ថ្លែងទៅកាន់អ្នកគាំទ្រគណបក្ស Zanu-PF នៅតំបន់ជនបទដែលជាស្រុកកំណើតរបស់លោក Robert Mugabe លោកប្រធានាធិបតី Emmerson Mnangagwa បានបញ្ជាក់ថាអតីតអ្នកដឹកនាំមិនអាចដើរបានតទៅទៀតទេដោយសារតែអាយុចាស់ជរាហើយលោកបានបន្ថែមថា អតីតមេដឹកនាំវ័យ៩៤ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅប្រទេសសិង្ហបុរី អស់រយៈពេលពីរខែកន្លងមកហើយជាទីកន្លែងដែលកំពុងសម្រាកព្យាបាលនៅទីនោះ។
លោក Mnangagwa បានថ្លែងថា៖
«យើងកំពុងយកចិត្តទុកដាក់ចំពោះអតីតប្រធានាធិបតី។ ឥឡូវនេះលោកគឺជាការទទួលខុសត្រូវរបស់យើង។ លោកគួរតែត្រឡប់មកវិញនៅខែកញ្ញាប៉ុន្តែយើងបានទទួលសារមួយថា ស្ថានភាពជំងឺរបស់លោកមិនមានលក្ខណៈល្អប្រសើរទេ។ ខ្ញុំបានទទួលសារខណៈពេលដែលខ្ញុំនៅទីនេះនិយាយថា លោកអតីតប្រធានាធិបតីមានសុខភាពល្អឡើងវិញឥឡូវនេះ ហើយនឹងត្រឡប់មកវិញនៅថ្ងៃទី៣០ខែវិច្ឆិកា។ បាទ ឥឡូវនេះលោកមិនអាចដើរដោយខ្លួនឯងបានទេតែយើងនឹងថែរក្សាលោក។ យើងបានផ្តល់ជូននូវអ្វីៗគ្រប់យ៉ាងតាមដែលលោកស្នើសុំ»។
បន្ទាប់ពីបានដឹកនាំប្រទេសស៊ីមបាវ៉េចាប់តាំងពីទទួលបានឯករាជ្យភាពរបស់ខ្លួនពីចក្រភពអង់គ្លេសនៅឆ្នាំ ១៩៨០ លោក Mugabe បានលាលែងពីមុខតំណែងកាលពីឆ្នាំមុនបន្ទាប់ពីមានសម្ពាធដែលដឹកនាំដោយយោធា។
លោក Mnangagwa ត្រូវបានតែងតាំងជាអ្នកស្នងតំណែងរបស់លោកហើយត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីកាលពីខែកក្កដា។
ចាប់តាំងពីលោក Mugabe បានលាលែងពីតំណែង លោកបានបង្ហាញមុខជាសាធារណៈតិចតួច ប៉ុន្តែលោកបានធ្វើដំណើរជាច្រើនដងទៅកាន់ប្រទេសសិង្ហបុរីជាទីដែលលោកបានទទួលការព្យាបាលជំងឺដោយមិនបានបញ្ជាក់ពីស្ថានជំងឺពិតប្រាកដ៕
ប្រែសម្រួលដោយលោក ហេង រស្មី