ប្រទេសស៊ីរី និងក្រុមមួយដែលឃ្លាំមើលអំពើហិង្សានៅក្នុងប្រទេស បាននិយាយនៅថ្ងៃច័ន្ទនេះថា ការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានសម្លាប់ទាហានស៊ីរី យ៉ាងតិច៣នាក់ និងធ្វើឲ្យរបួស១៣នាក់ទៀតនៅឯជំរំយោធាមួយកន្លែងក្នុងខេត្ត Deir Ezzor របស់ប្រទេសស៊ីរី។
ក្រសួងការបរទេសស៊ីរី បានថ្កោលទោសទៅលើអ្វីដែលខ្លួនហៅថាជា «ការឈ្លានពានដ៏សាហាវយង់ឃ្នង» ពីក្រុមប្រទេសចម្រុះនោះ ដោយនិយាយថា ការវាយប្រហារនោះ រំលោភធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី ឬ Syrian Observatory for Human Rights ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បាននិយាយថា ការវាយប្រហារនោះ បានកើតឡើង កាលពីថ្ងៃអាទិត្យ ហើយធ្វើឲ្យមានមនុស្សស្លាប់ ៤នាក់។
មិនទាន់មានការអត្ថាធិប្បាយណាមួយពីក្រុមប្រទេសចម្រុះ ទៅលើអ្វីដែលជាឧបទ្ទវហេតុលើកដំបូង ដែលក្រុមនោះ ធ្វើការវាយប្រហារទៅលើយោធាស៊ីរីនោះទេ។
ការវាយប្រហារតាមអាកាស ដែលតម្រង់គោលដៅទៅលើក្រុមរដ្ឋឥស្លាមនោះ កំពុងតែបន្តធ្វើចាប់តាំងពីខែកញ្ញាឆ្នាំមុន។ កាលពីសប្តាហ៍មុន ការប្រហារទាំងនោះ បានរួមបញ្ចូលការវាយប្រហារចំនួន២០ដង នៅក្នុងខេត្តDeir Ezzor នោះផងដែរ។ ការវាយប្រហារទាំងនោះ តម្រង់ទៅលើកន្លែងផលិតប្រេង ដែលជាប្រភពចំណូលមួយរបស់ក្រុមសកម្មប្រយុទ្ធ៕