នៅក្នុងឆ្នាំ២០១១ ខេត្ត Punjab របស់ប្រទេសប៉ាគីស្ថានបានទទួលរងផលប៉ះពាល់ដោយសារតែការផ្ទុះឡើងនៃជំងឺគ្រុនឈាមយ៉ាងខ្លាំងក្លាមួយ ដែលបានឆ្លងទៅមនុស្សជាង២១.០០០នាក់ និងបានសម្លាប់មនុស្សចំនួន៣៥០នាក់។
មនុស្សប្រមាណជា២.៥០០លាននាក់នៅជុំវិញពិភពលោកកំពុងប្រឈមនឹងគ្រោះថ្នាក់នៃការឆ្លងជំងឺគ្រុនឈាមដែលអាចបណ្តាលឲ្យមានការឡើងកម្តៅក្នុងខ្លួនភ្លាមៗ ការឈឺក្បាលខ្លាំង និងឈឺចាប់ខ្លាំងលើសាច់ដុំ និងសន្លាក់។ សត្វមូសដែលមានផ្ទុកប៉ារ៉ាសិតមេរោគ ចម្លងជំងឺនេះដែលមិនទាន់អាចព្យាបាលជាសះស្បើយ ឬមិនទាន់មានវ៉ាក់សាំងការពារនៅឡើយ។
ដោយសារតែមិនបានត្រៀមខ្លួនទប់ទល់នឹងការផ្ទុះឡើងយ៉ាងលឿននៃជំងឺនេះ មន្ទីរពេទ្យនៅក្នុងខេត្ត Punjab មានអ្នកជំងឺយ៉ាងច្រើនសន្ធឹក។
ចាប់តាំងពីពេលនោះមក អ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិក និងនៅប៉ាគីស្ថានបានបង្កើតប្រព័ន្ធទូរស័ព្ទជំនួយមួយដើម្បីជួយធ្វើការទស្សន៍ទាយពីទំហំនៃការផ្ទុះឡើងនៃជំងឹគ្រុនឈាមនេះ។
អ្នកស្រាវជ្រាវបានបង្កើតកម្មវិធីកុំព្យូទ័រមួយដែលបញ្ចូលព័ត៌មានពីអ្នកទូរស័ព្ទចូលទៅក្នុងប្រព័ន្ធទស្សន៍ទាយនោះ។
មកដល់ពេលនេះ មានមនុស្ស៣០០.០០០នាក់ហើយដែលបានទូរស័ព្ទទៅកាន់ប្រព័ន្ធទូរស័ព្ទគ្រាមានអាសន្ននោះ ដោយបានសួរពីរោគសញ្ញានៃជំងឺនេះ។ ពួកគេក៏បានរាយការណ៍ពីតំបន់ដែលនៅមានទឹក ឬលូទឹកស្អុយបើកចំហ ដែលអាចជាទីបង្កកំណើតរបស់សត្វមូសទាំងនោះ។
លោកស្រី Lakshmi Subramanian សាស្រ្តាចារ្យផ្នែវិទ្យាសាស្រ្តគណិតវិទ្យានៅសាកលវិទ្យាល័យញូវយ៉ក និងជាអ្នកនិពន្ធជាន់ខ្ពស់នៃរបាយការណ៍ស្រាវជ្រាវមួយនេះ។
ផ្អែកលើការហៅទូរស័ព្ទចូលក្នុងប្រព័ន្ធទូរស័ព្ទគ្រាមានអាសន្ន សាស្រា្តចារ្យ Subramanian និយាយថា អ្នកស្រាវជ្រាវបានរកឃើញថាពួកគេអាចធ្វើការទស្សន៍ទាយលើការផ្ទុះឡើងនៃជំងឺនេះបាននៅក្នុងរយៈពេលពីរឬបីសប្តាហ៍មុនពេលមានការផ្ទុះឡើងជាក់ស្តែង ដែលស្ទើរតែអាចតាមដានដឹងយ៉ាងច្បាស់ពីចំនួននៃករណីជំងឺគ្រុនឈាមនៅក្នុងក្រុងនោះ។ លោកស្រីនិយាយថា៖
«នេះមានន័យថា នៅក្នុងតំបន់ជាក់លាក់ទាំងនេះ តួលេខអាចខុសគ្នាពី៥ទៅ៧ ក្នុងរយៈពេលពីរសប្តាហ៍។ វាអាចខុសគ្នាពី១៧ទៅ១៩ក្នុងរយៈពេលពីរ ឬបីសប្តាហ៍។ ប្រព័ន្ធនេះផ្តល់នូវគម្លាតតួលេខជាក់លាក់មួយ ហើយវាច្បាស់ណាស់ មិនមែនត្រឹមតែជាសូចនាករដែលនិយាយថា អូ!ខ្ញុំគិតថាជំងឺនេះនឹងផ្ទុះឡើង ឬក៏ជំងឺនេះអាចនឹងមិនកើតនោះទេ»។
ប្រព័ន្ធដើរដោយកុំព្យូទ័រនេះត្រូវបានគេពិពណ៌នានៅក្នុងអត្ថបទមួយដែលចេញផ្សាយនៅក្នុងព្រឹត្តិបត្រ Science Advances។
ជំងឺគ្រុនឈាមប្រមាណជា៤០០.០០០ករណី ត្រូវបានរាយការណ៍ថា បានកើតឡើងជារៀងរាល់ឆ្នាំ។
ព័ត៌មានដែលបានពីប្រព័ន្ធរូបមន្តនេះអាចនឹងត្រូវបានចែករំលែកយ៉ាងទូលំទូលាយដើម្បីជួយដល់មន្ទីរពេទ្យជាច្រើនក្នុងការត្រៀមខ្លួនសម្រាប់ការផ្ទុះឡើងនៃជំងឺគ្រុនឈាម។ អ្នកនិពន្ធនៃអត្ថបទនេះនិយាយថា ប្រព័ន្ធដែលពឹងផ្អែកលើការហៅទូរស័ព្ទគ្រាមានអាសន្ននេះមានលក្ខណៈសន្សំសំចៃ និងមិនតម្រូវឲ្យមានការប្រមូលនិងវិភាគព័ត៌មានអំពីការកើតឡើងនៃជំងឺនោះទេ។
លោក Nabeel Abdur Rehman អ្នកនិពន្ធទី១នៃការសិក្សាស្រាវជ្រាវនេះនិយាយថា ប្រព័ន្ធទូរស័ព្ទគ្រាមានអាសន្ននេះក៏ត្រូវបានបង្កើតឡើងក្នុងគោលបំណងចង្អុលបង្ហាញនូវការផ្ទុះឡើងនៃជំងឺគ្រុនស្វិតដៃជើងផងដែរ ជាជំងឺដែលត្រូវបានគេលុបបំបាត់រួចហើយនៅទូទាំងពិភពលោក លើកលែងតែនៅក្នុងប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដែលនៅតែមានករណីជំងឺនេះតិចតួចនៅឡើយ។
លោក Rehman ដែលជានិស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យញូវយ៉កនិយាយថា ប្រព័ន្ធផ្សេងទៀតដែលស្រដៀងគ្នានេះអាចនឹងត្រូវបានបង្កើតឡើងដើម្បីកំណត់លើករណីដែលគេសង្ស័យថាជាជំងឺគ្រុនចាញ់ និងជំងឺផ្តាសាយធំផងដែរ។
«ដូច្នេះ ក្នុងកម្រិតណាមួយនោះ វាមានលក្ខណៈទូទៅ និងអាចត្រូវបានគេប្រើនៅក្នុងផ្នែកផ្សេងទៀតនៅក្នុងប្រទេសនេះ និងនៅប្រទេសដទៃទៀត ដោយសារតែវាមានការសន្សំសំចៃ ហើយអាចត្រូវបានបង្កើតឡើងដើម្បីតាមដានជំងឺផ្សេងទៀត»។
ដោយមានព័ត៌មានដែលបានពីប្រព័ន្ធទូរស័ព្ទជំនួ និងការប្រឹងប្រែងទប់ស្កាត់ជំងឺនេះ អាជ្ញាធរនិយាយថា ចំនួននៃករណីជំងឺគ្រុនឈាមនៅក្នុងក្រុង Lahore បានធ្លាក់មកនៅត្រឹម១.៦០០ករណីនៅក្នុងឆ្នាំ២០១៣៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ