នៅក្នុងតំបន់ Matabeleland ជនជាតិភាគតិច Ndebele ជាង ២ ម៉ឺននាក់ ត្រូវបានទាហានដែលហ្វឹកហាត់នៅកូរ៉េខាងជើងសម្លាប់នៅក្នុងប្រតិបត្តិការ Gukurahundi ដែលអនុញ្ញាតដោយរដ្ឋាភិបាលស៊ីមបាវ៉េ កាលពីពាក់កណ្ដាលទសវត្សរ៍ ១៩៨០។ នេះបើយោងតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្សនានា។
អ្នកស្រី Oppah Sikhosana ដែលជាស្ត្រីមេម៉ាយអាយុ ៧០ ឆ្នាំ មកពីតំបន់ Gatsheni-Matopo ដែលស្ថិតនៅចម្ងាយប្រមាណ ៦ រយគីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីហារ៉ារេ បាននិយាយថា ប្ដីរបស់អ្នកស្រីត្រូវគេចាប់ពង្រត់នៅក្នុងឆ្នាំ ១៩៨៥ ដោយសារតែធ្វើជាមេដឹកនាំក្រុមប្រឆាំងនៅថ្នាក់មូលដ្ឋាន។
អ្នកស្រីរំឭកថា នៅពេលនោះមានទាហាន៧នាក់ បានមកផ្ទះរបស់អ្នកស្រី។
អ្នកស្រី Oppah Sikhosana និយាយថា ទាហានទាំងនោះចង់ពិភាក្សារឿងមួយចំនួនជាមួយនឹងប្ដីរបស់អ្នកស្រីនៅខាងក្រៅផ្ទះ ហើយបន្តិចក្រោយមក អ្នកស្រីបានចេញទៅមើល។ ប៉ុន្តែ ទាហានម្នាក់បានប្រាប់អ្នកស្រីឲ្យចូលទៅក្នុងផ្ទះវិញ ហើយបន្ទាប់មកទាហាននោះបានចូលតាម និងចាប់រំលោភអ្នកស្រី។
បន្ទាប់ពីនោះមក អ្នកស្រីបានរត់គេចទៅទីក្រុង Bulawayo។
អ្នកស្រីបញ្ជាក់ថា រដ្ឋាភិបាលដែលប្រព្រឹត្តិឧក្រិដ្ឋកម្មទាំងនោះត្រូវតែផ្ដល់សំណងដល់ប្រជាជន ដើម្បីបង្ហាញថា ខ្លួនទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង។
អ្នកស្រីបានបន្ថែមថា អ្នកដែលបានវាយប្រយុទ្ធ និងពលីដើម្បីជាតិ មិនសមត្រូវរដ្ឋាភិបាលដែលពួកគេផ្ដល់អំណាចជូនសម្លាប់នោះទេ។ អ្នកស្រីថា រដ្ឋាភិបាលត្រូវតែត្រៀមសំណងដ៏ទូលំទូលាយមួយ។
អ្នកស្រីបន្តទៀតថា លោកប្រធានាធិបតី Emmerson Mnangagwa របស់ប្រទេសស៊ីមបាវ៉េនាពេលបច្ចុប្បន្ននេះ ធ្លាប់ធ្វើជារដ្ឋមន្ត្រីសន្តិសុខនៅសម័យលោក Robert Mugabe ធ្វើជានាយករដ្ឋមន្ត្រី ដូច្នេះពួកគេទទួលរងការរិះគន់ដូចៗគ្នា។
ប្រធានគណៈកម្មការសិទ្ធិមនុស្សប្រទេសស៊ីមបាវ៉េ លោក Elasto Mugwadi និយាយថា ការសម្លាប់រង្គាលក្នុងប្រតិបត្តិការ Gukurahundi នេះ គឺជាការរំលោភសិទ្ធិមនុស្ស។
លោក Mugwadi និយាយថា៖ «យើងដឹងអំពីការសម្លាប់រង្គាលនេះ ហើយការសម្លាប់រង្គាលនេះគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយសារតែវាបណ្ដាលឲ្យមានការបាត់បង់ជីវិតមនុស្ស បាត់បង់ទ្រព្យសម្បត្តិ ហើយច្បាប់សិទ្ធិមនុស្សរបស់យើងគឺជាបញ្ហាដ៏សំខាន់។ គ្មាននរណាម្នាក់ក្រៅពីព្រះជាម្ចាស់ មានសិទ្ធិដកហូតជីវិតនរណាម្នាក់បានទេ»។
អ្នកស្រី Netty Musanhu ដែលមកពីគណៈកម្មការសន្តិភាព និងការផ្សះផ្សាជាតិដែលបង្កើតឡើងដោយរដ្ឋាភិបាល បាននិយាយថា គណៈកម្មការនេះកំពុងស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «គណៈកម្មការនេះនឹងធ្វើការដោយផ្ដោតលើក្ដីព្រួយបារម្ភរបស់ជនរងគ្រោះ។ ខ្ញុំមិនអាចនិយាយទុកមុនថា យើងនឹងផ្ដល់សំណងដល់ជនរងគ្រោះនោះទេ ដោយសារតែយើងមិនបានទាក់ទងជនរងគ្រោះ។ អ្វីដែលយើងចង់ធ្វើគឺបង្កើតវេទិកា ដែលយើងអាចដឹងថាជនរងគ្រោះចង់បានអ្វីដូចជាការសុំទោស ឬក៏សំណងជាដើម ដែលនេះជាអ្វីដែលដំណើរការនេះនឹងធ្វើ»។
ដូចអ្នកកាន់តំណែងមុនមកដែរ លោក Mnangagwa បានបដិសេធមិនធ្វើការសុំទោស ប៉ុន្តែបាននិយាយថា លោកនឹងទទួលយកអនុសាសន៍នានាពីគណៈកម្មការសន្តិភាព និងការផ្សះផ្សាជាតិ ដែលគណៈកម្មការនេះបញ្ជាក់ថា នឹងបើកសវនាការសាធារណៈអំពីការសម្លាប់រង្គាលនេះ។
កាលពីដើមឆ្នាំនេះ លោក Zenzele Ndebele ដែលជាអ្នកកាសែត បានផលិតភាពយន្តឯកសាររយៈពេលជាងមួយម៉ោងកន្លះអំពីការសម្លាប់រង្គាលនៅទសវត្សរ៍ ១៩៨០ នេះ ហើយបន្ទាប់មក លោកត្រូវបានប៉ូលិសសួរចម្លើយ។ លោកបាននិយាយថា ទោះបីជាលោក Mugabe បានចាកចេញពីតំណែងក៏ដោយ ក៏រដ្ឋាភិបាលស៊ីមបាវ៉េនៅតែភ័យខ្លាចដដែល ហើយមិនចង់ឲ្យមានការពិភាក្សាអំពីបញ្ហានេះទេ។
លោកនិយាយថា ភាគច្រើននៃអ្នកដែលដឹកនាំប្រតិបត្តិការ Gukurahundi នេះ នៅតែកាន់តំណែងក្នុងរដ្ឋាភិបាលដដែល ដូចជាលោកអនុប្រធានាធិបតី Constantino Chiwenga ជាដើម ដែលកាលនោះជាមេបញ្ជាការកងពលតូចទទួលបន្ទុកវាយសម្រុកចូលផ្ទះរបស់ពួកប្រឆាំងនៅក្នុងតំបន់ Matebeleland។ លោក Ndebele ក៏បានលើកឡើងផងដែរពីលោកប្រធានាធិបតី Mnangagwa។
លោក Ndebele និយាយដូច្នេះថា៖ «សមមិត្តដែលបាននិយាយថា អ្នកដឹងទេ យើងមានបញ្ហាសត្វកន្លាត ហើយយើងសម្រេចប្រើថ្នាំបំពុល DDT។ បុរសដែលបាននិយាយថា អ្នកមានសុភមង្គល ដែលជាអ្នកដើរតាមមាគ៌ារបស់គណបក្ស ZANU-PF នោះ គួរតែមានបន្ថែមទៀតនៅលើភពផែនដីនេះ។ ដូច្នេះ អ្នកទាំងនោះគឺជាអ្នកដែលកំពុងកាន់អំណាចនៅពេលបច្ចុប្បន្ននេះ ដែលនិយាយអំពីលទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ។ ប៉ុន្តែ ប្រជាពលរដ្ឋបាននិយាយថា អ្នកទាំងនោះចាំបាច់ត្រូវប្រាប់ប្រជាពលរដ្ឋអំពីអ្វីដែលពួកគេបានធ្វើកាលពីអតីតកាល»។
ឱកាសនិយាយការពិតនេះប្រហែលជាអាចនឹងកើតឡើង ប្រសិនបើគណៈកម្មការសន្តិភាព និងការផ្សះផ្សាជាតិធ្វើតាមអ្វីដែលខ្លួនបាននិយាយ។
ករណីនេះប្រហែលជាអាចធ្វើឲ្យអ្នកស្រី Oppah Sikhosana ស្ងប់ចិត្តបាន ប៉ុន្តែ គណៈកម្មការភាគច្រើនដែលត្រូវបានបង្កើតឡើងកាលពីមុន មិនដែលផ្ដល់លទ្ធផលជាផ្លែផ្កាណាមួយនោះឡើយ៕
ប្រែសម្រួលដោយ ភី សុភាដា