អ្នកស្រី Annika Ben David ឯកអគ្គរាជទូតស៊ុយអែត ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋបានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពនយោបាយដែលបានរាំងខ្ទប់សកម្មភាពរបស់គណបក្សជំទាស់ បានក្លាយជាក្តីបារម្ភយ៉ាងខ្លាំងក្លា សម្រាប់រដ្ឋាភិបាលប្រទេសស៊ុយអែត ដែលបានផ្តល់តម្លៃដល់ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទព័ត៌មានមួយធ្វើឡើងនៅរាជធានីភ្នំពេញ អ្នកស្រី Annika បានមានប្រសាសន៍ថា អ្នកស្រីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ និងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ក្នុងជំនួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាលនេះ អ្នកស្រី Annika បានលើកឡើងអំពីក្តីកង្វល់នានា ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅកម្ពុជា ដែលលំហរនយោបាយត្រូវបានបិទ ហើយក្រុមអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស ប្រព័ន្ធផ្សព្វផ្សាយមានការពិបាកកាន់តែខ្លាំងក្នុងការបំពេញការងាររបស់ពួកគេ។
ទាក់ទិនព្រឹត្តការណ៍នៃការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ អ្នកស្រីឯកអគ្គរាជទូត បានបញ្ជាក់ច្បាស់ៗនៅចំពោះតំណាងរដ្ឋាភិបាលកម្ពុជាមួយរូបថា តើរដ្ឋាភិបាលប្រទេសស៊ុយអែតត្រូវគិតគូរឡើងវិញពីទំនាក់ទំនងជាមួយរដ្ឋាភិបាលឬយ៉ាងណា ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ។
«ខ្ញុំបានបញ្ជាក់ទៅកាន់ តំណាងរដ្ឋាភិបាលកម្ពុជាមួយរូបថា បើគណបក្សសង្គ្រោះជាតិត្រូវរំលាយ ការណ៍នោះ នឹងជំរុញរដ្ឋាភិបាលរបស់ខ្ញុំឲ្យគិតគូរឡើងវិញ អំពីទំនាក់ទំនងរបស់យើងក្នុងប្រទេសកម្ពុជា។ យើងគិតថា វាគឺជាផលប្រយោជន៍យូរអង្វែងរបស់ប្រទេសមួយ ដើម្បីបើកឲ្យមានលំហរប្រជាធិបតេយ្យ ដូចដែលធ្លាប់មានពីមុនមក ហើយវិលត្រឡប់ទៅស្ថានភាពដែលមានសេរីភាពខ្លាំងឡើងវិញ និងមានការរឹតបន្តឹងតិចតួច សម្រាប់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយធ្វើប្រតិបត្តិការ»។
អ្នកស្រី Annika បានថ្លែងបន្តថា នៅពេលជួបជាមួយក្រុមរដ្ឋមន្ត្រីរដ្ឋាភិបាល អ្នកស្រីបានលើកឡើងពីកង្វល់ទាក់ទងនឹង កំណើនសេដ្ឋកិច្ចកម្ពុជា ដែលនឹងអាចរងផលប៉ះពាល់ពីស្ថានភាពនយោបាយកម្ពុជានាពេលបច្ចុប្បន្ន។
«ហើយខ្ញុំបានលើកពីកង្វល់របស់ខ្ញុំថា អ្វីដែលកើតឡើងនៅទីនេះ អាចនឹងបង្កឲ្យមានការកើនឡើងនៃមុខមាត់អវិជ្ជមានរបស់កម្ពុជានៅទូទាំងសាកលលោក។ ដូច្នេះ ការរឹតបន្តឹងនៃសិទ្ធិស៊ីវិល និងនយោបាយនាពេលបច្ចុប្បន្នជាមួយអ្វីដែលបានកើតឡើងក្នុងពេលថ្មីៗនេះ អាចនឹងបង្ហាញសញ្ញាអវិជ្ជមានដល់អ្នកវិនិយោគ អ្នកប្រើប្រាស់ និងដៃគូជំនួញនៅក្រៅប្រទេស ដែលវាអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា»។
ស្ថានភាពនយោបាយនៅប្រទេសកម្ពុជា ផ្តើមធ្លាក់ចូលក្នុងសភាពដុនដាប ក្រោយរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគេដឹងថា កំពុងបើកយុទ្ធនាការបង្ក្រាបអង្គការសង្គមស៊ីវិល ដែលធ្វើការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្រោមបទចោទថា បានធ្វើសកម្មភាពឃុបឃិតជាមួយសហរដ្ឋអាមេរិក ប្រព្រឹត្តអំពើក្បត់ជាតិ និងការចាត់វិធានការពន្ធលើកាសែតឯករាជ្យមួយ គឺកាសែត The Cambodia Daily ដែលធ្វើប្រតិបតិ្តការដោយពលរដ្ឋអាមេរិកាំង និងការបិទហ្វ្រេកង់ផ្សាយបន្តវិទ្យុអាស៊ីសេរីដែលគាំទ្រដោយសហរដ្ឋអាមេរិក។
អ្នកស្រី Annika បានបញ្ជាក់បន្តថា សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ គឺជាឆ្អឹងខ្នងនៃលទ្ធិប្រជាធិបតេយ្យ។ អ្នកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានផងដែរថា មានការយកចិត្តទុកដាក់កាន់តែខ្លាំងអំពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ក្នុងសភានៃប្រទេសស៊ុយអែត។
នៅពេលអ្នកសារព័ត៌មានសួរថា តើរដ្ឋាភិបាលប្រទេសស៊ុតអែត និងប្រទេសប្រជាធិបតេយ្យ និងចាត់វិធានការអ្វីបន្ថែមទៀត ក្រៅពីតែពីការធ្វើសេចក្តីថ្លែងការណ៍នោះ អ្នកស្រី Annika ថ្លែងថា រដ្ឋាភិបាលស៊ុយអែតត្រូវការសន្ទនា និងស្តាប់គ្នាទៅវិញទៅមកជាមុនសិន មុននឹងធ្វើការសម្រេចថានឹងត្រូវធ្វើបន្តទៀតនោះ។
«ខ្ញុំគិតថា វាមានភាពចាំចាច់ដែលត្រូវមកទីនេះ ហើយស្តាប់ទាំងសំឡេងរដ្ឋាភិបាល សំឡេងក្រុមប្រឆាំង និងទាំងសំឡេងសង្គមស៊ីវិល ហើយធ្វើការវាយតម្លៃលើស្ថានភាព ដើម្បីយើងពិចារណាថា នឹងត្រូវធ្វើយ៉ាងណាទៀត»។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលគ្មានចេតនា រាំងខ្ទប់មិនឲ្យមានការធ្វើប្រតិបត្តិការរបស់កាសែត The Cambodia Daily និងវិទ្យុអាស៊ីសេរីក្នុងប្រទេសកម្ពុជានោះទេ តែលោកបានចោទអង្គភាពទាំងពីរនោះថា បានសម្រេចចិត្តបិទដំណើរប្រតិបត្តិការការងាររបស់ខ្លួនដោយចិត្តឯង។
«ខ្ញុំបានជួបជាមួយគាត់ អ្នកស្រី Annika ហ្នឹង ហើយបានជម្រាបគាត់ហើយថា ក្រសួងព័ត៌មានអត់មានបាន ទៅរារាំងអីគាត់ទេ ព្រោះអីរឿងរបស់គាត់ គាត់បិទ ប្រកាសបិទ ជាឯកតោភាគី ហើយគាត់ឥតមានមកទំនាក់ទំនង ជាមួយក្រសួងព័ត៌មាន អាហ្នឹងរឿងរបស់គាត់អីចឹង សម្រាប់រឿងនេះ គឺជារឿង ជាការគោរពច្បាប់របស់ប្រទេសមួយដែលមានអធិបតេយ្យទេ គឺឥតមានពាក់ព័ន្ធ...ខ្ញុំបាននិយាយជាមួយគាត់ ហើយថា អារឿងសេរីភាព ជារឿងមួយ ប៉ុន្តែរឿងការគោរពច្បាប់នៅក្នុងប្រទេសមួយ ក៏ជារឿងមួយដែរ ដែលយើងត្រូវធ្វើ ដូច្នេះគាត់ត្រូវតែទទួលស្គាល់អាហ្នឹងថា អ្នកទាំងពីរហ្នឹងគាត់បានបំពេញកាតព្វកិច្ច គាត់នៅក្នុងប្រទេសកម្ពុជាដែរឬទេ? អានេះជាសំណួរដែលគាត់ត្រូវឆ្លើយ ប៉ុន្តែគាត់បែរជាមិនឆ្លើយ»។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់សាជាថ្មីថា អ្វីដែលបានកើតឡើងនៅកម្ពុជា គឺជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងពង្រឹងនីតិរដ្ឋ និងបំបាត់និទណ្ឌភាពនៅកម្ពុជាស្របទៅតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១។
អ្នកនាំពាក្យរូបនេះ បានប្រាប់ VOA បន្ថែមថា ការថ្លែងរបស់អ្នកស្រី Annika ថានឹងគិតគូរឡើងវិញ ពីទំនាក់ទំនងទ្វេភាគី ក្នុងករណីមានការរំលាយគណបក្សប្រឆាំង ថាជាការគំរាមមួយ ហើយបានចោទសួរថា តើកម្ពុជាគួរយកគំរូតាមរបបយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា នៅប្រទេសថៃ ទើបជាការត្រឹមត្រូវសម្រាប់កម្ពុជាឬយ៉ាងណានោះ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះ៖
«ចំពោះការណ៍ដែលគាត់និយាយថាហ្នឹងពិនិត្យអំពីទំនាក់ទំនងទ្វេភាគីស៊ុយអែត កម្ពុជានេះ ខ្ញុំយល់ថា វាមានន័យជាការដាក់ គេហៅថាបន្ទុក ឬមួយក៏ ជាការគំរាមដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសមួយដែលមានឯករាជ្យ និងមានអធិបតេយ្យ សុំឲ្យគាត់ពិនិត្យអំពីធម្មនុញ្ញ អង្គការសហប្រជាជាតិមើលថា តើសមាជិកអង្គការសហប្រជាជាតិនានាសុទ្ធតែមានសិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកនានាដែរឬទេ»។
រដ្ឋាភិបាលប្រទេសស៊ុយអែតបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា ក្នុងទឹកប្រាក់ ប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ។ ជំនួយនេះ ជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរវាងកម្ពុជា និងស៊ុយអែត។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Annika ឯកអគ្គរាជទូតស៊ុយអែត ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ អ្នកស្រីបានបន្ថែម រដ្ឋាភិបាលស៊ុយអែត ក្នុងនាមជាមិត្តភ័ក្តិ និងជាដៃគូយូរអង្វែងរបស់កម្ពុជាបានធ្វើការជាមួយកម្ពុជា ដើម្បីប្រឆាំងនឹងភាពក្រីក្រ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។
នៅពេល VOA សួរអ្នកស្រី Annika ថា តើសំឡេងរបស់ប្រទេសប្រជាធិបតេយ្យជាច្រើនអាចនឹងមានសម្ពាធលើរដ្ឋាភិបាលកម្ពុជា ឬយ៉ាងណានោះ នៅពេលប្រទេសនេះត្រូវអ្នកវិភាគមួយចំនួនលើកឡើងថា បានជ្រើសរើសយកប្រទេសចិនធ្វើជាខ្នងបង្អែករួចទៅហើយ អ្នកស្រីថ្លែងថា ដើម្បីឲ្យកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចដែលគួរកត់សម្គាល់របស់ខ្លួនប្រកបដោយចីរភាពទៅបាននោះ ប្រទេសនេះ ត្រូវធ្វើសមាហរណកម្មទៅតាមទស្សនៈនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕