ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​មីយ៉ាន់ម៉ា​ត្រឡប់​ទៅ​ធ្វើការ​នៅ​ក្នុង​ក្រុង​ចិន​ដែល​នៅ​ជាប់​ព្រំដែន​វិញ


រូបឯកសារ៖ កន្លែង​ត្រួតពិនិត្យ​នៅ​ច្រក​ព្រំដែន​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ក្នុង​ក្រុង Ruili ខេត្ត Yunnan ប្រទេស​ចិន ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ កន្លែង​ត្រួតពិនិត្យ​នៅ​ច្រក​ព្រំដែន​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ក្នុង​ក្រុង Ruili ខេត្ត Yunnan ប្រទេស​ចិន ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៣។

បើតាម​តួ​លេខជា​ផ្លូវការ ក្នុង​រយៈពេល​ជិត​ពីរ​ខែ​ក្រោយច្រក​ព្រំដែន​មីយ៉ាន់ម៉ា-ចិន​រវាង​ក្រុង ​Muse នៃ​ប្រទេស​មីយ៉ាន់ម៉ា​និង​ក្រុង Ruili នៃប្រទេសចិន​បាន​បើក មាន​មនុស្ស​ជា​មធ្យម​ជាង​៣ពាន់នាក់​បាន​ឆ្លងកាត់​ច្រក​ព្រំដែន​នេះ​ជារៀងរាល់ថ្ងៃ ដោយ​ភាគច្រើន​គឺ​ដើម្បី​ទៅ​ធ្វើការក្នុង​ប្រទេស​ចិន។

លោក Maung Win អ្នក​ជំនួញ​បរទេស​មក​ពីប្រទេស​មីយ៉ាន់ម៉ាបាន​និយាយប្រាប់​បណ្តាញព័ត៌មាន​រដ្ឋនៃ​ប្រទេស​ចិន​ថា​ នៅ​ពេល​ដែល​អាជ្ញាធរ​ចិនលុបចោល​ការ​រឹតត្បិត​នៅ​ពេល​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ​ដោយ​តម្រូវ​ឱ្យ​មានតែ«​របាយការណ៍អំពី​ការធ្វើ​តេស្ត​អវិជ្ជមាន​ចំនួន​៤៨ម៉ោង​និងបណ្ណ​ចេញ-​ចូល​ដើម្បី​ឆ្លងកាត់​កន្លែង​គយ​ នេះជា​ការ​ងាយ​ស្រួលណាស់ដើម្បីចេញចូល​ទៅ​មក​ឆ្លង​កាត់​ព្រំដែន»។

ចំនួន​មនុស្សឆ្លងកាត់​ព្រំដែន​ជា​រៀង​រាល់​ថ្ងៃ​តាំង​ពីការ​បើក​ព្រំដែន​ជា​ថ្មីកាលពីថ្ងៃទី១៤ ខែ​មករា​មក​មានតិច​តួចបើ​ប្រៀបធៀប​ជា​មួយ​ចរាចរណ៍ឆ្លង​កាត់​ព្រំដែននៅមុន​មាន​ការ​រាតត្បាត​ជំងឺកូវីដ១៩ ដែល​មាន​កម្មករ​មីយ៉ាន់ម៉ារាប់ពាន់​នាក់ទៅ​ធ្វើការក្នុង​ក្រុង Ruili។ ក្រុង Ruili នេះ​មានការលូតលាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​ផ្នែក​សាងសង់​និង​កសិកម្ម​នៅ​ក្នុង​ខេត្ត Yunnan នាប៉ែក​ខាង​លិច​ប្រទេស​ចិន។​

ក៏​ប៉ុន្តែ​ តម្រូវការ​កម្លាំង​ពលកម្មអស់​សោហ៊ុយ​តិចក៏​មាន​ឡើង​វិញ​នៅ​ក្រោយ​ការ​រាំង​ខ្ទប់​នៅ​ពេល​មាន​ការ​ឆ្លង​រាតត្បាតជំងឺ​កូវីដ១៩។

អ្នក​ជំនួញ​មីយ៉ាន់ម៉ាម្នាក់​នៅ​ក្រុង Ruili ​បាននិយាយប្រាប់​វីអូអេ​ផ្សាយ​ជា​ភាសា​ភូមា​កាល​ពី​ដើម​ខែ​មីនា​ថា៖ «មាន​តម្រូវការ​កម្លាំងពលកម្ម​ច្រើន​នៅ​ទីនេះ។​ តម្រូវការ​កម្លាំង​ពលកម្មនិងតម្រូវការការងារមាន​ភាព​ស៊ីគ្នា»។

​បើតាមសេចក្ដីរាយការណ៍​មួយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២២​ ដែល​ចេញ​ផ្សាយ​ដោយ​ Bloomberg ក្រុង​ Ruili ​បាន​លេចឡើង​ជា​មជ្ឈមណ្ឌលផលិត​ឧបករណ៍​ប្រើប្រាស់​នៅ​ពេលម្ចាស់​សហគ្រាស​ផលិត​ឧបករណ៍​ប្រើប្រាស់ចិន​នៅ​ក្នុងកន្លែង​ឧស្សាហកម្ម​ស្វះស្វែង​រកកន្លែង​អស់​សោហ៊ុយ​តិចដែល​នៅ​ទី​នោះពួក​គេ​អាច​រក​បាន​កម្លាំង​ពលកម្ម​ថោកៗ។

បើ​តាម​ទិន្នន័យ​ផ្លូវការរបស់​រដ្ឋបាលក្រុង Ruili ដែល​ចេញ​ដោយ​កាសែត Global Times បានឱ្យ​ដឹង​ថា ​ក្នុង​នៅ​ក្នុង​ឆមាស​ដំបូង​នៃ​ឆ្នាំ២០១៩ មនុស្ស​៩១,៣៥% ដែល​ឆ្លងកាត់ព្រំដែនទៅ​មក​នៅ​ក្រុង​កំពង់ផែ Ruili ​គឺ​ជា​ជនជាតិ​មីយ៉ាន់ម៉ា។

បើតាម Bloomberg ថា​ ​ក្នុង​ឆ្នាំ២០១៩ ក្នុងរយៈពេលប៉ុន្មានខែមុន​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក្រុម​ហ៊ុន Everbright Headwear ដែល​មាន​ទីស្នាក់ការ​នៅ​ខេត្ត Jiangsu​ ​ក្នុង​ប្រទេស​ចិន ដែលផលិត​និង​ផ្គត់ផ្គង់​មួកសម្រាប់​ក្រុម​កីឡាករ New York Yankees និង​ Dallas Cowboys អាច​ជួលក្រុម​ពលករ​មីយ៉ាន់ម៉ា​ដោយត្រឹមត្រូវ​តាមច្បាប់នៅក្រុង Ruili ​ដោយ​អស់​សោហ៊ុយ​ត្រឹម​តែ​ពាក់​កណ្តាល​នៃ​សោហ៊ុយ​សម្រាប់​ជួល​ពលករ​ចិន​ប៉ុណ្ណោះ ដោយឱ្យ​ពួក​គេ​រស់នៅ​ក្នុង​អន្តេវាសិកដ្ឋានដោយមាន​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​ចំនួន​៤៥០ដុល្លារ។

នៅ​ពេល​ខ្លះ ពលករខ្លះមក​ពី​មីយ៉ាន់ម៉ា​មិន​បាន​ធ្វើដំណើរ​ទៅ​មក​ទេ ដោយ​ស្នាក់នៅក្នុង​ប្រទេស​ចិនហួស​អាយុកាល​ទិដ្ឋាការ​ហើយ​ធ្វើ​ការ​នៅ​ក្រុង Ruili ច្រើន​ខែ ដោយ​សារ​អាជ្ញាធរ​ចិន​មើល​រំលង​ការ​បំពាន​ទាំង​នេះ។

ក៏​ប៉ុន្តែ ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​បាន​កែប្រែ​ភាព​ងាយស្រួល​នេះ​ ហើយ​នៅ​ពេល​ដែល​ស្ត្រី​ម្នាក់​មក​ពី​មីយ៉ាន់ម៉ា​ត្រូវ​បាន​រាយការណ៍​ថាមាន​រោគសញ្ញាជំងឺ​កូវីដ១៩នៅ​ពេល​ទៅលេងនឹង​គ្រួសារ​របស់​នាង​នៅ​ក្រុង​ Ruili កាលពី​ខែមីនា២០២០ ពួក​មន្ត្រី​ចិន​បាន​បិទ​ព្រំដែនហើយ​រាំង​ខ្ទប់​ក្រុង​នេះ​តែ​ម្តង។

អ្នក​ស្រុក​ក្នុង​រដ្ឋ Shan នៅ​ខាង​មីយ៉ាន់ម៉ានិយាយថា ពួក​គេត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នាក់នៅ​ក្នុង​ប្រទេស​ចិន​ម្ដងត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ ហើយ​ត្រូវ​ស្ថិត​នៅ​ក្រោមការ​ឃ្លាំ​មើល​របស់​ចិនដែល​រារាំង​ពួក​គេ​មិន​ឱ្យ​ស្នាក់នៅ​ទី​នោះហួសពេលកំណត់​របស់​ទិដ្ឋាការ​នោះ​ឡើយ។

ពលករម្នាក់​នៃក្រុមជន​អំបូរ​ភាគ​តិច Shan នៃប្រទេស​មីយ៉ាន់ម៉ា​បាន​និយាយ​ស្នើ​ដល់​វីអូអេ​ផ្សាយ​ជា​ភាសា​ភូមា​មិន​ឱ្យបញ្ចេញ​ឈ្មោះ​លោក​ដើម្បីចៀសវាងកុំ​ឱ្យ​មាន​ការចាប់​អារម្មណ៍​ពីពួក​មន្ត្រី​ថា៖ «តើ​ស្ថានភាព​នេះ​នឹង​នៅ​ដដែល​ឬ​មួយ​ក៏​អត់​គឺ​អាស្រ័យ​ទៅលើថា​តើ​ភាគីម្ខាង​ទៀតចាត់​វិធានការបែប​ណា»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG