មនុស្សយ៉ាងហោចណាស់ ១០នាក់ដែរបានត្រូវគេសម្លាប់កាលពីព្រឹកថ្ងៃសុក្រនៅវិទ្យាល័យ Santa Fe ក្នុងទីក្រុង Santa Fe រដ្ឋតិចសាស នេះតាមការបញ្ជក់របស់លោក Ed Gonzalez មន្រ្តីប៉ូលិសក្នុងស្រុក Harris ដែលជាស្រុកនៅក្បែរនោះ។
លោក Gonzalez ក៏បាននិយាយដែរថា «ការស្លាប់នោះអាចប្រហែលពីចន្លោះ៨នាក់ទៅ១០នាក់ ភាគច្រើនជាសិស្ស។ ជនសង្ស័យស្ថិតនៅក្នុងការឃុំឃាំងត្រូវបានគេជឿជាក់ថាជាសិស្ស»។
មន្ទីរអប់រំ Santa Fe បានប្រាប់ឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា មានមនុស្សបានត្រូវរបួសក៏ប៉ុន្តែ មិនបានប្រាប់ថាមានចំនួនប៉ុន្មានទេ។
លោក Gonzalez បាននិយាយទៀតថា មន្រ្តីប៉ូលិសម្នាក់បានស្ថិតក្នុងចំណោមអ្នកត្រូវរបួសហើយស្ថានភាពរបួសរបស់លោកមិនទាន់ដឹងនោះឡើយទេ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានពណ៌នាការបាញ់ប្រហារនោះថា «ជាការវាយប្រហារដ៏គួរឲ្យរន្ធត់បំផុត»ដែលជាការវាយប្រហារមួយដែលបានកើតមានឡើងក្នុងប្រទេសនេះជាយូរយាណាស់មកហើយ»។ លោក ត្រាំ បានប្រាប់ជនរងគ្រោះនិងក្រុមគ្រួសាររបស់ពួកគេថា «យើងស្ថិតនៅជាមួយអ្នកនៅក្នុងពេលវេលាដ៏រន្ធត់នេះ ហើយយើងនឹងស្ថិតនៅជាមួយអ្នកជារៀងរហូត»។
លោកប្រធានាធិបតីបានសន្យាដកកាំភ្លើងចេញពីដៃរបស់អ្នកដែលធ្វើការគំរាមកំហែងដល់ខ្លួនពួកគេនិងមនុស្សផ្សេងទៀត»។
ប៉ូលិសនិងអ្នកឆ្លើយតបក្នុងគ្រាអាសន្នត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុនោះ ហើយពួកភ្នាក់ងារសហព័ន្ធមកការិយាល័យសុរា ថ្នាំជក់ កាំភ្លើងនិងគ្រឿងផ្ទុះក៏បានស្ថិតនៅកន្លែងកើតហេតុនោះដែរ៕