ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងកម្លាំង​ស៊ីរី​​សម្រុក​ចូល​តំបន់​ភាគ​ខាង​កើត​នៃ​ក្រុង​ Aleppo ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម


ផែន​ទី​បង្ហាញ​ពី​ទីតាំង​គ្រប់​គ្រង​ដោយ​ភាគី​ផ្សេងៗ​ក្នុង​ជម្លោះ​នៅ​ស៊ីរី។
ផែន​ទី​បង្ហាញ​ពី​ទីតាំង​គ្រប់​គ្រង​ដោយ​ភាគី​ផ្សេងៗ​ក្នុង​ជម្លោះ​នៅ​ស៊ីរី។

កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​បាន​បន្ត​ការ​វាយ​លុក​របស់​ពួក​គេ​លើ​ផ្នែក​ខាង​កើត​នៃ​ក្រុង​ Aleppo​ ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​ ក្រោយ​ពីក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.បាន​បរា​ជ័យ​ក្នុង​ការ​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ អំពី​កិច្ច​ឈប់​បាញ់​គ្នា​ដើម្បី​បញ្ឈប់​ការ​ទម្លាក់​គ្រប់បែក​ដ៏​ប្រល័យ​ក្នុង​ក្រុង​នេះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ស៊ីរី​ Syrian Observatory for Human Rights ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​ កង​កម្លាំង​របប​គ្រប់គ្រង​ស៊ីរី​ និង​ពួក​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​បាន​ជម្រុល​ទៅ​មុខ​ពីផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​ទៀត​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ក្រុង​ Aleppo ​ដែល​ស្ថិត​នៅ​ក្រៅការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​ ហើយ​អង្គការ​នេះ​បាន​ថ្លែង​បន្ថែម​ថា​កង​កម្លាំង​របប​គ្រប់​គ្រង​ស៊ីរី​ បាន​ត្រួត​ត្រា​ផ្លូវ​ត្រឡែង​កែង ​Jandul ​នៅ​ក្នុង​ប៉ែក​ឦសាន​នៃ​ក្រុង​នេះ។

អង្គការ​នេះ​បាន​និយាយ​ថា​ ជន​ស៊ីវិល​២៩០​នាក់​ បាន​ស្លាប់​នៅ​ក្នុងការ​បាញ់​កាំ​ភ្លើង​ធំ​ក្នុង​សង្កាត់​ខាង​កើត​នៃ​ក្រុង​ Aleppo ​ហើយ​ជន​ស៊ីវិល​៥០​នាក់​ទៀត​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​ធំ​ដោយ​ពួក​ឧទ្ទាម​ក្នុង​សង្កាត់​ខាង​លិច​នៃ​ក្រុង​នេះ​ដែល​ត្រួតត្រា​ដោយ​របប​គ្រប់​គ្រង​ស៊ីរី។

កាសែត​ប្រចាំថ្ងៃ​ឈ្មោះ​ Al-Watan​ នៃ​ក្រុង​ដាម៉ាស់​ដែល​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​បាន​ផ្សាយ​ថា​ ការ​ជម្រុល​ទៅ​មុខ​ក្នុង​ពេល​ថ្មីៗ​នេះ​មាន​គោលដៅ​បើក​ផ្លូវ​សម្រាប់​«ការ​វាយ​លុក​តាម​ផ្លូវ​គោក​ដ៏​សំខាន់​ និង​ផ្តាច់​ព្រ័ត្រ​មួយ»៕

XS
SM
MD
LG