សមាជិកសភាជាង១០០នាក់ដែលគាំទ្រសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ មកពីតំបន់អាស៊ីអាគ្នេយ៍ បានជំរុញឲ្យលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ផ្ដល់អាទិភាពដល់បញ្ហាសិទ្ធិមនុស្សនៅក្នុងតំបន់នោះ នៅពេលដែលលោកជួបជាមួយក្រុមមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ នៅដើមសប្ដាហ៍ក្រោយនេះ។ នេះបើយោងតាមលិខិតមួយច្បាប់ ដែលក្រុមសមាជិកសភាទាំងនេះ បានសរសេរទៅកាន់លោក អូបាម៉ា ហើយដែលVOA ទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈនេះ។
សមាជិកសភា មកពីប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃ បានសរសេរនៅក្នុងលិខិតជាភាសាអង់គ្លេសនេះថា «ពួកយើង ស្នើលោកប្រធានាធិបតី ជំរុញឲ្យមេដឹកនាំទាំងនេះ គោរពតាមការប្ដេជ្ញាចិត្តរបស់ពួកគេ អំពីការគោរពសិទ្ធិមនុស្ស ដែលពួកគេ មិនទាន់បានបំពេញនៅឡើយ ហើយ សូមឲ្យលោកប្រធានាធិបតី លើកឡើងដោយផ្ទាល់នូវកង្វល់ជាក់លាក់ជាមួយមេដឹកនាំ[អាស៊ាន] ទាំងនោះ»។
ការសរសេរសំបុត្ររបស់សមាជិកសភាពីតំបន់អាស៊ីអាគ្នេយ៍នេះ ធ្វើឡើង មុនពេលដែល មេដឹកនាំអាមេរិក លោក បារ៉ាក់ អូបាម៉ា ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ ទទួលស្វាគមន៍ក្រុមមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ នៅឯរមណីយដ្ឋាន Sunnylands ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥ និង១៦ ខែកុម្ភៈនេះ។
នៅក្នុងលិខិតដដែលនេះ ក្រុមសមាជិកសភាអាស៊ានទាំងនេះ បានលើកឡើងថា ទោះបីជាពួកគេ ទទួលស្គាល់និងយល់ពីបំណងរបស់រដ្ឋបាលលោក អូបាម៉ា ក្នុងការពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកអាស៊ានក៏ដោយ ក៏ពួកគេ ទទូចឲ្យលោកប្រធានាធិបតីអាមេរិក ផ្ដោតអាទិភាពទៅលើបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងតំបន់នោះដែរ។
សមាជិកសភាទាំងនេះ សរសេរថា «បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស មិនអាចត្រូវបានចាត់ទុកថា ជាបញ្ហាតូចតាច ជាងបញ្ហាសេដ្ឋកិច្ចឬសន្តិសុខនោះទេ»។
ក្រុមសមាជិកសភាទាំងនេះ បន្តនៅក្នុងលិខិតរបស់ពួកគេថា «ក្នុងចំណោមបញ្ហាដ៏លេចធ្លោដែលត្រូវដោះស្រាយនោះគឺការបន្តឃុំខ្លួនអ្នកទោសនយោបាយ ការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិកាន់កាប់ដីធ្លី តាមរយៈការដកហូតយកដីធ្លីពីពលរដ្ឋតាមទំនើងចិត្ត ការបដិសេធ មិនឲ្យមានការបោះឆ្នោតដោយសេរី និងការរឹតត្បិតលើសិទ្ធិនិងសេរីភាពជាមូលដ្ឋាន ក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការជួបប្រជុំ និងការបង្កើតសមាគម ជាដើម ដែលបញ្ហាទាំងនេះ បានប៉ះពាល់ពលរដ្ឋអាស៊ានច្រើនជ្រុល»។
ក្រុមសមាជិកសភាដដែល បានបន្ថែមទៀតថា សហរដ្ឋអាមេរិក ស្ថិតនៅក្នុងគោលជំហរពិសេសមួយ ក្នុងការគាំទ្រការទាមទាររបស់ពួកគេ។
«ពួកយើង សង្ឃឹមថា លោកប្រធានាធិបតី នឹងជួយពួកយើង នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីសម្រេចឲ្យបានសហគមន៍អាស៊ានមួយ ដែលមានលក្ខណៈប្រជាធិបតេយ្យជាងនេះ និងពិតជាសហគមន៍ដែលផ្ដោតទៅលើប្រជាពលរដ្ឋអាស៊ាន ពិតប្រាកដមែន»។ នេះបើយោងតាមលិខិតរបស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ដដែលនេះ៕