ប្រធានគណៈកម្មាធិការជាតិរបស់គណបក្សសាធារណរដ្ឋ បានហៅលោក Donald Trump ថាជាបេក្ខជនតំណាងឲ្យគណបក្សសម្រាប់ការការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបន្ទាប់ពីលោក បានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារនៅក្នុងរដ្ឋ Indiana។
លោកTrump បានទទួលសន្លឹកឆ្នោត៥៣ ភាគរយ ដោយលោក Ted Cruz សមាជិកព្រឹទ្ធសភារដ្ឋតិចសាស ស្ថិតក្នុងលំដាប់ទី២ដោយបានទទួលសន្លឹកឆ្នោត៣៧ ភាគរយហើយលោក John Kasichអភិបាលរដ្ឋ Ohio ស្ថិតនៅពីក្រោយឆ្ងាយដោយបានទទួលសន្លឹកឆ្នោត៧ភាគរយ។
ក្រោយពីមិនបានទទួលជ័យជម្នះ នៅក្នុងរដ្ឋដ៏សំខាន់នេះដើម្បីបញ្ឈប់លោក Trump កុំឲ្យទទួលបានប្រតិភូគ្រប់គ្រាន់ដើម្បីក្លាយជាបេក្ខជនឈរឈ្មោះ ប្រធានាធិបតី លោក Cruzបានដកខ្លួនចេញពីការប្រកួតប្រជែង។ លោកបានប្រាប់អ្នកគាំទ្ររបស់លោកថា «ផ្លូវឆ្ពោះទៅកាន់ជ័យជម្នះរបស់លោក បានបិទហើយ» ហើយអ្នកបោះឆ្នោត បានធ្វើការជ្រើសរើសផ្សេង។
លោក Trump បានហៅការឈ្នះរបស់លោកនៅក្នុងរដ្ឋ Indiana ថាជាជ័យជម្នះដ៏អស្ចារ្យ។ លោក បានអបអរលោក Cruz ដោយនិយាយថាលោកនិងបេក្ខជនគណបក្សសាធារណរដ្ឋផ្សេងទៀត ជាអ្នកប្រកួតប្រជែងមានភាពវ័យឆ្លាតនិងស្វិតស្វាញ។ លោក Trump ក៏បានអំពាវនាវឲ្យមានសាមគ្គីភាពនៅក្នុងគណបក្សផងដែរ។
លោក Reince Priebus ប្រធានគណៈកម្មាធិការជាតិរបស់គណបក្សសាធារណរដ្ឋ មានមតិស្រដៀងគ្នានេះដែរកាលពីយប់ថ្ងៃអង្គារ ដោយនិយាយថាគណបក្សសាធារណរដ្ឋ ត្រូវតែរួបរួមគ្នាដើម្បីផ្តួលលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតសាកលនៅក្នុងខែវិច្ឆិកា។
អ្នកនាំពាក្យលោក Kasichអភិបាលរដ្ឋ Ohio បាននិយាយថា លោកអភិបាលរដ្ឋ នៅតែមានបំណងប្រយុទ្ធនៅឯសន្និបាតរបស់គណបក្សសាធារណរដ្ឋនៅខែ កក្កដាដែលនៅទីនោះលោក សង្ឃឹមថា នឹងត្រូវបានទទួលការតែងតាំងនៅក្នុងការបោះឆ្នោតលើកទី២ឬលើកទី៣៕