ទំនាស់ដីធ្លីបានបង្កអសន្តិសុខក្នុងជីវភាពរស់នៅរបស់ក្រុមប្រជាពលរដ្ឋរងគ្រោះ។ អសន្តិសុខផ្នែកជីវភាព មានដូចជាការប្រឈមនឹងភាពក្រីក្រ កង្វះអាហារ និងអាចបង្កឲ្យមានបញ្ហាផ្លូវចិត្តទៀតផង។ នេះបើតាមរបាយការណ៍ស្ទង់មតិមួយដែលចេញផ្សាយកាលពីដើមសប្តាហ៍មុន។
របាយការណ៍កម្រាស់ជាង១០០ទំព័រដែលមានឈ្មោះថា «សន្តិសុខមនុស្សនិងសិទ្ធិដីធ្លីនៅកម្ពុជា» ធ្វើឡើងដោយវិទ្យាស្ថានសម្រាប់សហប្រតិបត្តិការនិងសន្តិភាព មានការជួបសម្ភាសជនរងគ្រោះដោយសារទំនាស់ដីធ្លីជិត៤០០នាក់នៅក្នុងទីក្រុងភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តរតនគីរី ក្នុងនោះក៏មានប្រជាពលរដ្ឋនៃសហគមន៍បូរីកីឡា និងបឹងកក់ផងដែរ។
របាយការណ៍ដដែលក៏បានឲ្យដឹងដែរថា អសន្តិសុខដីធ្លីបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ ប៉ះពាល់បរិស្ថាននៃការរស់នៅ និងអាចនាំឲ្យមានអសន្តិសុខផ្លូវកាយ និងផ្លូវចិត្ត។ ហើយប្រជាជនក្រីក្រ ដែលមានការអប់រំតិចតួច និងស្ត្រីមេម៉ាយគឺជាអ្នកដែលងាយទទួលរងគ្រោះជាងគេ។
ដោយឡែក ការតាំងទីលំនៅថ្មីរបស់សហគមន៍ដែលត្រូវគេបណ្តេញចេញ ក៏ប្រឈមនឹងបញ្ហាជាច្រើនផងដែរ ដូចជាឱកាសការងារ ឬក៏សេវាសាធារណៈ។ នេះបើតាមចម្លើយរបស់សហគមន៍ដែលត្រូវបានគេបណ្តេញចេញពីផ្ទះសម្បែងនៅក្នុងរាជធានីភ្នំពេញ។
ឆ្លើយនឹងសំណួរថា៖ «តើអ្វីទៅជាបញ្ហាចម្បងដែលបង្កឲ្យមានអសន្តិសុខនៅក្នុងសហគមន៍?» ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងការស្ទង់មតិភាគច្រើន បានឲ្យដឹងថា បញ្ហាចម្បងរបស់ពួកគាត់គឺភាពក្រីក្រ បន្ទាប់មកគឺការរំលោភយកដី អំពើពុករលួយ និងកង្វះអាហារ។ ផ្ទុយទៅវិញ ប្រជាជនដែលចូលរួមធ្វើការស្ទង់មតិនេះឲ្យដឹងថា កម្មសិទ្ធិដីធ្លីជាប្រភពដ៏សំខាន់តែមួយគត់សម្រាប់ធានាដល់សន្តិសុខដីធ្លីរបស់ពួកគាត់។
លោកពូ សុវចនា អ្នកនិពន្ធរបាយការណ៍នៃការស្ទង់មតិនេះ និងជាអនុប្រធានវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព មានប្រសាសន៍ថា ស្ត្រីគឺជាអ្នកទទួលរងផលប៉ះពាល់ច្រើនបំផុត ដោយសារទំនាស់ដីធ្លីនេះ។
«យើងសិក្សាបន្ថែមរឿងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់គាត់ ដែលភាគច្រើនមិនចេញជាលក្ខណៈឲ្យយើងឃើញទេ។ ប៉ុន្តែនៅក្នុងចិត្តរបស់គាត់ មានការវេទនា និងមានភាពពុះកញ្ជ្រោលខ្លាំងណាស់លើការគាបសង្កត់ និងការយកដីធ្លីរបស់គាត់។ អ្នករងការប៉ះពាល់ធំបំផុតនោះគឺស្ត្រី»។
លោកបានបន្ថែមថា ការស្ទង់មតិនេះនឹងត្រូវដាក់ជូនក្រសួងដែលពាក់ព័ន្ធដើម្បីសិក្សាបន្តទៀត។
«ពួកខ្ញុំជឿជាក់ថា នេះគឺជាសំឡេង មតិរបស់ប្រជាពលរដ្ឋ ដែលយើងសិក្សាតែម្តង ដើម្បីឲ្យគាត់អាន ហើយយល់អំពីផលប៉ះពាល់ជាអវិជ្ជមានមួយចំនួន ដែលយើងស្រាវជ្រាវបាន ហើយលើកជាយុទ្ធសាស្រ្តមួយដើម្បីកែទម្រង់ ធ្វើម៉េចឲ្យពួកគាត់មានជីវភាព និងសេចក្តីថ្លៃថ្នូរ»។
កញ្ញាឡុង គឺមហ៊ាង មន្ត្រីនៃអង្គការសិទ្ធិលំនៅដ្ឋាន យល់ថា របាយការណ៍ខាងលើនេះគឺឆ្លុះបញ្ចាំងនូវអ្វីដែលប្រជាពលរដ្ឋរងគ្រោះដោយការបណ្តេញចេញនោះ បានជួបប្រទះ។ លើសពីនេះទៀត ពួកគាត់កំពុងតែប្រឈមនឹងការជំពាក់បំណុល និងការបាត់បង់ការសិក្សារបស់កូនចៅពួកគាត់ទៀតផង។
«ប្រជាជនដែលរងគ្រោះដោយសារការបណ្តេញចេញដោយបង្ខំហ្នឹង គឺគាត់មានជីវភាពក្រីក្រ។ គាត់បាត់បង់លំនៅដ្ឋាន។ គាត់ប្រឈមនឹងជំងឺវិបត្តិផ្លូវចិត្ត។ គាត់ប្រឈមទៅនឹងរឿងផ្សេងៗទៀត។ វាអាចគាត់មានបញ្ហាដល់ការជំពាក់បំណុលគេនិងកូនចៅបាត់បង់សាសារៀន។ វាមានលើសហ្នឹងទៀត ហើយរឿងនេះគឺវាពិតមែន»។
ក៏ប៉ុន្តែ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោលរបាយការណ៍មួយនេះ ដោយលោកមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានធ្វើការលើរឿងនេះមួយជំហានរួចមកហើយ។ ហើយរបាយការណ៍មួយនេះទៀតសោតគឺមិនតំណាងឲ្យតថភាពនៅក្នុងសង្គមកម្ពុជានោះទេ ដោយការស្ទង់មតិមួយនេះធ្វើឡើតែកន្លែងដែលមានការប៉ះពាល់ដីធ្លីប៉ុណ្ណោះ។
«ការលើកឡើងគ្រាន់តែជាការលើកឡើងក្រោយស្ថានភាពដែលរដ្ឋាភិបាលបានដើរពីរបីជំហានរួចមកហើយ។ ករណីខ្លះគួរឲ្យស្តាយ ពីព្រោះមានការករណីនៃអង្គការក្រៅរដ្ឋាភិបាលច្រើនណាស់កំពុងតាក់តែងតួលេខឬរបាយការណ៍គ្រាន់តែជានិន្នាការក្នុងការវាយប្រហារឬបំភ្លៃពីការណ៍ពិតនៅកម្ពុជាតែប៉ុណ្ណោះ»។
ការស្ទង់មតិ «សន្តិសុខមនុស្សនិងសិទ្ធិដីធ្លីនៅកម្ពុជា» នេះក៏បានឲ្យដឹងទៀតដែរថា ប្រជាជនចង់ឲ្យរដ្ឋាភិបាលកម្ពុជាធ្វើយុទ្ធសាស្រ្តសម្រាប់ការប្រើប្រាស់ និងកម្មសិទ្ធិដីធ្លី ដោយផ្តោតលើជីវភាពរស់នៅរបស់ប្រជាជនជាជាងការវិនិយោគ និងនយោបាយ។ ជាងនេះទៅទៀត ភាពអយុត្តិធម៌និងការបំពានសិទ្ធិដីធ្លីនៅកម្ពុជាគួរត្រូវបានដោះស្រាយ ហើយរដ្ឋាភិបាលគួរតែផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់កម្មសិទ្ធិទាំងអស់ ជាពិសេសអ្នកដែលមានដីតូចៗ៕