ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាង Thunberg សកម្មជន​វ័យ​ក្មេង​ខាង​បរិស្ថាន ​បាន​ស្តីបន្ទោស​ពួក​មេដឹកនាំ​ចំពោះ​ការ​មិន​ចាត់​វិធានការ​ពី​ការ​ឡើង​កម្តៅ​ផែនដី


នាង Greta Thunberg សកម្មជន​បរិស្ថាន ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ផែនការ​អាកាសធាតុ នៅ​ក្នុង​មហាសន្និបាត​អ.ស.ប. នៅ​ទីស្នាក់ការ​អ.ស.ប.​ កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
នាង Greta Thunberg សកម្មជន​បរិស្ថាន ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ផែនការ​អាកាសធាតុ នៅ​ក្នុង​មហាសន្និបាត​អ.ស.ប. នៅ​ទីស្នាក់ការ​អ.ស.ប.​ កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

នាង Greta Thunberg សកម្មជន​វ័យ​ក្មេងខាង​បរិស្ថាន​ជាតិ​ស៊ុយអែត បាន​ស្តី​បន្ទោស​ពួក​មេដឹកនាំ​ពិភពលោក​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ដោយ​បាន​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​ខាង​អាកាសធាតុ​ដោយ​និយាយ​ថា មនុស្ស​កំពុង​រងគ្រោះ​និង​ស្លាប់​ពី​ផល​ប៉ះពាល់​នៃ​ការ​ឡើង​កម្តៅ​ផែន​ដី​ហើយ​ថា មេដឹកនាំ​ទាំងអស់ ​បាន​សន្យា​តែ​មាត់។

នាង Thunberg ដែល​បាន​ចាប់​ផ្តើម​ចលនា​យុវជន​មួយ​ដោយ​មាន​កូដកម្ម​នៅ​តាម​សាលា​រៀន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​ឲ្យ​មាន​ចំណាត់ការ​ខាង​អាកាសធាតុ ​បាន​និយាយ​ថា ​យើង​បាន​ស្ថិត​នៅ​ក្នុងការ​ចាប់​ផ្តើម​នូវ​វិនាសកម្ម​ដ៏​ធំ​មួយ ​ហើយ​មេដឹកនាំ​ទាំងអស់ ​និយាយ​តែ​អំពី​ប្រាក់។

នាង​បាន​និយាយ​ទៀត​ថា វិទ្យាសាស្រ្ត ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​កាល​ពី​ឆ្នាំ​៣០​ឆ្នាំ​មុន ​ហើយ​នៅ​តែ​ពួក​មេដឹកនាំ ​មិន​បាន​ធ្វើ​ឲ្យ​ល្មម​គ្រប់​គ្រាន់។

នាង Thunberg និយាយ​ក្នុង​សំឡេង​ប្រកប​ដោយ​ការ​រំជួល​ចិត្ត​ថា «អស់​លោក កំពុង​ធ្វើឲ្យ​យើង​ខកចិត្ត។ ក៏ប៉ុន្តែ ​យុវជន​ក្មេងៗ ​កំពុង​ចាប់​ផ្តើម​ដឹង​ពី​ការ​ក្បត់​របស់​អស់​លោក​ហើយ។ មនុស្ស​ជំនាន់ថ្មី ​កំពុង​សំឡឹង​មើល​អស់​លោក។ ហើយ ប្រសិន​បើ ​អស់​លោក ​ជ្រើសរើសធ្វើ​ឲ្យ​យើង​ខក​ចិត្ត។ ខ្ញុំ ​និយាយ​ថា ​យើង​នឹង​មិន​អនុគ្រោះ​ឲ្យ​ពួក​អស់​លោក​ទេ»។

សកម្មជន​អាយុ​១៦​ឆ្នាំ​រូបនេះ ​បាន​ព្រមាន​ប្រធានា​ធិបតី​និង​នាយក​រដ្ឋមន្រ្តី​ជាង​៦០​រូប​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​សាល​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដើម្បី​ចូលរួម​មហាសន្និបាត​ដែល​នាង​នឹង​មិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ទាំង​នេះ គេច​ផុត​ពី​បញ្ហា​នេះ។

លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ​បាន​មាន​ប្រសាសន៍​ថា «មនុស្ស​ជំនាន់​របស់​ខ្ញុំ ​មិន​បាន​ទទួល​ខុស​ត្រូវ​ដើម្បី​ការពារ​ផែនដី​របស់​យើង​ទេ»៕

XS
SM
MD
LG