ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រងគ្រោះ​ទំនាស់​ដីធ្លី​ដាក់ញត្តិ​នៅ​ស្ថានទូត​អាមេរិក​សុំ​ឲ្យMichelle Obama អន្តរាគមន៍


រូបឯកសារ៖ ក្រុម​សកម្មជន​ដីធ្លី​បឹងកក់​បាន​ធ្វើការ​តវ៉ា​ដោយ​អង្គុយ​នៅ​ក្បែរ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មនុស្ស​១៩នាក់​ពី​ពន្ធនាគារ នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥។
រូបឯកសារ៖ ក្រុម​សកម្មជន​ដីធ្លី​បឹងកក់​បាន​ធ្វើការ​តវ៉ា​ដោយ​អង្គុយ​នៅ​ក្បែរ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មនុស្ស​១៩នាក់​ពី​ពន្ធនាគារ នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥។

មួយ​សប្តាហ៍​មុន​លោក​ស្រី ​មីសែល​ អូបាម៉ា ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ក្រុម​ស្ត្រី​សកម្ម​ជន​ដី​ធ្លី​នៅ​ក្នុ​ង​សហគមន៍​ន៍​ចំនួន​បួនបាន​ស្នើ​ឲ្យ​លោក​ស្រី​ភរិយា​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អេមរិក​បារ៉ាក់ អូបាម៉ា​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះស្រាយបញ្ហា​របស់​ពួក​គេ។​

លោកស្រី​ភរិយា​ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក​នឹង​មក​បំពេញ​ទស្សកិច្ច​នៅ​ខេត្ត​សៀមរាបនៅ​ថ្ងៃ​ទី​២១​ និង​២២​ខែ​មិនា​នេះ ​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ច​នៃ​គោល​នយោបាយ ​«គម្រោងផ្តល់​ឱកាស​ឲ្យសិស្ស​ស្រីបាន​សិក្សា»។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​ស្ត្រី​មក​ពី​សហគមន៍​ន៍​បឹងកក់ ​បុរីកីឡា ​សហគមន៍​ន៍​ព្រលាន​យន្តហោះ​ (SOS)​ និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ ​ដែល​កំពុង​តែ​មាន​ទំនាស់​ដីធ្លី​បាន​ដាក់​ញ្ញត្តិ​ទៅ​កាន់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ដើម្បី​ស្នើ​ដល់​លោកស្រី​មីសែល​ អូបាម៉ា​ជួយ​ធ្វើ​អន្តរាគមន៍​ដោះ​ស្រាយ​ជម្លោះ​ដ៏រ៉ាំរ៉ៃ​របស់​ពួក​គេ និង​ស្នើ​ឲ្យ​មាន​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​ដែល​ជា​សកម្ម​ជន​ដីធ្លី​ចំនួន​១១​នាក់​ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ​ដោយសារ​សកម្ម​ភាព​តវ៉ា​របស់​ពួក​គេ។​

មន្ត្រី​ស្ថាន​ទូត​អាមេរិក​បាន​ចេញ​មក​ទទួល​ញ្ញត្តិ​នោះ។​

អ្នក​ស្រី​យ៉ោម​ បុប្ផា ​តំណាង​ស្ត្រី​បឹង​កក់​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​មុខ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ថា​ មន្ត្រី​ទូត​បាន​សន្យា​ថា ​នឹង​ជួយ​បញ្ជូន​លិខិត​នេះ​ទៅ​កាន់​លោក​ស្រី​ដែល​ជា​ភរិយា​ប្រធានាធិបតីអាមេរិក។​

«ខ្ញុំ​បាន​និយាយ​ប្រាប់​គាត់​ថា​ សេចក្តី​សង្ឃឹម​របស់​ខ្ញុំ​ចំពោះ​លោក​ជំទាវ​មីសែល​ អូបាម៉ា ​ដែល​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នេះ​គឺ​ជា​សេចក្តី​សង្ឃឹម​របស់​ស្ត្រី​ដែល​រង​គ្រោះ​នៅ​តំបន់​បឹងកក់។ ​ហើយ​គាត់​ថា​ គាត់​នឹង​បញ្ជូន​លិខិត​នោះ​ទៅ​តាម​លំដាប់​លំដោយ​នៃ​ស្ថាន​ទូត​របស់​គាត់»។​

ស្ត្រី​នៃ​សហគមន៍ដីធ្លី​ទាំង​បួន​មាន​ទំនាស់​ដីធ្លី​យ៉ាង​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​ហើយ​នៅ​តែ​មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​សម​ស្រប​ណាមួយ​នៅ​ឡើយ​ទេ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ទាំង​នេះ​ធ្វើ​ការ​តវ៉ា​ជា​ញឹកញាប់​ ហើយ​ក៏​ទទួល​បាន​ការ​បង្រ្កាប​ និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ផង​ដែរ។​

លោក​ផៃ​ ស៊ីផាន ​រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​អធិប្បាយថា ការដាក់​ញត្តិ​ជូន​លោក​ស្រី​ភរិយា​ប្រធានាធិបតី​អូបាម៉ា មិន​មែន​ជា​ការ​សម​ស្រប​នោះ​ទេ។​

«យក​ញ្ញត្តិ​ដែល​ជា​បញ្ហា​របស់​គាត់​ជាមួយ​នឹង​អាជ្ញាធរ​នៅ​កម្ពុជា​ទៅ​ជូន​លោក​ជំទាវ​មីសែល ​មិន​សម​ស្រប​ទេ ​ពីព្រោះ​ការ​ទស្សនកិច្ច​របស់​លោក​ជំទាវទី១មក​កាន់​កម្ពុជា​នេះ​គឺ​ក្នុង​ទិសដៅ​នៃ​ទស្សនកិច្ច​វប្បធម៌​សុទ្ធសាធ។​

​មន្ត្រី​ស្ថាន​ទូត​អាមេរិក​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​សារ​អេឡិចត្រូនិក​របស់​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​អំពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​នេះ៕

XS
SM
MD
LG