ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់តៃវ៉ាន់ គឺ Foxconn និងក្រុមហ៊ុនផលិតឧបករណ៍គ្រឿងអេឡិចត្រូនិកតៃវ៉ាន់ហៅកាត់ TSMC បានប្រកាសនៅថ្ងៃចន្ទថា ក្រុមហ៊ុននីមួយៗ នឹងបរិច្ចាគវ៉ាក់សាំងកូវីដចំនួន៥លានដូស ដល់រដ្ឋាភិបាលតៃវ៉ាន់ក្នុងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងដែលមានមូលដ្ឋាននៅប្រទេសចិន។
រដ្ឋាភិបាលក្រុងតៃប៉ិ កំពុងតស៊ូរកវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួន ហើយឋានៈខាងនយោបាយមិនប្រាកដប្រជារបស់ដែនដីនេះ គឺជាឧបសគ្គដ៏ធំ។
នៅពេលរដ្ឋាភិបាលតៃប៉ិ និងរដ្ឋាភិបាលទីក្រុងប៉េកាំង ចោទប្រកាន់គ្នាទៅវិញទៅមកអំពីការធ្វើកិច្ចព្រមព្រៀងវ៉ាក់សាំង ក្រុមហ៊ុន Foxconn និង TSMC បានឈានមុខគេជាមួយនឹងដំណោះស្រាយទុកមុខទុកមាត់ទាំងសងខាង គឺទិញថ្នាំរបស់Pfizer-BioNTech ពីក្រុមហ៊ុនចែកចាយរបស់ប្រទេសចិន និងបរិច្ចាគទៅតៃវ៉ាន់។
លោក Terry Gou ស្ថាបនិកក្រុមហ៊ុន Foxconn បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំនិងក្រុមរបស់ខ្ញុំយល់ពីការព្រួយបារម្ភនិងក្តីរំពឹងទុករបស់សាធារណជនទៅលើវ៉ាក់សាំង ហើយយើងមានអារម្មណ៍ធូរស្បើយក្នុងការផ្តល់ដំណោះស្រាយដល់សាធារណជនដោយបានចុះកិច្ចសន្យាលើបញ្ហានេះ»។
លោកបាននិយាយថា៖ «អាជ្ញាធរក្រុងប៉េកាំង មិនបានផ្តល់ការណែនាំ ឬការជ្រៀតជ្រែកក្នុងដំណើរការទទួលវ៉ាក់សាំងនោះទេ» ដោយលោកបន្ថែមថា វ៉ាក់សាំងនេះ នឹងត្រូវដឹកដោយផ្ទាល់ចេញពីក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់។
ក្រុមហ៊ុន Foxconn និង TSMC ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងបន្ទះអេឡិចត្រូនិកច្រើនជាងគេបំផុតក្នុងពិភពលោកបាននិយាយថា ក្រុមហ៊ុននីមួយៗ នឹងចំណាយ១៧៥លានដុល្លារ ទិញវ៉ាក់សាំង។
ថ្នាក់ដឹកនាំផ្តាច់ការនៅទីក្រុងប៉េកាំង ចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងតាមប្រជាធិបតេយ្យ គឺជាផ្នែកមួយនៃបូរណភាពដែនដីរបស់ចិន ហើយបានប្តេជ្ញាថា នឹងយកកោះនេះដោយប្រើកម្លាំង ប្រសិនបើចាំបាច់។ ប្រទេសចិន ព្យាយាមធ្វើឱ្យកោះតៃវ៉ាន់នៅដាច់ឆ្ងាយពីអន្តរជាតិរួមទាំងរារាំងទំនាក់ទំនងដែនដីនេះជាមួយអង្គការសុខភាពពិភពលោក។
រដ្ឋាភិបាលក្រុងតៃប៉ិ បានព្យាយាមទិញវ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ដោយផ្ទាល់ពីប្រទេសអាល្លឺម៉ង់ ប៉ុន្តែ ក្រុមហ៊ុន Fosun Pharma ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ មានសិទ្ធិចែកចាយផ្តាច់មុខសម្រាប់ប្រទេសចិន ក្រុងហុងកុង ក្រុងម៉ាកាវ និងតៃវ៉ាន់៕