ប្រទេសស៊ីរី និងប្រទេសកូរ៉េខាងជើងនឹងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ជុំវិញការបំពានសិទ្ធិមនុស្ស ពីសំណាក់ក្រុមប្រឹក្សាសិទ្ធិមនុស្សមួយដែលមានសមាជិកចំនួន៤៧ប្រទេស ក្នុងអំឡុងពេលកិច្ចប្រជុំរយៈបួនសប្តាហ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហ្សឺណែវ។
សមាជិកទាំង៤៧ប្រទេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសជាង៤០។ ក្រុមប្រឹក្សានេះនឹងត្រួតពិនិត្យមើលទៅលើការវិវត្តនាពេលបច្ចុប្បន្ននៅក្នុងប្រទេសប៊ូរុនឌី (Burundi) ក្រោយពីមានកិច្ចប្រជុំពិសេសកាលពីឆ្នាំមុន អំពីស្ថានភាពកាន់តែយ៉ាប់យឺនឡើងនៅក្នុងប្រទេសនោះ។
ក្រុមប្រឹក្សានេះក៏នឹងពិភាក្សាទៅលើរបាយការណ៍ជាង៤០ អំពីប្រធានបទសិទ្ធិមនុស្សជាសកល មានដូចជា ការធ្វើទារុណកម្ម ការប្រហារជីវិតដោយមិនមានការវិនិច្ឆ័យទោស ការបាត់ខ្លួនដោយបង្ខំ សេរីភាពសាសនា និងការប្រឆាំងនឹងអំពើភេរវកម្ម។ ក្នុងចំណោមរបាយការណ៍ទាំងនោះ មានរបាយកាណ៍មួយចេញដោយគណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកការស៊ើបអង្កេត នឹងត្រូវដាក់បញ្ចូលនៅថ្ងៃទី១៥ ខែមីនា។
លោក Choi Kyong-lim ប្រធានក្រុមប្រឹក្សាថ្មីថ្លែងថា លោករំពឹងថា នឹងមានកិច្ចពិភាក្សាដែលផ្តោតយ៉ាងខ្លាំងទៅលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរី។
«ការបន្តផ្តោតទៅលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរីនឹងបញ្ជូនសារដ៏ខ្លាំងក្លាមួយទៅកាន់ពលរដ្ឋស៊ីរី ដែលកំពុងប្រព្រឹត្តអំពើដ៏សាហាវឃោរឃៅដែលពួកគេត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនោះនាពេលអនាគត»។
លោកឯកអគ្គរដ្ឋទូត Choi មកពីប្រទេសកូរ៉េខាងត្បូង ប៉ុន្តែលោកអះអាងប្រាប់ VOA ថា លោកនឹងរក្សាជំហរអព្យាក្រឹតនិងភាពមិនលម្អៀងគ្រប់លក្ខខណ្ឌទាំងអស់ រួមទាំងការពិនិត្យទៅលើកំណត់ត្រាជុំវិញសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។
លោក Choi ថ្លែងថា៖
«ដូចក្នុងករណីប្រទេសស៊ីរីដែរ ពួកយើងប្រហែលមិនអាចឃើញពីភាពចម្រើនទៅមុខជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើងទេ។ ប៉ុន្តែខ្ញុំគិតថា វានៅតែមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សហគមន៍អន្តរជាតិក្នុងការបន្តពិភាក្សា លើកឡើងអំពីស្ថានភាពសិទ្ធិមនុស្សដ៏អាក្រក់នៅកូរ៉េខាងជើង»។
លោក Choi ថ្លែងថា គេឃើញមានសញ្ញាលើកទឹកចិត្តខ្លះៗ តាមរយៈការណ៍ដែលកូរ៉េខាងជើងយល់ព្រមឲ្យធ្វើការត្រួតពិនិត្យទៅលើកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រចាំឆ្នាំដើម្បីពិនិត្យស្ថានភាពសិទ្ធិមនុស្សសាកល ឬ Universal Periodic Review របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។ លើសពីនេះទៅទៀត លោកបានថ្លែងថា នៅពេលនេះកំពុងមានកិច្ចសន្ទនាមួយកើតឡើងជុំវិញលទ្ធភាពក្នុងការធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងដោយស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា