មានការបោកគ្រាប់បែក និងបាញ់កាំភ្លើងនៅតំបន់ការទូតមួយក្នុងរដ្ឋធានីកាប៊ុល (Kabul) កាលពីយប់ថ្ងៃសុក្រ ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន២នាក់ និងមានអ្នករបួសប៉ុន្មាននាក់ផ្សេងទៀត។ នេះបើយោងតាមមន្រ្តីប៉ូលិស។ មន្រ្តីទទួលបន្ទុកបញ្ហាអាសន្ន បានថ្លែងថា ការវាយប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រហែល៦ល្ងាច ក្នុងតំបន់ Sherpor នៃរដ្ឋធានីកាប៊ុល។
ក្រុមតាលីបង់អះអាងថា ខ្លួនជាអ្នកទទួលខុសត្រូវលើការវាយប្រហារនេះ។ អ្នកនាំពាក្យរបស់តាលីបង់លោក Zabihullah Mujahid បានប្រាប់ VOA ថា ផ្ទះសំណាក់មួយត្រូវបានគេវាយប្រហារដោយសារផ្ទះសំណាក់នោះត្រូវបានគេប្រើប្រាស់សម្រាប់សកម្មភាពយោធានានា និងចែករំលែកព័ត៌មានរបស់ក្រុមស៊ើបការសម្ងាត់។
គេមិនអាចបញ្ជាក់អំពីការអះអាងរបស់ក្រុមបះបោរបានទេ។ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Sediq Sediqqi បានបង្ហោះសារលើបណ្តាញ Tweeter ថា រថយន្តមួយគ្រឿងដែលបានផ្ទុះនោះ អាចជាប្រភពនៃការផ្ទុះគ្រាប់បែក។ ការបាញ់កាំភ្លើងខ្លាំងក្លាកើតមានឡើងបន្ទាប់ពីមានការផ្ទុះគ្រាប់បែកនោះ ហើយអ្នកសារព័ត៌មានម្នាក់ដែលនៅក្បែរកន្លែងកើតហេតុបាននិយាយថា ប៉ូលិសបានរាយការណ៍ថា មានអ្នកវាយប្រហារយ៉ាងហោចណាស់៣នាក់ដែលបានពាក់ព័ន្ធ។
សេចក្ដីរាយការណ៍បឋមបានបញ្ជាក់ថា ការវាយប្រហារនេះប្រហែលជាសំដៅស្ថានទូតអេស៉្បាញ។ ប៉ុន្តែបន្តិចក្រោយមក អ្នកនាំពាក្យម្នាក់របស់ខុទ្ទកាល័យប្រធានាធិបតីអេស៉្បាញបានថ្លែងប្រាប់ VOA ថា យោងតាមលោកនាយករដ្ឋមន្រ្តីអេស៉្បាញ Mariano Rajoy ការវាយប្រហារនេះមិនសំដៅដល់ស្ថានទូតនោះទេ ប៉ុន្តែសំដៅដល់អាគារនានាដែលនៅក្បែរនោះ៕