នៅថ្ងៃចន្ទនេះ មេដឹកនាំនានាមកពីជុំវិញពិភពលោកជួបជុំគ្នានៅក្នុងទីក្រុង New York ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ស្របពេលដែលអ្នកវិទ្យាសាស្ត្របានជំរុញឲ្យមានការចាត់វិធានការពោរពេញដោយមហិច្ឆតាបន្ថែមទៀតដើម្បីសម្រេចឲ្យបាននូវគោលដៅនៃការកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីមកពីប្រទេសចំនួនប្រហែល ៦០ គ្រោងនឹងថ្លែងសុន្ទរកថាអំពីប្រធានបទមួយចំនួនដូចជាការឈប់ប្រើធ្យូងថ្ម ហើយងាកទៅប្រើថាមពលកកើតឡើងវិញ ការការពារ និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងថវិកាសម្រាប់បញ្ហាប្រែប្រួលអាកាសធាតុជាដើម។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងមិនចូលរួមនៅក្នុងកិច្ចប្រជុំនេះទេ។ នៅថ្ងៃចន្ទនេះ លោកនឹងចូលរួមនៅក្នុងការប្រជុំរបស់អង្គការសហប្រជាជាតិស្ដីពីការធ្វើទុក្ខបុកម្នេញលើអ្នកកាន់សាសនាភាគតិច ជាពិសេសអ្នកកាន់គ្រិស្តសាសនា មុនពេលលោកជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយមេដឹកនាំមកពីប្រទេសប៉ាគីស្ថាន ប៉ូឡូញ នូវែលសេឡង់ សិង្ហបុរី អេហ្ស៊ីប និងកូរ៉េខាងត្បូង។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres គ្រោងនឹងលើកឡើងអំពីសារៈសំខាន់នៃកិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុនេះ និងដេញដោលមេដឹកនាំនានាឲ្យ «បង្កើតគម្រោងជាក់លាក់» មិនមែនត្រឹមតែ «ថ្លែងសុន្ទរកថាឲ្យបានតែល្អមើល» នោះទេ។
នៅមុនកិច្ចប្រជុំនេះចូលមកដល់ អង្គការសហប្រជាជាតិបានចេញផ្សាយនូវរបាយការណ៍មួយរបស់អង្គការឧតុនិយម ដែលបង្ហាញថា មានការកើនឡើងនូវការបំពុលឧស្ម័នកាបូន កម្រិតទឹកសមុទ្រកើនឡើង សីតុណ្ហភាពពិភពលោកក្ដៅជាងមុន និងការរលាយផ្ទាំងទឹកកក៕