បន្ទាប់ពីចូលបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុល ស្នើឱ្យអយ្យការច្រានចោលពាក្យបណ្តឹងរបស់រដ្ឋាភិបាល ព្រោះលោកយល់ឃើញថា អ្វីដែលលោកបានអត្ថាធិប្បាយជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុនអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាសេរីភាពនៃការសម្តែងមតិ។
នៅពេលផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ មេដឹកនាំនយោបាយជំទាស់រូបនេះបានទទួលស្គាល់ថា សម្តីរបស់លោក ដែលបានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន Nikkei Asia ដែលមានមូលដ្ឋានក្នុងប្រទេសជប៉ុនកាលពីខែកុម្ភៈនោះ គឺ៨០%ជាពាក្យពិត។
លោកបន្ថែមថា អតា្ថធិប្បាយរបស់លោកធ្វើឡើងគ្រាន់តែជាការប្រៀបធៀបអំពីស្ថានភាពប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្នគឺ លោក ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រី គឺលោកហ៊ុន សែន។
លោកទាវ វណ្ណុលប្រាប់អ្នកសារព័ត៌មានថា៖ «ពាក្យដែលខ្ញុំបាននិយាយ នៅក្នុងបទសម្ភាសន៍ហ្នឹង ដូចខ្ញុំបានលើកអ៊ីចឹងវា៨០% ជាពាក្យពិតរបស់ខ្ញុំ។ ពាក្យសម្តីរបស់ខ្ញុំមែន»។
លោកបន្ថែមថា៖ «ខ្ញុំនិយាយការណ៍ពិត។ ការណ៍ពិតនៅក្នុងសង្គមយើង។ ខ្ញុំសង្កេតឃើញជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំ តាំងពីឯកឧត្តមធិបតី ហ៊ុន ម៉ាណែត បានឡើងមកកាន់តួនាទីហ្នឹង ការរឹតត្បិត ការចាប់សកម្មជនគណបក្សប្រឆាំង ហើយអ្នកសម្តែងមតិ ក្នុងហ្នឹង ខ្ញុំបានលើកករណីលោក នី ណាក់ អីអ៊ីចឹង។ វាកាន់តែអាក្រក់ទៅ»។
មេដឹកនាំគណបក្សជំទាស់រូបនេះបានបដិសេដថា លោកមិនបាននិយាយចោទរាជរដ្ឋាភិបាលថាបានដាក់កាមេរ៉ានៅមុខផ្ទះរបស់លោកដើម្បីឃ្លាំមើលជីវិតផ្ទាល់ខ្លួនរបស់លោក២៤ម៉ោងនោះទេ ប៉ុន្តែលោកថា អាជ្ញាធរទើបជាអ្នកដាក់កាមេរ៉ានោះ។
លោកបន្ថែមថា៖ «ខ្ញុំបានស្នើសុំអយ្យការ លោកទម្លាក់ចោលការចោទ បទចោទហ្នឹង ហើយសុំឱ្យលោកអយ្យការទៅពិនិត្យដល់ទីកន្លែងផ្ទាល់ ដែលគេបានកាមេរ៉ានៅមុខផ្ទះថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន»។
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ត្រូវបានមេធាវីតំណាងរាជរដ្ឋាភិបាល គឺលោក ផូ សុធាផល និងលោក ម៉ម ចាន់ណែត ប្តឹងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ពាក់ព័ន្ធនឹងការផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia ក្នុងប្រទេសជប៉ុន និងការផ្សាយបន្តរបស់វិទ្យុបារាំង (RFI) អំឡុងពេលលោកស្ថិតនៅក្នុងប្រទេសជប៉ុន កាលពីខែកុម្ភៈ។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក ទាវ វណ្ណុល ថ្លែងថា បើតាមផ្លូវច្បាប់ កាលណាកូនក្តីរបស់លោកនិយាយពាក្យពិត គឺមិនមានកំហុសនោះទេ។
លោកថ្លែងថា៖ «កាលណាអ្វីដែលលើកឡើង នៅចំពោះមុខទីសាធារណៈ ឬក៏អ្វីដែលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានជារឿងពិត វាមិនមានកំហុសទេ។ ទោះបីអ្វីលើកឡើងនោះ ប៉ះពាល់កិត្តិយសក៏ដោយ។ ផ្លូវច្បាប់លុះត្រាតែអ្វីដែលលើកហ្នឹងមិនពិតហើយប៉ះពាល់កិត្តិយសទើបមានកំហុស»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
ប្រធានក្រុមមេធាវីការពារក្តីរបស់រដ្ឋាភិបាល លោក គី តិច បញ្ជាក់ប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ជាទូទៅ លោក ទាវ វណ្ណុល ត្រូវខំប្រឹងឆ្លើយដោះបន្ទុក ឯមេធាវីរាជរដ្ឋាភិបាល ជាដើមបណ្តឹង មានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុក»។
លោកបានបន្ថែមថា៖ «ចំពោះភស្តុតាង ត្រឹមត្រូវ ឬមិនត្រឹមត្រូវ ជាការពិនិត្យសម្រេចដោយអយ្យការ និងតុលាការ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូអេថា ក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ អ្នកនយោបាយឬពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យបញ្ចេញមតិ ហើយបើមានការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាននេះ ផលប៉ះពាល់ជាអវិជ្ជមាននឹងកើតមានទៅលើគោលការណ៍គ្រឹះលទ្ធិប្រជាធិបតេយ្យដែលផ្តល់តម្លៃលើសេរីភាពភាពនៃការបញ្ចេញមតិ។
លោកលើកឡើងថា៖ «យើងឃើញថានៅប្រទេសប្រជាធិបតេយ្យ គេមិនដាក់ទោសទណ្ឌអ្នកដែលប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិទៅលើរឿងព្រហ្មទណ្ឌទេ ព្រោះអាហ្នឹងជាការណ៍មួយដែលរដ្ឋាភិបាលត្រូវតែលើកទឹកចិត្តឱ្យមនុស្ស ឬប្រជាពលរដ្ឋគេហ្នឹងមានឱកាសក្នុងការនិយាយ ក្នុងការបង្ហាញពីអ្វីដែលគេមិនសប្បាយចិត្តជាមួយហ្នឹងការអនុវត្តរបស់រដ្ឋាភិបាល»។
មេដឹកនាំសមាគមការពារសិទ្ធិមនុស្សរូបនេះស្នើឱ្យរដ្ឋាភិបាលបើកលម្ហសេរីភាពឱ្យបានទូលំទូលាយ ដើម្បីឱ្យពលរដ្ឋអាចសម្តែងមតិ ដោយមិនមានការភ័យខ្លាច៕
វេទិកាបញ្ចេញមតិ