ក្រុមតាលីបង់បានសន្យាពង្រីកការវាយប្រហារទៅលើទីដៅរបស់អាមេរិក ដោយបានប្រកាសប្រឆាំងការសម្រេចរបស់អាមេរិកដើម្បីបន្ថយល្បឿនដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមបះបោរឥស្លាមបានប្រតិកម្មកាលពីថ្ងៃសុក្រចំពោះការប្រកាសរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថា លោកនឹងរក្សាចំនួនកងទ័ពអាមេរិកនៅពេលបច្ចុប្បន្ននេះចំនួន៩.៨០០នាក់ក្នុងប្រទេសអាហ្វហ្គានីស្ថានរហូតដល់ឆ្នាំ២០១៦ មុននឹងកាត់បន្ថយទៅត្រឹម៥.៥០០នាក់ នៅពេលដែលលោកប្រធានាធិបតីចុះចេញពីតំណែងនៅខែមករា ឆ្នាំ២០១៧។ កាលពីដំបូង រដ្ឋបាលរបស់លោកមានផែនការរក្សាចំនួនកងទ័ពសហរដ្ឋអាមេរិកប្រហែល១.០០០នាក់ក្រោយឆ្នាំ២០១៦ ដោយផ្តោតលើការការពារស្ថានទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីកាប៊ុល។
លោក Zabihullah Mujahid អ្នកនាំពាក្យតាលីបង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលផ្ញើមកឲ្យ VOA ថា ក្រុមបះបោរបាននិយាយម្តងហើយម្តងទៀតថា កងទ័ពអាមេរិកនឹងមិនបញ្ចប់ការឈ្លានពាននៅក្នុងអាហ្វហ្គានីស្ថានទេ ហើយការសន្យាក្លែងក្លាយរបស់ពួកគេបានធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថាន និងពលរដ្ឋអាមេរិកាំងយល់ច្រឡំតែប៉ុណ្ណោះ។
អ្នកនាំពាក្យតាលីបង់រូបនេះនិយាយទៀតថា ការសម្រេចរបស់ប្រធានាធិបតីអូបាម៉ា នឹងមិនបញ្ឈប់ក្រុមតាលីបង់មិនឲ្យធ្វើសង្គ្រាមសាសនាប្រឆាំងនឹងកងទ័ពឈ្លានពាននៅក្នុងប្រទេសនោះទេ៕