រុស្ស៊ី បានបំពានលើការសន្យារបស់ខ្លួនដែលថា នឹងកាត់បន្ថយប្រតិបត្តិការយោធាទៅលើតំបន់ជាយរដ្ឋធានីកៀវរបស់អ៊ុយក្រែន និងទីក្រុង Chernihiv។ នេះ បើតាមការឲ្យដឹងរបស់មន្ត្រីអ៊ុយក្រែនមួយចំនួននៅថ្ងៃពុធ។
ក្រសួងការពារជាតិអាមេរិកនិយាយនៅថ្ងៃពុធថា រុស្ស៊ី បានប្តូរទីតាំងឈរជើងកងកម្លាំងយោធារបស់ខ្លួនមួយចំនួនតូចនៅជុំវិញទីក្រុងកៀវក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ប៉ុន្តែបានបន្ថែមថា «ពុំមានទាហានរុស្ស៊ីណាម្នាក់ ត្រឡប់ទៅកាន់បន្ទាយដើមរបស់គេវិញទេ»។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby និយាយថា «កងកម្លាំងមួយចំនួន បានចាកចេញទៅកាន់ភាគខាងជើង គឺឆ្ងាយពីទីក្រុង» ប៉ុន្តែកងកម្លាំងរុស្ស៊ីភាគច្រើននៅតែស្ថិតជុំវិញទីក្រុងកៀវនៅឡើយ ខណៈការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅមានជាបន្ត។
រុស្ស៊ីនិយាយនៅថ្ងៃពុធថា ពុំមានសញ្ញាណាមួយដែលបង្ហាញនូវការបំបែកភាពទាល់ច្រកក្នុងកិច្ចប្រជុំចរចាសន្តិភាពជាមួយភាគីអ៊ុយក្រែននោះឡើយ។
នៅក្នុងរដ្ឋធានាវ៉ាស៊ីនតោនឯណោះវិញ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃពុធ។
សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីការធ្វើការងារមិនឈប់ឈររបស់សហរដ្ឋអាមេរិក ដើម្បីអនុវត្តនូវការផ្តល់ជំនួយសន្តិសុខដ៏សំខាន់ដែលអ៊ុយក្រែនបានស្នើសុំ ក៏ដូចជាអំពីប្រសិទ្ធភាពនៃអាវុធដែលត្រូវបានប្រើប្រាស់ក្នុងជម្លោះ និងការកិច្ចប្រឹងប្រែងជាបន្តរបស់អាមេរិកជាមួយសម្ព័ន្ធមិត្តនិងដៃគូផ្សេងទៀត ដើម្បីរកមើលលទ្ធភាពបន្ថែមទៀតក្នុងការជួយដល់កងកម្លាំងអ៊ុយក្រែន ដើម្បីការការពារប្រទេសរបស់គេ»។
សេតវិមានបន្ថែមទៀតថា «លោកប្រធានាធិបតី Biden បានប្រាប់លោកប្រធានាធិបតី Zelenskyy ថា សហរដ្ឋអាមេរិក មានបំណងផ្តល់ជំនួយថវិកាផ្ទាល់ប្រមាណ៥០០លានដុល្លារ ដល់រដ្ឋាភិបាលអ៊ុយក្រែន។ សេតវិមានក៏បានឲ្យដឹងផងដែរថា មេដឹកនាំអ៊ុយក្រែន ក៏បានប្រាប់លោក Biden អំពីស្ថានភាពនៃដំណើរការចរចាសន្តិភាពជាមួយរុស្ស៊ីផងដែរ។
នៅក្នុងការថ្លែងតាមវីដេអូកាលពីថ្ងៃពុធ លោក Zelenskyy និយាយថា «ខ្ញុំបានអរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់កញ្ចប់ជំនួយមនុស្សធម៌ថ្មី ដែលមានទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារអាមេរិក និងជំនួយថវិកាបន្ថែមផ្ទាល់ដែលមានទឹកប្រាក់ប្រមាណ៥០០លានដុល្លារ។ ខ្ញុំក៏បានគូសបញ្ជាក់ផងដែរថា ពេលនេះជាចំណុចរបត់មួយ»។
លោក ក៏បានបញ្ជាក់អំពីការព្រួយបារម្ភជាថ្មីថា កងទ័ពរុស្ស៊ី កំពុងប្រមូលកម្លាំងរបស់ខ្លួនសម្រាប់ការវាយប្រហារជាថ្មីក្នុងតំបន់ Donbas។
លោក Zelenskyy បន្ថែមទៀតថា «យើងមិនជឿនរណាម្នាក់ និងមិនជឿសម្តីល្អទេ។ ស្ថានភាពជាក់ស្តែងស្តែងស្ថិតនៅលើសមរភូមិប្រយុទ្ធ។
ឯកសារចារកម្មរបស់អាមេរិកដែលទើបផ្សព្វផ្សាយនាពេលថ្មីៗ បានឲ្យដឹងថា ការចូលឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលមានរយៈពេលជាងមួយខែមកហើយនោះ កំពុងនាំឲ្យមានជម្លោះផ្ទៃក្នុងរវាងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយទីប្រឹក្សាយោធាជាន់ខ្ពស់របស់លោក។
មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ប្រាប់វីអូអេនៅថ្ងៃពុធក្នុងលក្ខខណ្ឌមិនបញ្ជេញឈ្មោះថា «មានភាពតានតឹងខ្លាំងនៅពេលនេះរវាងលោក Putin និងក្រសួងការពារជាតិរបស់រស្ស៊ី។
នាយិកាទំនាក់ទំនងសេតវិមានលោកស្រី Kate Bedingfield បានពន្យល់ប្រាប់អ្នកសារព័ត៌មានជុំវិញរឿងនេះថា៖
«យើងជឿថា លោក Putin មិនត្រូវបានទីប្រឹក្សារបស់លោកប្រាប់រឿងពិត អំពីភាពទន់ខ្សោយរបស់កងទ័ពរុស្ស៊ី និងអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ពីព្រោះក្រុមទីប្រឹក្សាជាន់ខ្ពស់ទាំងនោះ ភ័យខ្លាច មិនហានប្រាប់លោក Putin តាមត្រង់។ ដូច្នេះ រឿងនេះ កាន់តែបង្ហាញយ៉ាងច្បាស់ណាស់ថា សង្គ្រាមរបស់លោក Putin ជាកំហុសខាងយុទ្ធសាស្ត្រមួយ ដែលធ្វើឲ្យរុស្ស៊ី កាន់តែចុះខ្សោយក្នុងរយៈពេលយូរខាងមុខ និងកាន់តែមានភាពឯកកោ នៅលើឆាកអន្តរជាតិ»៕
លោក Jeff Seldin អ្នកយកព័ត៌មានផ្នែកសន្តិសុខជាតិរបស់វីអូអេ អ្នកស្រី Margaret Besheer អ្នកយកព័ត៌មានវីអូអេប្រចាំនៅអង្គការសហប្រជាជាតិ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំក្រសួងការពារជាតិ និងអ្នកស្រី Anita Powell អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រឆាំសេតវិមាន រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។