ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រកាសទទួលបេក្ខភាពស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធី«ស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០១៩»។ នេះគឺជាការប្រកួតពានរង្វាន់ឆ្នាំទីពីរ ដែលធ្វើឡើងដោយក្រសួងប្រៃសណីយ៍ដើម្បីជំរុញតួនាទីដ៏សកម្មនិងភាពចាំបាច់របស់ស្ត្រីក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីនិងអ្នករៀបចំកម្មវិធី។
អ្នកស្រីយឹម ហួតអេលី អ្នកសម្របសម្រួលគម្រោងនិងជាប្រធានការិយាល័យរដ្ឋបាលនៃនាយកដ្ឋានកម្មវិធីកុំព្យូទ័រនិងមាតិកាព័ត៌មាននៃក្រសួងប្រៃសនីយ៍បានឲ្យ VOA ដឹងថា កាលពីឆ្នាំមុន ក្នុងពេលធ្វើកម្មវិធីនេះលើកដំបូងមានបេក្ខភាពស្ត្រី ដែលមានសក្កានុពលជាច្រើន ដែលក្រសួងពុំអាចជ្រើសរើសបានដោយហេតុថា ក្រសួងនៅមានភាពខ្វះខាតខាងផ្នែកប្រភេទពានរង្វាន់សម្រាប់ស្ត្រីដែលមានសមត្ថភាពផ្សេងៗគ្នា។
អ្នកស្រីអេលី បានបន្តថា៖
«អ៊ីចឹងហើយ យើងក៏មានគំនិតបង្កើត Category ថែមទៀតដើម្បីឲ្យត្រូវនិងស្របជាមួយស្ត្រីផ្សេងទៀតដើម្បីឲ្យគាត់មានសមត្ថភាពលើហ្នឹងដែរ»។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានបទសំខាន់សម្រាប់ការប្រកួតប្រជែងឆ្នាំ២០១៩ គឺផ្តោតទៅលើ«ស្ត្រីកម្ពុជាដើម្បីការផ្លាស់ប្តូរឌីជីថល» ដែលមានពានរង្វាន់៥ប្រភេទសម្រាប់បេក្ខនារីដែលចូលរួមដែលក្នុងនោះ។ ទីមួយគឺសហគ្រិនឆ្នើមស្ត្រីក្នុងបច្ចេកវិទ្យា ឬ Cambodian Woman ICT Entrepreneur Award ទីពីរ វិស្វករស្ត្រីជោគជ័យក្នុងជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬ Cambodian Woman ICT Engineer Award ទីបី ស្ត្រីដែលបានចូលរួមជំរុញនូវការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់អភិវឌ្ឍសង្គម ឬ សហគមន៍ជាភាសាអង់គ្លេសថា Cambodian Woman ICT for Community Award ទីបួនស្ត្រីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត Digital Multimedia and Content Award និងចុងក្រោយគឺពន្លកថ្មី ឬ Girl Innovator ។ បេក្ខនារីទាំងអស់នឹងត្រូវអញ្ជើញឱ្យចូលរួមប្រកួតប្រជែងនៅថ្ងៃទី១៥មីនាឆ្នាំ២០១៩ខាងមុខ។
អ្នកស្រីយឹម ហួតអេលី បញ្ជាក់បន្ថែមថា កម្មវិធីស្ត្រីក្នុងវិស័យបច្ចេកវិទ្យាឆ្នាំនេះខុសប្លែកពីឆ្នាំមុនត្រង់ថា មានប្រភេទពានរង្វាន់កត្តិយសពីរត្រូវបានបញ្ចូលហើយពានរង្វាន់នេះបែកចែកជាពីរមុខគឺស្ត្រី ដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត និងពន្លកថ្មី។
ប្រភេទពានរង្វាន់ចុងក្រោយគឺពន្លកថ្មីផ្តោតទៅលើស្ត្រីវ័យក្មេងដែលមានអាយុក្រោម១៨ឆ្នាំ ហើយពានរង្វាន់បួនដទៃទៀតតម្រូវឲ្យបេក្ខនារីដែលចូលរួមមានអាយុលើស១៨ឆ្នាំ និងមានជំនាញបច្ចេកវិទ្យាពីការប្រើប្រាស់ក្នុងអាជីពពួកគេ។
អ្នកស្រី អេលី ថ្លែងថា៖
«និស្សិតក៏អាចបានដែរដូចជាគាត់ជា Blogger ជា Youtuber។ គាត់អាចបង្កើតជាContent មួយនៅក្នុង Facebook នៅក្នុង Social Media។ គាត់ក៏អាចចូលរួមបានដែរនៅក្នុង category ទីបួន»។
លោកកាន់ ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បាននិយាយថា រដ្ឋាភិបាលកំពុងចាប់អារម្មណ៍ទៅនឹងតួនាទីដ៏សំខាន់និងការកើនឡើងនៃការចូលរួមរបស់ស្ត្រីក្នុងការធ្វើឲ្យមានការរីកចម្រើនឡើងនូវវិស័យបច្ចេកវិទ្យានិងសេដ្ឋកិច្ចជាតិ។
«ម៉្យាងវិញទៀត ការរៀបចំកម្មវិធីនេះក៏ជាការកៀរគរការចូលរួមពីគ្រប់តួអង្គដើម្បីសម្រេចនូវគោលដៅផ្លាស់ប្តូរទៅជាឌីជីថលនិងគោលដៅយុទ្ធសាស្ត្រកំណត់ក្នុងគោលនយោបាយ អភិវឌ្ឍន៍ វិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានឆ្នាំ២០២០។ យើងសូមលើកទឹកចិត្តឲ្យស្ត្រីចូលរួមកាន់តែច្រើន»។ នេះបើយោងតាមសម្តីរបស់លោកកាន់ ច័ន្ទមេត្តា ដែលបានដកស្រង់ចេញពីសេចក្តីប្រកាសព័ត៌មានស្តីពីស្ត្រីក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០១៩។
កាលពីឆ្នាំ២០១៨កន្លងទៅ ស្ត្រីខ្មែរ៣រូបក្នុងចំណោម៣០រូប ដែលបានចូលរួមប្រកួតប្រជែងបានទទួលពានរង្វាន់ពីកម្មវិធីនេះ។ ជ័យលាភីទាំងបីនោះ គឺពានរង្វាន់ស្រ្តីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម ឬសហគមន៍បានទៅលើកញ្ញាចន្ទ ពេញល័ក្ខ ពានរង្វាន់វិស្វករស្រ្តីជោគជ័យក្នុងជំនាញបច្ចេកវិទ្យាបានទៅលើអ្នកស្រីហ្វាត ស៊ីអែម ប្រធានផ្នែករៀបចំគម្រោងទិន្នន័យក្នុងក្រុមហ៊ុនទូរគមនាគមន៍ និងពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាកញ្ញា ឡុង លក្ខិណា ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន«ជូនអ្នក»។
កញ្ញាស្រ៊ុន សុវណ្ណ ដែលជានាយិកាប្រតិបត្តិការនៃក្រុមហ៊ុនបច្ចេកវិទ្យាអប់រំមួយឈ្មោះ Edemy បាននិយាយថា កម្មវិធីនេះជាដំណោះស្រាយចំពោះវត្តមានដ៏តិចតួចនៃការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងមានសក្ដានុពលនេះ។
«អ៊ីចឹងបើយើងមានកម្មវិធី ដែលឆ្លុះបង្ហាញពីសមិទ្ធផលរបស់ស្ត្រី អាហ្នឹង វាអាចជួយឲ្យខាងអ្នកផ្សេងហ្នឹងមើលឃើញកាន់តែច្រើន ហើយនៅពេលដែលយើងមានការឆ្លុះបញ្ចាំងអ៊ីចឹង កាន់តែច្រើន វាអាចជួយលើកទឹកចិត្តស្ត្រីដទៃទៀត ដែលសព្វថ្ងៃហ្នឹងគាត់ធ្វើអីបានខ្លះ ពីព្រោះពេលខ្លះ គាត់អត់មានស្ត្រីដែលជាគំរូ ដែលគាត់ដឹងរឿងរ៉ាវរបស់គាត់ អ៊ីចឹងគាត់អត់ដឹងថា ស្ត្រីអាចដើរដល់ណាទេ»។
ក្រៅពីការស្នើបេក្ខភាពស្ត្រីពីសាធារណជន បេក្ខនារីក៏អាចស្នើបេក្ខភាពផ្ទាល់ខ្លួនបានដែរ។ ប៉ុន្តែបេក្ខនារី ដែលចូលរួមប្រកួតយករង្វាន់ទាំង៥ប្រភេទនេះត្រូវមានភាពជាអ្នកដឹកនាំនិងមានសក្កានុពលបច្ចេកវិទ្យា។ ពួកគេក៏អាចប្រើប្រាស់ជំនាញរបស់ពួកគេដើម្បីបម្រើការក្នុងស្ថាប័នអាជីព និងសហគមន៍របស់ពួកគេរហូតមកដល់បច្ចុប្បន្ននេះ។
បេក្ខនារីកម្ពុជាទាំងអស់មានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធីនេះ ហើយអ្នកចូលរួមតម្រូវឲ្យមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចំណាយពេល និងការខិតខំប្រឹងប្រែងក្នុងការស្វះស្វែងរកដំណោះស្រាយក្នុងវិស័យណាមួយនៃបច្ចេកវិទ្យាសម្រាប់យកមកបម្រើផលប្រយោជន៍សង្គមកម្ពុជាជារួម៕