លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងការពារចំណាត់ការតុលាការចំពោះករណីចាប់ខ្លួនបុគ្គលចេញសែកគ្មានសាច់ប្រាក់ ដែលសំដៅលើអ្នកនយោបាយលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន គឺជាវិធានការតាមផ្លូវច្បាប់ ហើយមិនមែនជារឿងនយោបាយឡើយ។ លោក ហ៊ុន សែន ក៏បានព្រមានប្តឹងគណបក្សជំទាស់មួយនេះចំពោះការចោទថាគណបក្សកាន់អំណាចកំពុងគាបសង្កត់គូប្រជែងរបស់ខ្លួន។
លោក ហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជាមិនបានបញ្ចេញឈ្មោះបុគ្គលនោះចំៗទេ តែកាលពីពេលថ្មីៗនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនអនុប្រធានគណបក្សភ្លើងទៀនម្នាក់គឺលោក ថាច់ សេដ្ឋា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលអាចទទួលការដាក់ទោសបានតាមមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
នៅឯពិធីពិនិត្យវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យមួយ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោកហ៊ុន សែន ថ្លែងថាការចេញឧបរកណ៍ទូទាត់សាច់ប្រាក់ដែលមិនអាចប្រើការបានគឺជាទង្វើខុសច្បាប់។
លោកថ្លែងថា៖ «ហើយរឿងជាប់ខ្នោះទាំងអស់មិនមែនជារឿងនយោបាយឯណា! អារឿងអាណាជាប់ខ្នោះមួយនោះ អាហ្នឹងរឿងអ្នកឯងរកស៊ីជំពាក់លុយគេ ហើយចេញសែក ហើយអាហ្នឹងគឺវាធម្មតា មិនថា អ្នកណាទេ ចេញសែកអត់លុយ ត្រូវជាប់គុកហើយ ត្រូវជាប់ខ្នោះចឹងតាហ្មង។ អាហ្នឹងគេហៅឧបករណ៍ជួញដូរបាននោះ។ គេមានច្បាប់ មានទម្លាប់របស់គេ»។
លោកហ៊ុន សែន បន្តព្រមានប្តឹងបុគ្គលណាដែលនិយាយមាក់ងាយគណបក្សប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងប្រទេសកម្ពុជាជាង៤០ឆ្នាំ។ លោកក៏បានបរិហារសេចក្តីថ្លែងការណ៍មួយរបស់គណបក្សភ្លើងទៀន ដែលចោទត្រង់ៗថាគណបក្សកាន់អំណាច កំពុងគាបសង្កត់គូប្រជែង និងព្រមានប្តឹងតាមផ្លូវច្បាប់បើមិនមានការសុំអភ័យទោស។
លោកហ៊ុន សែន ថ្លែងថា៖«ម្សិលមិញដូចជាចេញសេចក្តីថ្លែងការណ៍មួយថា គណបក្សកាន់អំណាចគាបសង្កត់។ ឥឡូវខ្ញុំចង់ឲ្យមេធាវីរបស់ មេធាវីគណបក្សប្រជាជនសិក្សាអាសេចក្តីថ្លែងការណ៍ពីម្សិលហ្នឹងទៀតឲ្យហ្ហែងសុំទោស មិនសុំទោសប្តឹងឯងទៀត។ ខ្ញុំមើលឃើញអាហ្នឹងតែខ្ញុំមិនទាន់បាននេះទេ។ ខ្ញុំប្រាប់ទៅមេធាវីរបស់គណបក្សប្រជាជន មើលសេចក្តីថ្លែងការណ៍ហ្នឹង។ គណបក្សកាន់អំណាចវាមានតែគណបក្សប្រជាជន។ គំរាមហ្ហែងពីអង្កាល់ គំរាមនៅណា! និយាយគ្នាឲ្យច្បាស់មើល! បើហ្ហែងមិនដកពាក្យហ្នឹងទេ ប្តឹងមួយទៀត ប្តឹងទៀត»។
ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ កើតឡើង បន្ទាប់ពីគណបក្សភ្លើងទៀន ចេញសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី១៨ ខែមករានេះ ដោយលើកឡើងតាមន័យដើមថា៖ «គណបក្សភ្លើងទៀន ប្រឆាំងដាច់ខាតលើការគាបសង្កត់ ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយគ្រប់រូបភាពពីគណបក្សកាន់អំណាច ដោយទាមទារឲ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់»។
វីអូអេមិនអាចទាក់ទងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ។
ដោយឡែកមេធាវីការពារក្តីលោកថាច់ សេដ្ឋា គឺលោកសំ សុគង់ អះអាងថាសំណុំរឿងកូនក្តីលោកអាចមានទំនាក់ទំនងនឹងរឿងនយោបាយ ក្រោមហេតុផលថាបញ្ហាខ្ចីប្រាក់គឺជារឿងរដ្ឋប្បវេណី ដែលមិនត្រូវមានការចាប់ចងទេ ហើយថារឿងនេះបានកើតឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ តែបែរជាតុលាការមានវិធានការក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។
លោកប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា៖ «សំណុំរឿងរដ្ឋប្បវេណីទាក់ទងនឹងការខ្ចីប្រាក់ ខ្ចីប្រាក់បរិភោគ អាហ្នឹងចំណុចទីមួយ។ ចំណុចទីពីរ ដែលខ្ញុំយល់ថា វាអាចនឹងមានការពាក់ព័ន្ធនយោបាយដោយសារលោកថាច់ សេដ្ឋា គាត់ជាអនុប្រធានគណបក្សភ្លើងទៀន ហើយមួយទៀតគឺសំណុំរឿងក្តីនេះ គឺដើមបណ្តឹងប្តឹងតាំងពីឆ្នាំ២០១៩ហេតុអីបានទើបតែយកមកអនុវត្តនៅពេល២០២៣នេះ អានេះជាចំណុចដែលយើងពិនិត្យ»។
អ្នកវិភាគនយោបាយ លោក សេង សារី យល់ថាគណបក្សភ្លើងទៀនគួរមានការប្រុងប្រយ័ត្នចំពោះការប្រើសារនយោបាយ ខណៈថា្នក់ដឹកនាំគណបក្សភ្លើងទៀនកំពុងរងការប្តឹងផ្តល់ និងព្រមានជាបន្តបន្ទាប់ មុនការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
លោកថ្លែងថា៖ «អ្វីដែលគណបក្សភ្លើងទៀនអាចធ្វើបាន ទីមួយគឺឈរលើភាពអត់ធ្មត់ឲ្យបានខ្ពស់ ពិនិត្យមើលរាល់សារនយោបាយរបស់ខ្លួនឡើងវិញ ព្យាយាមធ្វើម៉េច ឃោសនាទៅលើសារនយោបាយរបស់ខ្លួន ឲ្យបានកាន់តែខ្លាំងជាងមុន កាត់បន្ថយការចោទ កាត់បន្ថយការជេរប្រមាថ កាត់បន្ថយការលាបពណ៌អីជាដើម។ ដូច្នេះ ខ្ញុំមិនដឹងថាមានមធ្យោបាយណាល្អជាងហ្នឹងទេ ប៉ុន្តែខ្ញុំមើលឃើញថាភាពអត់ធ្មត់ខ្ពស់ គឺជាមធ្យោបាយតែមួយគត់ដែលអាចឆ្លងដំណាក់កាលដ៏លំបាកនេះ»។
គួររំឭកថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សនេះផ្ទាល់ ត្រូវបានគេមើលឃើញថាទទួលរងការព្រមានខាងផ្លូវច្បាប់ជាញឹកញាប់ពីគណបក្សកាន់អំណាច ក្នុងនោះមានលោក គង់ គាំ ទីប្រឹក្សារបស់គណបក្សភ្លើងទៀន ដែលបានព្រមប្រគល់ផ្ទះ និងដី មានទំហំជាងកន្លះហិកតា ក្នុងខណ្ឌចំការមន ឱ្យក្រសួងការបរទេស ទៅតាមការស្នើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕