ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​៖​ការ​រំលោភ​សិទ្ធិ​មនុស្ស​គួរ​ជា​ប្រធានបទ​សំខាន់​ក្នុងកិច្ច​ប្រជុំ​កំពូល​អាមេរិក​-អាស៊ាន


រូបឯកសារ៖ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​អាមេរិក-អាស៊ាន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន​ ដែល​បាន​ធ្វើ​ឡើងនៅ​ទីក្រុង កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (Reuters/Jonathan Ernst)
រូបឯកសារ៖ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​អាមេរិក-អាស៊ាន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន​ ដែល​បាន​ធ្វើ​ឡើងនៅ​ទីក្រុង កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (Reuters/Jonathan Ernst)

លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់​ អូបាម៉ា ​នឹងជួប​ប្រជុំ​ជាមួយ​ក្រុម​មេដឹក​នាំអាស៊ាន​១០ប្រទេស​ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុងទីក្រុង ​Sunnylands ​រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា​ នៅថ្ងៃទី​១៥ ​ទី​១៦​ ខែកុម្ភៈ​ ដើម្បី​ពិភាក្សា​លើបញ្ហា​តំបន់​ និង​បញ្ហា​សាកលជាច្រើន។​

អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​អាមេរិក​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ស.រ.អា បារ៉ាក់ អូបាម៉ា​ ដាក់​រឿង​សិទ្ធិមនុស្ស​ជា​ប្រធានបទ​សំខាន់​ក្នុង​កិច្ច​ប្រជុំ​កំពូល អាមេរិក-​អាស៊ាន​ ក្នុង​ទីក្រុង​ Sunnylands​ រដ្ឋ​កាលីហ្វ័រញ៉ា​ ស.រ.អា ​នៅ​សប្តាហ៍ ខាង​មុខ។ គេរំពឹង​ថា​ មាន​មេដឹកនាំ​មកពី​តំបន់​អាស៊ាន​១០​ប្រទេស​ដែល​មាន មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​នោះ។​ នេះបើ​តាម សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដំណាល​គ្នា​នៃ​ការ​ចេញ​របាយ​ការណ៍ របស់​អង្គការ​ Human ​Rights ​Watch​ កាលពី​ថ្ងៃពុធ​ ហើយ​ដែល ​VOA ​ទទួល បាន។

លោក ​John Sifton​ នាយក​ផ្នែក​តស៊ូមតិ​នៃអង្គការ​ Human ​Rights ​Watch​ បាន និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ ​«លោក​ប្រធានាធិបតី ​អូបាម៉ា ​ដឹង​អំពី ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍។​ សំណួរ​សួរ​ថាតើ ​លោក​នឹង និយាយ​ចេញ​ ឬក៏​ធ្វើអ្វី​មួយ​ចំពោះ​រឿង​នោះ​ទេ។ ​គ្រោះ​ថ្នាក់នោះ​គឺថា​កិច្ចប្រជុំ កំពូល​នៅក្រុង​ Sunnylands ​នឹងផ្តល់​អំណាច​ និង​បង្កើន​ឥទ្ធិពល​ដល់​មេដឹក​នាំ អាស៊ាន​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចាប់​អ្នក​កាសែត​ដាក់​គុក​ បង្ក្រាប​បាតុកម្ម អហិង្សា​ និង​បំផ្លាញ​ស្ថាប័ន​ប្រជាធិប​តេយ្យ​បន្ទាប់​ពីធ្វើ​រដ្ឋប្រហារ»។

លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់​ អូបាម៉ា​ នឹងជួប​ប្រជុំ​ជាមួយ​ក្រុម​មេដឹកនាំ​អាស៊ាន​១០​ប្រទេស​ ក្នុង​កិច្ចប្រជុំ​កំពូល​ក្នុង​ទីក្រុង ​Sunnylands ​រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា​ នៅថ្ងៃទី​១៥ ​និង​ទី​១៦​ ខែកុម្ភៈ​ ដើម្បី​ពិភាក្សា​លើបញ្ហា​តំបន់​ និង​បញ្ហា​សាកល​ជាច្រើន។​ បាតុកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​ រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​ផង អាច​នឹងត្រូវ​គេ​រៀបចំ​ធ្វើ​ឡើង​នៅ​ដំណាល​គ្នា​ដែល​មាន​កិច្ចប្រជុំ​កំពូល​នោះ​ដែរ៕

XS
SM
MD
LG