ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី ​ស្នើ​តុលាការ​​លើក​ពេល​​​ឱ្យលោក​ ទាវ វណ្ណុល​ចូល​បំភ្លឺ​​​


លោក​ ទាវ វណ្ណុល​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​  ផ្តល់​បទសម្ភាស​ដល់​​ VOA​ អំពី​វិសោធនកម្ម​ច្បាប់​ស្តី​អំពី​គណបក្ស​នយោបាយ​ នៅ​ទីស្នាក់​ការគណបក្ស​សង្គ្រោះជាតិ​, នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃទី​១៩​ ខែកក្កដា​​ ឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)
លោក​ ទាវ វណ្ណុល​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​  ផ្តល់​បទសម្ភាស​ដល់​​ VOA​ អំពី​វិសោធនកម្ម​ច្បាប់​ស្តី​អំពី​គណបក្ស​នយោបាយ​ នៅ​ទីស្នាក់​ការគណបក្ស​សង្គ្រោះជាតិ​, នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃទី​១៩​ ខែកក្កដា​​ ឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)

មេធាវី​របស់ប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក​ ទាវ វណ្ណុល ​ស្នើតុលាការពន្យារ​ពេល​ឱ្យ​កូនក្តី​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ដំណើរ​រឿង​ធ្វើ​ឱ្យប៉ះពាល់​ដល់​កិត្តិយស​ប្រមុខ​រដ្ឋា​ភិបាល​ ដោយ​ហេតុ​ថា​ កូនក្តី​របស់​លោក​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​។

ក្នុង​ពាក្យសុំ​ពន្យារ​ពេល​របស់​លោក​មេធាវី ជូង ជូងី ​ចេញ​នៅ​ថ្ងៃទី​៨​ ខែមេសា និង​ត្រូវ​បាន​គណបក្ស​ភ្លើង​ទៀន​យក​មក​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម ​នៅថ្ងៃ​អង្គារ​នេះ​ ​បញ្ជាក់​ពី​មូលហេតុ​ថា ៖ ​លោក ទាវ វណ្ណុល មាន​ភារកិច្ច​នៅ​ក្រៅ​ប្រទេស​ មិន​ទាន់​វិល​ត្រឡប់​មក​ប្រទេសវិញ។

លោក​ ទាវ​ វណ្ណុល ​ប្រធាន​គណបក្ស​ភ្លើងទៀន ​ត្រូវ​បាន​មេធាវី​តំណាង​រាជ​រដ្ឋាភិបាល​ គឺ​លោក ផូ សុធា​ផល និង​លោក ម៉ម ចាន់​ណែត ​ប្តឹង​កាល​ពី​ថ្ងៃទី​១៤ ខែកុម្ភៈ ​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​បទ​សម្ភាសន៍​ជាមួយសារ​ព័ត៌មាន​Nikkei Asia​ ក្នុង​ប្រទេស​ជប៉ុន និងវិទ្យុ​បារាំង​ (RFI) ​អំឡុង​ពេល​លោក​ស្ថិតនៅ​ប្រទេស​ជប៉ុន កាល​ពីខែកុម្ភៈ​កន្លងទៅ។​ នេះបើតាម​គណបក្ស​ភ្លើងទៀន។​

បើ​តាមដីកា​កោះ​លើក​ទី២​ ចេញ​ដោយ​លោក ប្លង់ សុផល ​តំណាង​អយ្យការអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ចុះថ្ងៃទី​២១ ខែមីនា លោក ប្លង់ សុផល​ បាន​កោះ​ហៅ​លោក ​ទាវ​ វណ្ណុល​ ដើម្បី​សាកសួរ​នៅ​ថ្ងៃទី១០ ខែ​មេសា ​ឆ្នាំ​២០២៤ វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក ​ពី​ករណីធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រមុខរាជរដ្ឋា​ភិបាល​ និង​រាជ​រដ្ឋាភិបាល​។

វីអូអេ​មិនអាច​សុំការ​បញ្ជាក់​ពី​លោក ប្លង់ សុផល ​តំណាង​អយ្យការ​ បាន​នៅ​ឡើយទេ ជុំវិញ​ការ​ស្នើ​សុំពន្យារ​ពេលរបស់មេធាវី​ការពារក្តីប្រធាន​គណបក្ស​ភ្លើងទៀននេះ។

លោក ជូង ជូងី ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក ទាវ វណ្ណុល​ ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃអង្គារ​នេះ​ថា លោកមិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​តុលាការ​វិញ​នៅ​ឡើយ​។ ហើយ​លោក​ក៏​មិន​ចូល​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក​នេះ​ដែរ​ ដោយសារ​មិនមាន​វត្តមាន​កូនក្តី​។ ​

​បើតាម​លោក​មេធាវី ជូង ជូងី លោកមិន​ដឹង​ថា​ដីកា​កោះ​លើក​ទី១ ចេញ​តាំង​ពីពេល​នោះទេ​ ដោយសារលោក​មិន​ដែល​ទទួល​បាន​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG