អង្គការ NATO បាននិយាយថាទាហានអាមេរិកាំង៦នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតមួយ និងរបួស៣នាក់ នៅក្បែរមូលដ្ឋានទ័ពអាកាស Bagram ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាមូលដ្ឋានយោធាស.រ.អា.ធំបំផុតនៅក្នុងប្រទេសដែលហែកហួរដោយសារសង្គ្រាម។
ក្រុមមន្ត្រីការពារប្រទេសស.រ.អា.បាននិយាយដោយមានល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ជនជាតិអាមេរិកាំងដែលស្លាប់នោះគឺស្ថិតនៅក្នុងការប្រហារមួយក្នុងបណ្តាការវាយប្រហារដ៏ប្រល័យបំផុតទៅលើទាហានបរទេសនៅឆ្នាំនេះ។
កាលពីពេលមុននេះ លោកវរសេនីយ៍ឯក Michael Lawhorn អ្នកនាំពាក្យនៃបេសកកម្ម Resolute Support ដឹកនាំដោយអង្គការអូតង់ បាននិយាយជាមួយVOA អំពីការវាយប្រហារកាលពីថ្ងៃច័ន្ទនោះ។
លោក Lawhorn បាននិយាយថា «ខ្ញុំអាចបញ្ជាក់ថាទាហាន៦នាក់នៃបេសកកម្ម Resolute Support បានស្លាប់ដោយសារការវាយប្រហារដោយគ្រឿងផ្ទុះដាក់លើយានយន្តមួយនៅ Bagram ប្រទេសអាហ្វហ្គានីស្ថាន នៅប្រមាណម៉ោង១:៣០នាទីរសៀល [ម៉ោងក្នុងតំបន់]។ បន្ថែមពីលើនេះ សមាជិកបីនាក់នៃបេសកកម្ម Resolute Support បានត្រូវរបួសនៅក្នុងការវាយប្រហារនេះដែរ។»
លោកបានថ្លែងបន្ថែមថាការវាយប្រហារនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
ក្រុមតាលីបង់បានប្រញាប់ប្រញាល់អះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនេះ ហើយបាននិយាយថាមានមនុស្សយ៉ាងតិចណាស់១៩នាក់បានស្លាប់ដោយភាគច្រើនជាទាហានស.រ.អា. ថ្វីបើក្រុមបះបោរនេះល្បីខាងការបំផ្លើសតួលេខមនុស្សស្លាប់ក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដល់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យម្នាក់នៃក្រុមតាលីបង់បាននិយាយថា អ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់ដែលជិះម៉ូតូបានធ្វើការវាយប្រហារនេះ៕