កាលពីថ្ងៃច័ន្ទ ទី៨ ខែមិថុនាកន្លងទៅនេះ ការស្រាវជ្រាវជាទូទៅមួយអំពីការជួញដូរផ្លូវភេទលើកុមារនៅកម្ពុជា បានរកឃើញថា ចំនួនជនរងគ្រោះនៃការជួញដូរផ្លូវភេទជាកុមារនៅកម្ពុជាកំពុងថយចុះ។
ការស្រាវជ្រាវជាទូទៅរបស់អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ ឬ International Justice Mission (IJM) ដែលជាអង្គការមួយដែលស៊ើបអង្កេតអំពីស្ថានភាពការជួញដូរផ្លូវភេទលើកុមារនៅកម្ពុជា បានរកឃើញថា ចំនួនកុមារកម្ពុជា អាយុចាប់ពី១៧ឆ្នាំចុះក្រោម ដែលជាជនរងគ្រោះនៃការជួញដូរផ្លូវភេទបានថយចុះគួរឲ្យកត់សម្គាល់ពី៨,៦ភាគរយនៅឆ្នាំ២០១២ មកត្រឹម២,២ភាគរយមកត្រឹមខែមិនា ឆ្នាំ២០១៥នេះ។
លោកស្រី Holly Burkhalter នាយិការងទទួលបន្ទុកខាងរដ្ឋាភិបាល និងការគាំពារមតិនៃ IJM បានប្រាប់វីអូអេខេមរភាសាថា ស្ថានភាពជួញដូរផ្លូវភេទកុមារមានភាពប្រសើរឡើងជាមុនខ្លាំង បើទោះបីជាភាពភ័យខ្លាចនៃការជួញដូរផ្លូវភេទនៅតែកើតមានឡើងក្តី។
«ប្រទេសកម្ពុជាមិនមែនជាប្រទេសគោលដៅទី១នៅក្នុងពិភពលោក ដែលកុមារត្រូវបានជួញដូរខាងផ្លូវភេទតទៅទៀតឡើយ»។
ការស្រាវជ្រាវនេះចង្អុលបង្ហាញថា សេវាពេស្យាកម្មនៅតែកើតមានឡើងជាពិសេសនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។ ក៏ប៉ុន្តែ ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ សេវាពេស្យាកម្មនៅក្នុងតំបន់ទាំងនេះបានថយចុះ ជាពិសេសការរំលោភបំពានខាងផ្លូវភេទលើកុមារ។
ក៏ប៉ុន្តែ ការជួញដូរផ្លូវភេទកុមារសម្រាប់សេវាពេស្សាកម្មនៅកើតមានដដែលនៅទីក្រុងភ្នំពេញ បើធៀបនឹងខេត្តសៀមរាប និងក្រុងព្រះសីហនុ។ ទោះជាយ៉ាងណាក្តី ការស្រាវជ្រាវនេះរកឃើញថា ចំនួនកុមារដែលត្រូវបានជួញដូរផ្លូវភេទបានថយចុះចំនួន៦៦ភាគរយក្នុងចន្លោះឆ្នាំ២០១២ និងឆ្នាំ២០១៥នៅទីក្រុងភ្នំពេញនេះ។
យ៉ាងណាមិញ អ្នកគាំពារមតិផ្សេងទៀត បានក្រើនរំឭកថា ការណ៍ដែលចំនួនកុមារដែលត្រូវបានជួញដូរផ្លូវភេទបានថយចុះនេះមិនមែនមានន័យថា ការកេងប្រវ័ញ្ចផ្លូវភេទរបស់កុមារនឹងថយចុះនោះទេ។ លោក Donald Brewster ស្ថាបនិកនៃអង្គការបេសកកម្មអន្តរជាតិ Agape ដែលធ្វើការដើម្បីលុបបំបាត់ការជួញដូរផ្លូវភេទ បានសរសេរនៅក្នុងអត្ថបទទស្សនៈឲ្យកាសែត the Washington Post កាលពីខែមុននេះថា វាឆាប់ពេកក្នុងការប្រកាសថាបេសកកម្មនេះត្រូវបានបញ្ចប់ហើយនោះ។
លោកថា៖ «ការជួញដូរកុមារីតូចៗឲ្យពួកបរទេសក្នុងតម្លៃរាប់ពាន់ដុល្លារនេះនៅតែកើតមានដដែល បើទោះបីជាស្ថានភាពនេះបានផ្លាស់ប្តូរក្តី បើធៀបកាលពី១០ឆ្នាំមុន»។
លោក Brewster បានសរសេរបន្ថែមថា៖ «នៅស្វាយប៉ាកសព្វថ្ងៃនេះ យើងឃើញថាគ្មានផ្ទះបនដែលកុមារត្រូវបានគេបង្គាប់ឲ្យឈរបក់ដៃហៅភ្ញៀវទៀតទេ។ ការណ៍ជួញដូរកុមារសម្រាប់សេវាពេស្យាកម្មក្នុងរូបភាពបែបនេះមិនមានទៀតទេ។ ក៏ប៉ុន្តែ ការជួញដូរផ្លូវភេទកុមារក្នុងរូបភាពលាក់បាំងកំពុងតែរីករាលដាល»។
លោកស្រី Burkhalter បានប្រាប់វីអូអេខេមរភាសាថា លោកស្រីយល់ស្របជាមួយនឹងការលើកឡើងនេះរបស់លោក Brewster។
«យើងដឹងថាបញ្ហានៅតែមាន។ ក៏ប៉ុន្តែ ភាពដែលខុសប្លែកពីមុននោះគឺថា ការជួញដូរនេះវាមិនមានស្ថានភាពបើកចំហរដូចមុន ដូចយើងចង់ទិញឆ័ត្រនៅតាមដងផ្លូវពេលណាក៏បាននោះទេ។ រឿងបែបនេះវាបានចប់ហើយ»។
លោក អេង សេងអ៊ីវ អគ្គនាយកអង្គការកម្ពុជាប្រឆាំងនឹងការជួយដូរកុមារ ឬហៅកាត់ថា Cambodia ACTs បានឲ្យដឹងថា តាមបរិបទកម្ពុជាសព្វថ្ងៃនេះ ការកំណត់ពីវិសាលភាពនៃអំពើជួញដូរផ្លូវភេទលើកុមារមានការពិបាក។
«វាលំបាកដែរក្នុងការធ្វើសន្និដ្ឋានថា តើករណីជួញដូរកុមារមានការកើន ឬក៏ថយចុះ ដោយសារតែមូលហេតុសំខាន់នោះ គឺរហូតមកដល់ពេលនេះ យើងមិនទាន់មានទិន្នន័យថ្នាក់ជាតិណាមួយ ដែលយើងគិតថាអាចប្រើប្រាស់បាន»។
លោក សេងអ៊ីវ យល់ថា ទោះជាយ៉ាងណាក្តី សេវាកម្មផ្លូវភេទនេះនៅតែកើតមានឡើង ជាពិសេសក្នុងរូបភាពកំសាន្តផ្សេងៗ។
«សេវាកម្មបម្រើផ្លូវភេទនេះគឺពិតជានៅបន្តមាន តាមរយៈរូបភាពបិទបាំង។ មានន័យថា ពួកគាត់អាចស្វែងរកសេវាបែបនេះនៅតាមកន្លែងដែលមានសេវាកំសាន្តផ្សេងៗ ដែលរាប់បញ្ចូលទាំង ការ៉ាអូខេ ហាងស្រាបៀរ៍ ឬក៏កន្លែងម៉ាស្សាជាដើម»។
លោក សេក សុផល អ្នកគ្របគ្រងគម្រោងរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីការការពារសិទ្ធិកុមារ (Cambodian Center for the Protection of Children's Rights) ក៏ទទួលស្គាល់ថា រូបភាពនៃការជួញដូរកុមារសម្រាប់សេវាពេស្យាកម្មបានផ្លាស់ប្តូរ ក្រោយពីរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការពង្រឹងច្បាប់ប្រឆាំងនឹងការជួញដូរមនុស្សជាបន្តបន្ទាប់មក។
«ការជួញដូរ ឬការកេងប្រវ័ញ្ចទៅលើកម្លាំងពលកម្មកុមារ ឬក៏ផ្លូវភេទកុមារនេះ គឺថា មានលក្ខណៈហាក់បីដូចជាអាថ៌កំបាំង ហើយមិនបញ្ចេញអ្វីច្រើនគួរឲ្យយើងចាប់អារម្មណ៍នោះទេ»។
លោកស្រី Burkhalter ថា រូបភាពនៃ«ការជួញដូរកុមារបែបលាក់បាំង»ទាំងនេះ មានន័យថា ជនឧក្រិដ្ឋមានការពិបាកក្នុងការកេងប្រវ័ញ្ចផ្លូវភេទកុមារ ហើយមិនអាចរកស៊ីបែបនេះដោយបើកចំហរបានទេ ដែលនេះមានន័យថា វាជារឿងល្អមួយ។ ក៏ប៉ុន្តែ លោកស្រី បានបញ្ជាក់ថា មិនទាន់មានការកំណត់នៃវិសាលភាពនៃការជួញដូរកុមារក្នុងរូបភាពលាក់បាំងនេះឡើយទេ ដោយសារគ្មានភ័ស្តុតាងជាក់ស្តែង។
«តើការសាបរលាបនៃរូបភាពជួញដូរផ្លូវភេទកុមារដោយបើកចំហរនេះមានន័យថា ករណីជួញដូរផ្លូវភេទលើកុមារទាំងអស់សុទ្ធតែកើតមានឡើងក្នុងរូបភាពលាក់បាំងមែនទេ? វាមិនមែនមានន័យដូច្នេះទេ។ បើគ្មានភ័ស្តុតាង យើងមិនអាចកំណត់លើបញ្ហានេះបានទេ។
ការស្រាវជ្រាវលើការជួញដូរផ្លូវភេទលើកុមារក្នុងឆ្នាំ២០១៥ បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងស្ថាប័នប៉ូលិសរបស់រដ្ឋាភិបាលកម្ពុជា ដែលពីមុនមិនសូវសកម្មក្នុងការចាត់វិធានការលើបញ្ហានេះ ជាមួយនឹងអង្គការអន្តរជាតិ និងជាតិជាច្រើនក្នុងការខិតខំទប់ស្កាត់ការជួញដូរផ្លូវភេទលើកុមារ។
លោកស្រី Burkhalter បានបញ្ជាក់ថា គោលនយោបាយការទូតរបស់រដ្ឋាភិបាលអាមេរិក រួមទាំងប្រទេសជាម្ចាស់ជំនួយផ្សេងៗទៀតក៏បានជួយឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការតឹងរ៉ឹងលើការជួញដូរផ្លូវភេទលើកុមារនេះ។
«កម្ពុជាមិនចង់មានឈ្មោះជាប្រទេសដែលជនបរទេសអាចទិញកុមារតូចៗទេ។ ហើយក្រុមការងាររបស់យើង ក៏ដូចជាអង្គការជាដៃគូបានរកឃើញបែបនេះមែន។ រដ្ឋាភិបាលកម្ពុជាបានអាម៉ាស់មុខ ដោយសារតែបញ្ហានេះ ហើយចង់បញ្ឈប់បញ្ហានេះ។ ហើយពួកគេពិតជាធ្វើកិច្ចការទប់ស្កាត់នេះបានច្រើនមែន»។
ប្រទេសកម្ពុជានៅតែមានឈ្មោះនៅក្នុងបញ្ជីលេខ2 នៃការិយាល័យឃ្លាំមើលការជួយដូរមនុស្ស បើយោងតាមរបាយការណ៍ជួញដូរមនុស្សរបស់ក្រសួងការបរទេសអាមេរិក។ លោកស្រី Burkhalter ថា បើកម្ពុជានៅតែឋិតក្នុងចំណាត់ការនេះ កម្ពុជាអាចនឹងបាត់បង់មូលនិធិឧបត្ថម្ភពីសហរដ្ឋអាមេរិក៕