ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស៊ុយ​អែត​គ្រោង​​កាត់​ជំនួយ​ថវិកា​មួយ​ចំនួន​ពី​កម្ពុជា ទុក​សម្រាប់​ជួយ​ជន​ភៀស​ខ្លួន​អ៊ុយ​ក្រែន


ទង់ជាតិ​ប្រទេស​ស៊ុយអែត
ទង់ជាតិ​ប្រទេស​ស៊ុយអែត

ទីភ្នាក់​ងារ​អភិវឌ្ឍន៍​អន្តរ​ជាតិ​ស៊ុយ​អែត​ហៅ​កាត់​ថា​ Sidaគ្រោង​នឹងកាត់​បន្ថយ​ថវិកា​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា ដើម្បី​ប្តូរ​ថវិកា​នេះ​ទៅ​ជួយ​ជន​ភៀស​ខ្លួន​អ៊ុយ​ក្រែន​វិញ។ នេះ​បើ​យោង​តាម​តំណាង​របស់​អង្គការ​Sidaប្រចាំ​ប្រទេស​កម្ពុជា។

ការ​កាត់​បន្ថយ​ថវិកា​នេះ​នឹង​ប៉ះពាល់​គម្រោង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​នៅ​កម្ពុជា​ដែល​ទទួល​ជំនួយ​ពី​ Sida។

អ្នកស្រី Camilla Ottosson អគ្គទីប្រឹក្សា​និង​ប្រធានការិយាល័យ​ស្ថាន​ទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ស៊ុយ​អែត​ក្នុង​ការ​កាត់​បន្ថយ​ថវិកា​ជំនួយ​ដល់​ប្រទេស​ខាង​ក្រៅ​ចំនួន​១​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ទូទាំង​ពិភព​លោក នឹង​ប៉ះពាល់​ដល់​កញ្ចប់​ថវិកា​Sida សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​លើ​សាកល​លោក​ រួម​ទាំង​កម្ពុជា​ផង​ដែរ​ ដោយ​កាត់​បន្ថយ​ថវិកា​សម្រាប់​ឆ្នាំ​២០២២ ក្នុង​ចំនួន​ប្រមាណ​២៦​ភាគរយ។

នៅ​ក្នុង​សារ​អ៊ីមែល​ដដែល​នោះ អ្នកស្រី​មិន​ទាន់​អាច​បញ្ជាក់​អំពី​ទំហំ​ទឹក​ប្រាក់ប៉ុន្មាន​នៅ​ឡើយ​ទេ ឬ​អង្គការ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ពាក់ព័ន្ធ​ណា​មួយ​នឹង​រង​ផល​ប៉ះ​ពាល់ ដោយ​សារ​ពេល​នេះ​ការិយាល័យ​ស្ថានទូត​អ៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ កំពុង​វាយ​តម្លៃ​ផ្ទៃ​ក្នុង​ជាមួយព័ត៌មាន​ទទួល​បាន​ពីអង្គការ​ដៃគូ។

យ៉ាង​ណា​ក្តី អ្នកស្រី Ottosson បាន​លើក​ឡើង​ថា ទោះ​បី​សេចក្តី​សម្រេច​ចុង​ក្រោយ​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង ការិយាល័យ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​សង្ឃឹម​ថា​ការ​កាត់​បន្ថយ​ជំនួយ​ថវិកា​នេះ​នឹង​មិន​ប៉ះ​ពាល់ខ្លាំង​ដល់​អង្គការ​ក្នុង​ស្រុក​នៅ​កម្ពុជា និង​អង្គការ​ដៃគូ​នានា​នោះ​ទេ។

រដ្ឋាភិបាល​ស៊ុយ​អែត​បាន​ប្រកាស​កាត់​បន្ថយ​ថវិកា​ទំហំ​១​ពាន់​លាន​ដុល្លារ​នៃ​ជំនួយ​ទៅ​ក្រៅ​ប្រទេស ដើម្បី​យក​ទៅ​ជួយ​ជន​ភៀស​ខ្លួន​អ៊ុយ​ក្រែន​រាប់​ម៉ឺន​នាក់​ដែល​ចូល​មក​រស់​នៅ​ក្នុង​ប្រទេស​ស៊ុយ​អែត ចាប់​តាំង​ពី​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ ឲ្យ​ដឹង​ថា​អង្គការ​លីកាដូ ដែល​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទទួល​បាន​មូលនិធិ​គាំទ្រ​មួយ​ចំនួន​ពី​អង្គការ​ម្ចាស់​ជំនួយ​មួយដែល​ស្ថិត​ក្រោម​ការជ្រោម​ជ្រែង​ដោយ​Sida។

មន្រ្តី​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះបន្ថែម​ថា​ការ​កាត់​បន្ថយ​កញ្ចប់​ថវិកា​ជំនួយ​ពី​សំណាក់​រដ្ឋាភិបាល​ស៊ុយ​អែត អាច​បង្ក​ផល​វិបាក​មក​លើ​កិច្ច​ប្រឹង​ប្រែង​គាំពារ​លទិ្ធប្រជាធិប​តេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «បើ​សិន​មាន​ការ​កាត់​បន្ថយ​គឺ​វា​ប៉ះ​ពាល់​ច្រើន​សម្រាប់​ដំណើរ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ការ​លើក​កម្ពស់​វិស័យ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា»។

លោក អ៊ុល វ៉ាន់ ប្រធាន​អង្គការ​បណ្តាញ​យុវជន​កម្ពុជា(Cambodian Youth Network) ប្រាប់​វីអូអេ​ថា ​អង្គការ​របស់​លោក​ទទួល​បាន​ការ​ជ្រោម​ជ្រែង​ផ្នែក​មូលនិធិ​លើ​គម្រោង​មួយ​ចំនួន​តូច​នា​ពេល​បច្ចុប្បន្នពី​សំណាក់​អង្គការ​ DanChurchAid ហៅ​កាត់​ថា​DCA ក្រោម​កញ្ចប់​ថវិកា​Sida។

ស្រប​ពេល​ទទួល​បាន​ដំណឹង​ពី​ការ​គ្រោង​កាត់​បន្ថយ​កញ្ចប់​ថវិកា​ Sida លោក​អំពាវនាវ​ឲ្យ​ទីភ្នាក់​ងារទទួល​បន្ទុក​ផ្នែក​ជំនួយ​នេះ​រក្សា​ការ​បន្ត​ផ្តល់​មូលនិធិ​គាំទ្រ ដើម្បី​ចូល​រួម​ចំណែក​ដល់​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា ​Sida គួរ​តែ​ពិចារណា​ដើម្បី​រក្សា​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​ ក៏​ដូច​ជា ដៃ​គូ​ពាក់ព័ន្ធ​ហ្នឹង មាន​លទ្ធភាព​អាច​បន្ត​បេសកកម្ម​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ ប្រជាធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង»។

ចំណែក​អង្គការ​ពន្លក​ខ្មែរ​ ដែល​ផ្តោត​លើ​ការ​ការពារ​សិទ្ធិ​របស់​សហគមន៍​ជនជាតិ​ភាគ​តិច និង​សហគមន៍​ពឹង​អាស្រ័យ​លើ​ព្រៃឈើ​នៅ​កម្ពុជា ក៏​ប្រឈម​រង​ផល​ប៉ះពាល់​ផង​ដែរ។ នេះ​បើ​យោង​តាម​លោក ប៉ឹក សោភ័ណ ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​នេះ។

លោក​និយាយ​ថា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ជាមួយសហគមន៍​ជនជាតិ​ភាគ​តិច ឬ​សហគមន៍​ព្រៃ​ឈើ នឹង​ប្រឈម​ការ​ប៉ះ​ពាល់​ផ្សេងៗ​ នៅ​ពេល​មាន​ការ​កាត់​បន្ថយ​កញ្ចប់​ថវិកា ដោយសារ​ជំនួយ​របស់​អង្គការ ​Sida រួម​ចំណែក​ច្រើនក្នុង​សកម្មភាព​និង​គម្រោង​ផ្សេងៗ​របស់​អង្គការ​ទាំង​នោះ។

ស្រប​ពេល​ដូចគ្នា​នេះ លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ថ្លឹង​ថ្លែង​ឡើង​វិញ​ចំពោះ​បរិមាណ​ថវិកា​ដែល​នឹង​ត្រូវ​កាត់​បន្ថយ​ក្នុង​បែប​ផែន​មួយ​ដែល​មិន​បង្ក​ការ​ប៉ះ​ពាល់​ខ្លាំង​ដល់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ។ យើង​អត់​ចង់​ឲ្យ​មាន​ការ​កាត់​បន្ថយ​អ៊ីចឹង​ទេ។ សូម​ឲ្យ​ខាង​ម្ចាស់​ជំនួយ​ ឬ​ក៏​ Sida ហ្នឹង​បន្ថយ​មែន ប៉ុន្តែ​បន្ថយ​នៅ​ក្នុង​ចំនួន​តិចតួច​ណា​មួយ ដែល​ធ្លាប់​ផ្តល់​មក​អង្គការ​ដៃ​គូ​ណា​ច្រើន​អ៊ីចឹង​ អាច​ត្រឹម​បន្ថយ​មក​ចំនួន​ណា​មួយ​អ៊ីចឹង​ទៅ»។

បើ​តាម​លោក ប៉ឹក សោភ័ណ អង្គការ​របស់​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ចរចា ដើម្បី​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អង្គការ​ម្ចាស់​ជំនួយ​មួយ​ក្រោម​ការ​ជ្រោម​ជ្រែង​ដោយ Sida។ ប៉ុន្តែគម្រោង​កាត់​បន្ថយ​ជំនួយ​ថវិកា​នេះ ធ្វើ​ឲ្យ​ការ​ចរចា​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ៕

XS
SM
MD
LG