នៅថ្ងៃចន្ទនេះប្រទេសចិនបាននិយាយថាខ្លួនជំទាស់នឹងការទាក់ទងគ្រប់យ៉ាងរវាងមេដឹកនាំតៃវ៉ាន់និងក្រុមមន្ត្រីស.រ.អា. មួយថ្ងៃក្រោយពីលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានជួបជាមួយលោក Ted Cruz សមាជិកព្រឹទ្ធសភាស.រ.អា.និងលោក Greg Abbott អភិបាលរដ្ឋ Texas។
លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយប្រាប់ពួកអ្នកកាសែតថាប្រទេសចិនប្រឆាំងនឹងសកម្មភាពទាំងឡាយណាដែល «ជ្រៀតជ្រែកក្នុងទំនាក់ទំនងរវាងប្រទេសចិននិងស.រ.អា.និងធ្វើឱ្យខូចដល់ទំនាក់ទំនងនេះ»។
ជំនួបនេះបានកើតមានឡើងនៅក្នុងក្រុង Houston ដែលលោកស្រី Tsai បានឈប់សំចតនៅទីនោះនៅពេលលោកស្រីធ្វើដំណើរទៅកាន់ទ្វីបអាមេរិកកណ្តាល។
លោក Cruz បាននិយាយក្នុងពេលខ្លីនៅមុនមានកិច្ចចរចានេះថា គណៈប្រតិភូសភា Houston បានទទួលអ្វីដែលលោកបានហៅថាជាសំបុត្រ «ងឿងឆ្ងល់» មួយពីស្ថានកុងស៊ុលចិនសុំកុំឱ្យពួកគេជួបជំនុំជាមួយប្រធានាធិបតីកោះតៃវ៉ាន់។
លោក Cruz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សាធារណរដ្ឋប្រជាមានិតចិនគួរតែយល់ថានៅក្នុងប្រទេសអាមេរិក យើងធ្វើសេចក្តីសម្រេចដោយខ្លួនយើងដើម្បីជួបជាមួយពួកភ្ញៀវ។ ពួកចិនគ្មានអំណាចវ៉េតូជំទាស់អំពីនរណាដែលយើងត្រូវជួបជាមួយទេ។ យើងនឹងបន្តជួបជាមួយជនទាំងឡាយណាដែលយើងយល់ថាស័ក្តិសមជួបជាមួយដោយមានរួមបញ្ចូលទាំងពួកតៃវ៉ាន់ផងដែរ»៕