៊ិនប៉ិច​គឺ​ជាគណបក្សដែលមានការ​ផ្លាស់​ប្តូរមេដឹកនាំច្រើន​ជាងគេនិង​បាន​ឆ្លង​កាត់​ការបែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឱ្យ​គណបក្ស​នេះ​បាន​ធ្លាក់​ពី​គណបក្ស​ដែល​មាន​ចំណាត់​ថ្នាក់​លេខមួយ​ហើយ​បាត់​បង់​ប្រជាប្រិយ៍​ភាព​ជា​បន្ត​បន្ទាប់។

ប្រធាន​នាពេលបច្ចុប្បន្ននេះគឺសម្តេចរាជ​បុត្រី​ព្រះ​អនុជ​ នរោត្តម អរុណ​រស្មី។ ​ សម្តេចរាជ​បុត្រីកើត​នៅ​ថ្ងៃ​ទី២ ​ខែ​តុលា​ ឆ្នាំ​១៩៥៥ ​នៅ​រាជធានីភ្នំពេញ​និងជាបុត្រីពៅរបស់ព្រះបាទនរោត្តម​ សីហនុ អតីត​ព្រះ​មហាក្សត្រ​ដ៏ឆ្នើមនៃ​ប្រទេស​កម្ពុជា​និង​មាន​មាតា​នាម ម៉ានីវណ្ណ ផានិវង្ស។

សម្តេច​រាជ​បុត្រី​មាន​ស្វាមី​គឺ​លោក​កែវ ពុទ្ធរស្មី​និង​មាន​បុត្រ​ចំនួន​៥​អង្គ។ លោក​កែវ ពុធ​រស្មី​ក៏​ឈរ​ឈ្មោះ​ជា​អ្នក​តំណាង​រាស្រ្ត​ដែរ។

ដោយ​លើក​ម្រាម​ដៃ​ពីរនៅ​រាល់​វេទិការ​ឃោសនាដែល​ជា​សញ្ញា​នៃ​ជ័យ​ជម្នះនិង​ជាលេខពីរ​ដែល​កំណត់លេខគណបក្ស​នៅ​លើ​សន្លឹក​ឆ្នោត​ផង ​វត្តមាន​សម្តេច​រាជ​បុត្រីបាន​ធ្វើ​ឱ្យ​គណបក្សនេះ​នៅ​បន្ត​បាន​នូវ​សែ​រាជវង្សក្នុង​ការ​ដឹកនាំ​គណបក្ស​រាជានិយម​មួយ​នេះ។

មេបក្ស​រូបនេះ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ក្នុង​ឆ្នាំ​១៩៨២​ដោយ​កាន់​តួរ​នាទី​ជា​នាយក​ព្រះរាជ​ខុទ្ទកាល័យ​របស់​ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​សីហនុ។
សម្តេច​រាជ​បុត្រី​មាន​ប្រវត្តិ​ការងារ​ភាគច្រើន​ក្នុង​ផ្នែក​ធនាគារនិង​ជា​អ្នក​ការទូត​របស់​ប្រទេស​កម្ពុជា​ដោយ​ព្រះអង្គ​ធ្លាប់​ធ្វើ​ជា​ប្រធាន​ធនាគារ​កសិករ​កម្ពុជា​និង​ធ្វើ​ការ​នៅធនាគារ​ពីរ​នៅ​សហរដ្ឋ​អាមេរិកហើយ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី។

សម្តេច​អរុណ​ រស្មី​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ដេកាត ​និង​ សាលាមធ្យម​សិក្សា​រ៉ូម៉ាំង​កាតូលិក ម៉ាទឺដៃ ​(ហៅថា​សាលាយាយជី) នៅ​ខេត្ត​កែប។ សម្តេច​នរោត្តម​ អរុណរស្មី ​អាច​និយាយ​ភាសា​ខ្មែរ ឡាវ ថៃ​ បារាំង​និង​អង់គ្លេស​បាន​យ៉ាង​ល្អ។

ព្រះ​អង្គធ្លាប់​ត្រូវ​បាន​គណបក្ស​ដាក់​ឱ្យ​ឈរ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ម្តង​ហើយ​កាលពី​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​ប៉ុន្តែ​មិន​បាន​ទទួល​លទ្ធផល​ដុំ​កំភួន​អ្វី​ទេ​ដោយ​សារគណបក្ស​រាជា​និយម​បាន​បំបែក​ចេញ​ដល់​ទៅ​ពីរ​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​គណបក្ស​នរោត្តម​រណឫទ្ធិ។ សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣នេះព្រះ​អង្គ​ត្រូវ​បាន​គណបក្ស​ដាក់​ឱ្យ​ឈរ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ជាលើក​ទីពីរ​ដើម្បី​ដឹកនាំ​គណបក្ស​រាជា​និយម​តែ​មួយ​គត់ឱ្យទទួល​ជ័យជម្នះ​និង​អនុវត្ត​តាម​មាគ៌ា​«នយោបាយ​សីហនុ​និយម»។​

បើ​ទទួល​បាន​ជ័យ​ជម្នះ​ព្រះ​អង្គ​អាច​ជា​នាយក​រដ្ឋ​មន្ត្រី​ស្រ្តី​ទីមួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តួរ​នាទី​ស្រ្តី​ក្នុង​ឆាក​នយោបាយ​កំពុង​តែ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​យឺតៗ។

៣ )​ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ (គសរប)

ស្រ្តី​ទីពីរ​នៅក្នុង​ការ​បោះឆ្នោតជាតិឆ្នាំ​២០០១៣​នេះ​ដែល​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​គឺលោកស្រី​ សុខ រ័ត្នសុវណ្ណបច្ចៈសីលា ​នៃ​គណបក្សសាធារណរដ្ឋ​ប្រជាធិបតេយ្យ។ លោកស្រី​មេបក្ស​នេះ​មាន​ប្រវត្តិ​ផ្ទាល់​ខ្លួន​កំសត់​ជាងគេ​បង្អស់ក្នុង​ចំណោម​មេបក្ស​ទាំង​៨។ តាម​ជីវប្រវត្តិ​សង្ខេប​ដែលគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចែកជូន​ឱ្យ​ដឹង​ថា​លោកស្រី​សុខ រ័ត្ន​សុវណ្ណបច្ចៈ​សីលា​កើត​នៅថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៦៥ ​នៅ​ទីក្រុង​ភ្នំពេញ។ មេបក្ស​រូប​នេះ​ជា​កូន​កំព្រា​ដែល​មិន​ស្គាល់​សូម្បី​តែ​ឈ្មោះ​ឱពុក​ម្តាយ​របស់​ខ្លួន ​ហើយ​បច្ចុប្បន្នជា​ស្រ្តី ​ម៉េម៉ាយ​ដែល​មាន​កូន​ប្រាំ​នាក់។ ប្រវត្តិ​រូប​បាន​បញ្ជាក់ថា​ក្នុង​ឆ្នាំ​១៩៧៩​លោក​ស្រី​ធ្លាប់​ដើរ​សុំ​ទាន​គេ​ដើម្បី​បាន​រស់​ជីវិត​ហើយ​រៀន​សូត្រ​បាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ លោក​ស្រី​រ័ត្នសុវណ្ណបច្ចៈសីលា​ធ្លាប់​ជា​ជន​ភៀស​ខ្លួន​រស់​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​ថៃមុន​ពេលបាន​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក។

លោកស្រី​សុខ រ័ត្ន​សុវណ្ណបច្ចៈ​សីលា​បាន​វិល​ត្រឡប់​មក​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​ឆ្នាំ​២០១១​ដោយ​បង្កើត​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ឡើង។​

នេះ​គឺ​ជា​គណបក្ស​នយោបាយដែល​គាំទ្រ​ឱ្យ​មាន​ប្រព័ន្ធ​បោះឆ្នោត​ឯកត្ត​នាមនិង​ហាម​មិន​ឱ្យ​មន្ត្រី​រាជការ​ធ្វើ​ការ​ងារ​ពីរ​កន្លែង​គឺ​ការងារ​ស៊ីវិល​ផង​និង​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ផងហើយ​ក៏ដូច​ជា​ហាម​ឃាត់​មិន​ឱ្យ​តំណាងរាស្ត្រ​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ផង​និង​តំណែង​ជា​អ្នក​តំណាង​រាស្ត្រ​ផង។

គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ឈរ​នៅ​លេខរៀង​ទី​បី​នៅ​ក្នុង​សន្លឹកឆ្នោត​ហើយ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោកស្រី​សុវណ្ណបច្ចៈ​សីលា​គឺ​ថា​គណបក្ស​នេះ​តំណាង​ឱ្យ​ឃើញ​ថា​ស្ត្រី​មាន​ឋានៈ​តូច​ទាប​ក៏​អាច​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​បាន​ដែរ។

៤ ) គណបក្ស​ប្រជាជន​កម្ពុជា (ប្រជ)

គណបក្ស​ដែល​មាន​លេខ​រៀង​ទី​បួន​លើ​សន្លឹកឆ្នោត​ពី​អណត្តិ​ជាប់ៗ​គ្នា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា។​

វរៈជន​នយោបាយ​បី​នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក​ ជាស៊ីម ​លោក​ហ៊ុន សែន​និង​លោក​ហេង សំរិន​ត្រូវ​បាន​គណបក្ស​ដែល​មាន​ដើម​ទង​ចេញ​ពី​បក្សកំម្មុយនីស្ត​មួយ​នេះ​លើក​ស្ទួយ​ទន្ទឹម​គ្នា​តាំងពី​មាន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣​មក​។

ប្រធាន ​គណបក្ស​ គឺ​លោក​ជាស៊ីម​ បាន​កើត​នៅថ្ងៃ​ទី​១៥ខែ​វិច្ឆិកាឆ្នាំ​១៩៣២​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។

លោក​ជា ស៊ីម​ត្រូវ​បាន​ក្រុម​កំម្មុយនីស្ត​វៀតណាម​ជ្រើស​រើស​ឱ្យ​ចូលបម្រើ​ការ​ក្នុង​ពេល​សង្រ្គាម​ប្រឆាំង​នឹង​បារាំង​ក្នុង​ទសវត្សរ៍​១៩៥០។ លោក​បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ហើយ​បាន​ក្លាយ​ជា​លេខា​បក្ស​ស្រុក​ពញាក្រែក។ ក្រោយពី​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​លោក​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​និង​ក្រោយ​មក​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​សភា​នៃ​រដ្ឋ​កម្ពុជា។ លោក​បាន​កាន់​តំណែង​ជា​ប្រធាន​សភា​ជាតិ​ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​ឧសភា​ឆ្នាំ​១៩៩៣ ​ហើយ​បាន​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធ​សភា​ក្នុង​ឆ្នាំ​១៩៩៩។

វរៈជន​ដ៏​សំខាន់​ម្នាក់​ទៀត​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុ​ជា​គឺ​លោក​ ហេង សំរិន ​ប្រធាន​កិត្តិយស​នៃ​បក្ស​នេះ។ កើត​នៅថ្ងៃ​ទី​២៥​ខែ​ឧសភាឆ្នាំ​១៩៣៤ ​លោក​ហេង សំរិន​បាន​ចូលរួម​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​និង​បាន​កាន់​តំណែង​ជា​មេបញ្ជាការ​កងពល​ថ្មើរ​ជើង​លេខ​៤​ពី​ឆ្នាំ​១៩៧៦ ​ដល់​ឆ្នាំ​១៩៧៨។ លោក​បាន​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេចមួយ​ប្រឆាំង​នឹង​ការដឹកនាំ​របស់​ប៉ុលពត​ ហើយ​ក៏​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​១៩៧៨។ លោក​ហេង សំរិន​បាន​ឡើង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ប្រជាជន​បដិវត្តន៍​ដែល​បាន​គ្រប់​គ្រង​ប្រទេស​ក្រោយ​ពី​វៀតណាម​បាន​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩។ លោក​ក៏​បាន​ធ្វើ​ជា​ប្រមុខ​រដ្ឋ​អស់​ជាច្រើន​ឆ្នាំ។

អនុប្រធាន​បក្ស​ដ៏​មាន​ឥទ្ធិពល​របស់​គណបក្ស​នេះ​គឺលោក​ហ៊ុន សែន។ លោក​ហ៊ុន សែន​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បាន​ចំនួន​២៨​ឆ្នាំ​ហើយជា​អ្នក​នយោបាយ​ដែល​មានបទពិសោធន៍ក្នុងឆាក​នយោបាយ​ច្រើន​ជាងគេ​និង​ត្រូវ​រងការរិះគន់​ក៏​ដូច​ជាការសរសើរ​ទាំង​នៅ​ឆាក​អន្តរជាតិ​និង​ក្នុង​ស្រុក​ចំពោះ​ការដឹកនាំ​របស់​លោក។

លោក​ហ៊ុន សែន​កើត​នៅ​ថ្ងៃ​ទី​៥​ខែ​សីហា​ឆ្នាំ​១៩៥២ ​នេះ​បើ​តាម​សៀវភៅ​ពី​ប្រវត្តិ​របស់​គាត់​ប៉ុន្តែ​ឆ្នាំ​កំណើត​ផ្លូវការ​នៅ​ គ.ជ.ប ​ដាក់​ថា​ លោក​កើត​នៅ​ថ្ងៃ​ទី​៤​ខែ​មេសា​ឆ្នាំ​១៩៥១។ លោក​ហ៊ុន សែន​កើត​ នៅ​ខេត្ត​កំពង់​ចាម​ក្នុង​គ្រួសារកសិករ។​ លោក​មាន​ឈ្មោះ​ដើម​ថា​ហ៊ុន ណាល់​ ហើយ​បាន​រត់​ចូល​ព្រៃ​ដើម្បី​តស៊ូ​ប្រឆាំង​នឹង​ការទម្លាក់​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ចេញ​ពី​អំណាច​ក្នុង​ឆ្នាំ​១៩៧០។

លោក​ហ៊ុន​ សែន​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​តាំង​ពី​ឆ្នាំ​១៩៨៥​មក​ហើយ​លោក​បាន​ដើរ​តួរនាទី​យ៉ាង​សំខាន់​ក្នុងការ​ចរចា​សន្តិភាព​ដែល​ឈាន​ដល់​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ឆ្នាំ​១៩៩១​ដែល​នាំ​ឱ្យ​មាន​ការ​បោះឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​ធ្លាប់​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ទីពីរ​ក្រោយ​ពី​គណបក្ស​របស់​លោ​កបាន​ចាញ់​ឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣ ​ក្រោយ​ពី​គណបក្ស​របស់​លោ​កបាន​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨​លោក​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជាប់​ជា​រហូត​មក។​ លោក​ហ៊ុន​ សែន​ត្រូវ​បាន​គណបក្ស​ប្រើ​ប្រាស់​ជា​សារ​ដ៏​សំខាន់​មួយ​ដើម្បី​ទាក់​ទាញ​អ្នក​បោះឆ្នោត។

ពាក្យ​ស្លោក​ដ៏​សំខាន់​មួយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​នេះគឺ​«បើ​ស្រឡាញ់​ បើ​អាណិត ​បើ​ពេញ​ចិត្ត​ បើ​ជឿ​ទុក​ចិត្ត​ហ៊ុន សែន​សូម​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​មាន​តម្លៃ​ស្មើ​នឹង​បោះឆ្នោត​ឱ្យ​ខ្លួន​ឯង»។

កូនប្រុស​ពៅ​របស់​លោក​ហ៊ុន​ សែន​ឈ្មោះ ហ៊ុន ម៉ានី កំពុង​ឈរ​ឈ្មោះ ជា​បេក្ខជន​តំណាង​រាស្ត្រ​ដែរ។

៥ ) គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (គខអស)

គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គឺ​ជា​គណបក្ស​ដែល​ដឹកនាំ​ដោយ​លោក ហួន រាជ​ចំរើន។
ក្នុង​វ័យ​៥៣​ឆ្នាំ​ លោក​ រាជចំរើនមាន​កូន​៩​នាក់​ប្រុស​៧នាក់ ស្រី​ពីរ​នាក់​និង​មាន​ដើម​កំណើត​នៅ​ស្រុក​ទ្រាំង​ខេត្ត​តាកែវ។

គណបក្ស​មាន​រូបសញ្ញា​ទំពាំង​ប្រាំដើមដែល​ជា​ការ​ជួនគ្នា​ល្អ​ជាមួយ​នឹង​លេខរៀង​ទី​៥​ដែលមាន​នៅ​លើ​សន្លឹក​ឆ្នោត។

គណបក្សនេះ​មាន​ត្រកូល​ចេញ​ពី​អ្នក​សារព័ត៌មាន​ដោយ​សារ​តែ​លោក​រាជ​ចំរើន​ខ្លួន​ឯង​ធ្លាប់​បាន​បង្កើត​សារព័ត៌មាន​មួយ​ហើយ​កូន​ប្រុស​ទាំងបី​នាក់​របស់​លោក​សុទ្ធ​តែ​ជា​ចាងហ្វាង​សារព័ត៌មាន​ក្នុង​ស្រុក​នាពេល​បច្ចុប្បន្ន​នេះ។ ​

លោក​រាជចំរើនមាន​សញ្ញា​ប័ត្រ​បរិញ្ញាប័ត្រ​មក​ពី​សាលា​តិចណូ​និង​បាន​ឆ្លង​កាត់​បទពិសោធន៍​ការងារ​យ៉ាង​ក្រាស់​ក្រែល ​ដោយ​ធ្វើ​ជា​មន្ត្រី​ប៉ូលិស​ ​អ្នក​តស៊ូ​ក្នុង​ចលនា​របស់​ហ៊្វុនស៊ិនប៉ិច ​គ្រូ​បង្រៀន ​អ្នក​ជំនួញ ​និង​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម។​

មេបក្សរូប​នេះប្រកាន់​គោលការណ៍​គោរព​គណបក្ស​ដទៃ​ទៀត​ថា​ជារៀមច្បង​និង​ជា​ឱពុក​ម្តាយ​ដោយ​សារ​តែ​គណបក្ស​របស់​លោក​ទើបបាន​បង្កើត​ឡើង​ក្នុង​ខែ​ធ្នូឆ្នាំ​២០១២​តែ​ប៉ុណ្ណោះ។

លោក​រាជចំរើន​បាន​បញ្ជាក់​ថា៖​

«បាន​ជា​ខ្ញុំ​បាទ​រៀបចំ​បង្កើត​គណបក្ស​នេះ​ឡើង​ដោយ​ដាក់​ឈ្មោះ ​ថា​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​ផ្អែក​ទៅលើ​ជន​ជាតិ​ខ្មែរ​ទាំង​អស់​គឺ​ជា​ម្ចាស់​គណបក្ស​ហើយ​រួមគ្នា​អភិវឌ្ឍន៍​ជាតិ​ទើប​យើង​មាន​សេដ្ឋកិច្ច។ អញ្ចឹង​បាន​ខ្ញុំ​ដាក់​ឈ្មោះ​ថា​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហើយ​យើង​យក​ចំណុច​គោលការណ៍​អភិវឌ្ឍន៍​ជាតិ​មក​និយាយ​ដោយ​យើង​ដើរ​តាម​លំអាន​ព្រះ​ករុណា​ជា​អង្គម្ចាស់​ជីវិត​ដម្កល់​លើ​ត្បូង​ព្រះ​មហាវីរៈក្សត្រ​ដែល​លោក​បាន​ទាម​ទារ​ឯករាជ្យជាតិ​ពី​បារាំង​នៅ ឆ្នាំ​១៩៥៤​ដោយ​ដើរ​តាម​គោល​នយោបាយ​ មួយ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ អភិវឌ្ឍន៍​វិស័យ​កសិឧស្សាហកម្ម​ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​និង​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច»។

គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មាន​បាវចនា​ «សង្គ្រោះ បំរើ ការពារ» ហើយ​មាន​ដាក់​បេក្ខជន​តំណាង​រាស្ត្រ​នៅ​តែ​ខេត្ត​ក្រុង​ចំនួន​៧​ប៉ុណ្ណោះ។

៦ ) គណបក្ស​ខ្មែរ​ឈប់​ក្រ (គខឈក)

លោក​ក្រវ៉ាញ ដារ៉ន គឺ​ជា​ប្រធាន​«គណបក្សខ្មែ​ឈប់​ក្រ​»ដែល​ជា​គណបក្ស​មួយ​បាន​ចាប់​បដិសន្ធិ​នៅ​សហរដ្ឋអាមេរិក​កាលពីថ្ងៃ​ទី​៤​ខែ​កក្កដា​ឆ្នាំ​២០០៧។

លោក​ ក្រវ៉ាញ ដារ៉ន ​ មាន​ដើម​កំណើត​នៅ​ស្រុក​ក្រគ​ ខេត្តពោធិ៍សាត់​។ មេបក្ស​ដែល​មាន​វ័យ​៥៩​ឆ្នាំ​រូប​នេះ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​សេវាកម្ម​មនុស្ស​ជាតិ​និង​សង្គមកិច្ច​ពី​សហរដ្ឋ​អាមេរិក។

លោក​បាន​បម្រើ​ការងារ​ដល់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុ​ងតួរ​នាទី​ជា​បុគ្គលិក​ការងារ​សង្គម​កិច្ច​អស់​រយៈ​ពេល​២៥​ឆ្នាំ​ហើយ។

មេបក្ស​រូប​នេះ​មិន​ធ្លាប់​មាន​មហិច្ឆតា​ចូល​ប្រឡូកក្នុង​ឆាក​នយោបាយ​ដើម្បី​បាន​តំណែង​ធំ​ដុំអ្វី​ឡើយ​ក្នុង​ពេល​កន្លង​មក​ប៉ុន្តែ​កត្តា​សង្គម​កម្ពុជា​បាន​បង្ខំ​ចិត្តឱ្យ​លោកត្រូវ​តែ​ចូលរួម​ដោយ​ខាន​មិន​បាន។ ​លោកក្រវ៉ាញ​ ដារ៉នបាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ចូល​នយោបាយ​នេះ​ថា៖

«តាម​ពិត​ទៅ​ខ្ញុំ​ជា ​អ្នក​មនុស្សធម៌​សុទ្ធ​សាធ ​ខ្ញុំ​អត់​ចូលចិត្ត​នយោបាយ​ទេ​ព្រោះអី​ខ្ញុំ​ក៏​មិន​មែន​ជា​អ្នក​នយោបាយ​ដែរ​ប៉ុន្តែ​ដោយសារ​តែ​ការ​ទុក្ខសោក​របស់​ខ្មែរ​កាន់​តែ​ខ្លាំង​ទៅៗ​។ ខ្ញុំ​មាន​បង្កើត​NGOs​ច្រើន​សម្រាប់​ជួយ​ខ្មែរ​ប៉ុន្តែ​ដឹកថ្នាំ​ពេទ្យ​ថ្នាំ​អីមក​រដ្ឋាភិបាល​គេ​ពុករលួយ​ទារ​លុយ​នេះ​លុយ​នោះ​ច្រើន​ពេក​ទៅ​ខ្ញុំ​ហ្នឹ​ងក៏​ធុញ​ថប់​ក្នុ​ង​ជីវិត​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​មាន​តែ​រៀបចំ​សាកល្បង​ធ្វើ​អ្នក​នយោបាយ​ព្រោះ​ខ្ញុំ​អត់​ឃើញ​អ្នក​នយោបាយ​ណា​មួយ​ដែល​ជា​គំរូ​ខ្ញុំ​បាន​ទេ។ អញ្ចឹង​បាន​ខ្ញុំ​សម្រេច​ចិត្ត​ថា​ធ្វើ​នយោបាយ​ខ្លួន​ឯង​តែ​ម្តង​។ ខ្ញុំ​អត់​មាន​ស្ថិត​ក្រោម​នយោបាយ​របស់​អ្នក​ណា​ទាំងអស់»។

ការស្អប់​អំពើ​ពុករលួយ​បាន​ចាក់​ឬសជ្រៅ​ក្នុង​ផ្នត់​គំនិត​របស់​លោក​ក្រវ៉ាញ ដារ៉ន​ហើយ​លោក​បាន​ទប់​ចិត្ត​មិន​បាន​ក្នុង​សម័យ​សាធារណរដ្ឋរបស់​លោក​សេនា​ប្រមុខ​លន់ នល់ ​ដោយ​លោក​បាន​ដឹកនាំ​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ម្នាក់​ដែល​ពុករលួយ​និងគាបសង្កត់​ប្រជា​ពលរដ្ឋ។

គណបក្ស​ខ្មែរ​ឈប់​ក្រ ​មាន​គោល​នយោបាយ​ខុស​ពី​គេ​ក្នុង​រឿង​អន្តោ​ប្រវេសន៍​វៀតណាម។ លោក​ក្រវ៉ាញ ដារ៉ន ​បញ្ជាក់​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​រៀបចំ​ឱ្យ​ជន​ភៀសខ្លួន​វៀតណាម​ចេញ​ពី​ប្រទេស​ខ្មែរ​ទៅ​តាំង​ទីលំនៅ​នៅ​ប្រទេស​ទីបី។
គណបក្ស​ខ្មែរឈប់​ក្រ​មាន​លេខរៀង​ទី៦​លើ​សន្លឹក​ឆ្នោត។

៧ ) គណបក្ស​សង្គ្រោះ ជាតិ (គសជ)

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សមាន​សក្តា​នុពល​ខ្លាំង​និង​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើងដោយ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​និង​គណបក្ស​សម រង្ស៊ី។ គណបក្ស​នេះ​មាន​មេដឹកនាំ​ដែល​មាន​លោក​សម រង្ស៊ី​ជា​ប្រធាន​បក្ស​និង​លោក​កឹម សុខា​ជា​អនុប្រធាន​ហើយ​ត្រូវ​បាន​គណបក្ស​យក​មេដឹកនាំទាំង​ពីរ​មក​ដាក់​ធ្វើ​ការ​ឃោសនា​ទន្ទឹម​គ្នា។ ​

លោក​ សម រង្ស៊ី​ ដែល​ឆ្នាំ​នេះ​មាន​វ័យ​៦៤​ឆ្នាំ​ជា​អ្នក​នយោបាយ​ដែល​ចេញ​ពី​ត្រកូល​វរជន​ក្រុង​ភ្នំពេញ​ដោយ​មាន​ឱពុក​ជាអតីត​ឧបនាយក​រដ្ឋ​មន្ត្រី​គឺ​លោក​ សម សារី។ លោកបាន​សិក្សា​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ខាង​ផ្នែក​គ្រប់​គ្រង​ជំនួញ​និង​មាន​សញ្ញាប័ត្រ​ផ្សេង​ៗ​ទៀត​ខាង​ផ្នែក​គណនីយ​ សេដ្ឋកិច្ច និង​វិទ្យាសាស្រ្ត​នយោបាយ។ លោក​សម រង្ស៊ី​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​ក្នុង​ឆ្នាំ​១៩៨១​តាម​រយៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​មួយ​រយៈ​ខ្លី។

លោក​សម រង្ស៊ី​ក៏​ធ្លាប់​ជា​នាយក​ធនាគារ Paluel-Marmont ​ដែល​ជា​ធនាគារ​មាន​ឯកទេស​ខាង​ស្រាវជ្រាវ​ហិរញ្ញ​វត្ថុ​និង​វិនិយោគ​ភាគហ៊ុន ​និង​ជា​ប្រធាន​នៃ​ក្រុមហ៊ុន​វិនិយោគ​ DR Gestion ​ពីឆ្នាំ​១៩៨៨​ដល់​ឆ្នាំ​១៩៩២​មុន​នឹង​លោក​មក​ចូល​ប្រឡូក​យ៉ា​ង​ពេញ​ទំហឹង​ជាមួយ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ លោក​សម រង្ស៊ី​ទើប​តែ​ត្រូ​វបាន​ព្រះ​មហាក្សត្រ​កម្ពុជា​លើកលែង​ទោស​ទាក់​ទង​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ដែល​លោក​យល់​ថា​បាន​ធ្វើ​ឱ្យ​បាត់​បង់​ដី​ស្រែ​ប្រជា​កសិករនិង​ការ​ផ្សាយ​ឯកសារ​ព្រំដែន​នានា។​

ភរិយា​របស់​លោក​សម រង្ស៊ី ​គឺ​លោក​ស្រី​ជូឡុង សូម៉ូរ៉ា​ក៏​ជា​បេក្ខជន​តំណាង​រាស្ត្រ​ម្នាក់​ដែរ។ គូស្វាមី​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គូ​ជីវិត​និង​ជា​ដៃ​គូ​ក្នុង​ឆាក​នយោបាយ​ក៏​ខ្លាំងមួយ។ លោកសម រង្ស៊ី និង​លោកស្រី​ជូឡុង​ សូម៉ូរ៉ា​ បាន​រៀបការ​ចំនួន​៤២​ឆ្នាំ​ហើយ​ដោយ​មាន​កូន​ចំនួន​៣​នាក់។

មាន​ប្រជាប្រិយ៍​ភាព​ប្រហែល​គ្នា​នេះ​ដែរ​គឺ​លោក​កឹម សុខា​ អនុប្រធាន​គណបក្ស​។ បើ​ទោះបី​ជា​ឆ្លង​កាត់​ព្យុះ​ភ្លៀង​នយោបាយ​ជាច្រើន​ដែល​មាន​ពេល​មួយ​លោក​ត្រូវ​ចាក​ចេញ​ពី​នយោបាយ​មួយ​រយៈ​ពេល​ខ្លី​ទៅ​បង្កើត​អង្គការ​សង្គម​ស៊ីវិល ​ក៏​លោក​កឹម សុខា​ត្រូ​វបាន​គេ​ចងចាំ​ចំពោះ​ទស្សនៈ​មួយ​របស់​លោក​ដែល​ «មិន​យក​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវ​ទេ!»។
ជា​អ្នក​នយោបាយ​ផង​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ដីធ្លី​ផង​លោក​កឹម សុខា​ក៏​ធ្លាប់​ត្រូវ​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​មួយ​រយៈពេល​ខ្លី​ដែរ​មុន​នឹង​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​អន្តរាគមន៍​ដោះ​លែង​គាត់​ចេញ​មក​វិញ។ លោក​ត្រូវ​បាន​អង្គការ​លើក​លែង​ទោស​អន្តរជាតិចាត់​ទុកថា​គឺ​ជា​«អ្នក​ទោស​មនសិការ»។

លោក​កឹម សុខា​ កើត​នៅ​ថ្ងៃទី​២៧​ខែ​មិថុនា ឆ្នាំ​១៩៥៣ ​នៅ​ខេត្ត​តាកែវ​។ លោក​បាន​ចេញ​ដំណើរ​ពី​អ្នក​នយោបាយ​នៅក្នុង​គណបក្ស​សេរីនិយម​ព្រះ​ពុទ្ធ​សាសនា​ និង​បន្ត​មក​គណបក្សលោកតា​សឺនសាន​ពេល​ដែល​មាន​ការបែកប្រេះស្រាំ​នៅ​ក្នុ​ងបក្ស​និង​បាន​ក្លាយ​ជា​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មួយ​រយៈ​ខ្លី​មុន​នឹង​លោក​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ចុង​ក្រោយ​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​លោក​សម រង្ស៊ី​បង្កើត​គណបក្ស​សង្គ្រោះជាតិ។

លោក​កឹម សុខា​មាន​សញ្ញា​ប័ត្រ​អនុបណ្ឌិត​ខាង​ផ្នែក​គីមីវិទ្យា​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីមី​ក្នុង​ទីក្រុង​ប្រាគ ​នៃ​សាធារណរដ្ឋ​ឆេកូ​និង​សញ្ញា​ប័ត្រ​ច្បាប់​ពី​សាកល​វិទ្យាល័យ​ច្បាប់​និង​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​ភ្នំពេញ។

៨ ) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (គសប)

គណបក្ស​ចុងក្រោយ​គេ​នៅ​ក្នុង​សន្លឹក​ឆ្នោត​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ប្រធាន​បក្ស​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​ក្នុង​ចំណោម​ប្រធានគណបក្ស​នយោបាយ​ទាំងអស់។ លោក​ខឹម​ វាសនា​បាន​សម្រេច​ស្នាដៃ​ធំៗ​ជាច្រើន​បន្ទាប់​ពី​លោក​បានបញ្ចប់​ការសិក្សាថ្នាក់​បរិញ្ញាប័ត្រ​ខាង​ផ្នែក​នីតិសាស្រ្ត​ក្នុង​ឆ្នាំ​១៩៩៨​ ដោយ​បាន​ជាប់​ឆ្នោត​ជា​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សម រង្ស៊ី​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៣ ​សម្រាប់​មណ្ឌលព្រៃវែង​ មុន​នឹង​លោក​លាលែង​ចេញ​ពី​គណបក្ស​នេះ​នៅ​ថ្ងៃ​ទី​២៨​ខែកុម្ភៈ ​ឆ្នាំ​២០០៦។​ លោក​បាន​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​ដែល​លោក​បាន​បង្កើត​ឡើង។

កើត​នៅ ​ខេត្ត​ព្រៃវែង​ ក្នុង​ភូមិ​ពានា ​ឃុំ​ក្តឿងរាយ ​ស្រុក​កញ្ចៀច​ ខេត្ត​ព្រៃ​វែង​ មេបក្ស​ដែល​មាន​វ័យ​៤៣​ឆ្នាំ​រូបនេះ​នៅមិន​ទាន់​មានប្រពន្ធ​នៅឡើយ​ទេ។

លោក​ខឹម វាសនា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​ដែល​បាន​ប្រើ​ប្រាស់​ធម្មអាថ៍​ក្នុង​ការ​អប់រំ​ពន្យល់​សមាជិក​និង​អ្នកមក​ចូលរួមស្តាប់​លោក​ឱ្យ​យល់​ស៊ី​ជម្រៅ​អត្ថន័យ​នៃ​ពាក្យ​នយោបាយ។

លោក​តែង​តែ​ជំរុញ​នូវ​គោល​ការណ៍​សំខាន់​មួយ​ដែល​គេ​អាច​ងាយ​ស្រួល​ចាំ​បាន​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​គឺ​ ការ «បន្ថយ​អំណាច​រដ្ឋ​និង​បង្កើត​អំណាច​ជូន​ពលរដ្ឋ»។ ​

លោក​ខឹម វាសនា​ធ្លាប់​បាន​បម្រើ​ការងារ​នៅ ​នាយកដ្ឋាន​កិច្ចការ​នយោបាយ​នៃ​ក្រសួង​មហា​ផ្ទៃ​ពីឆ្នាំ​១៩៩៨​ដល់​ឆ្នាំ​២០០៥ ​ដោយ​ព្យួរ​ការងារ​នេះ​ទុក​មួយ​រយៈ​សិន​ក្នុង​ពេល​ដែល​លោក​កំពុង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នេះ៕
XS
SM
MD
LG