ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​នឹង​ប្រកាស​សេចក្តីសម្រេច​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​ពីរ​ខុសគ្នា​ក្នុង​ថ្ងៃ​តែ​មួយ​


លោក នី សុខា (ឆ្វេង) និង​លោក ណៃ វង់ដា (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
លោក នី សុខា (ឆ្វេង) និង​លោក ណៃ វង់ដា (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

លោក​ឡោ ជុនធី​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​៣រូប​ដែល​ការពាក្តី​ឲ្យ​​មន្រ្តី​អាដហុក​ទាំង​នោះ​ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​របង​តុលាការ​កំពូល​ថា​ ​ការ​បន្ត​ឃុំ​ខ្លួន​កូនក្តី​របស់​លោក​​គឺជា​ការ​រំលោភ​សិទ្ធិ​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ។​ ​

តុលាការ​កំពូល​នឹង​ប្រកាស​សេចក្តី​សម្រេច​លើ​សំណុំ​រឿង​សុំនៅ​ក្រៅ​ឃុំ​របស់​មន្រ្តី​អាដហុក​៤រូប​ ​និង​មន្រ្តី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប​ ព្រមទាំង​សំណុំ​រឿង​មួយ​ទៀត​របស់​លោក​គឹម សុខ​ ​នៅ​ថ្ងៃទី​២៨​ ​ខែ​មិថុនា​ខាង​មុខ​ព្រមគ្នា​ ​ក្រោយពីក្រុម​មេធាវី​របស់​ពួកគេ​ ​បាន​រៀបរាប់ពី​មូលហេតុនៃ​ការ​ស្នើ​ ​និង​ការ​ធានា​ដើម្បី​ឲ្យ​ពួកគេ​បាន​នៅ​ក្រៅ​ឃុំ។​

មន្រ្តី​ទាំង​៥រូប​នោះ​ ដែល​សុទ្ធ​តែ​មាន​វ័យ​ចំណាស់​ ​និង​មាន​ជំងឺ​ប្រចាំកាយ​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី​ ​និង​សមគំនិត​សូកប៉ាន់​សាក្សី​ ​ទាក់ទង​នឹង​សំណុំ​រឿង​គួរឲ្យ​មន្ទិល​ពាក់​ព័ន្ធ​នឹងរឿង​ស្នេហា​រវាង​លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ស្រ្តី​ធ្វើ​ការ​នៅ​ហាង​កាត់​សក់​មួយ​កន្លែង​ ​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៦។​ ​រហូត​មក​ដល់​ពេល​នេះ​ពួកគេ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួនដើម្បី​ស៊ើប​អង្កេតអស់​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​ ​ដោយ​មិន​ទាន់​មាន​ការ​កាត់​ទោស​ណា​មួយ​នៅ​ឡើយ។​

ក្នុង​សវនាការ​នា​ព្រឹក​នេះ​ ​មិនមាន​វត្តមាន​របស់​លោក​ ​នី ចរិយា​ ​អគ្គលេខាធិការរង​ ​គ.ជ.ប.​ ​នោះ​ទេ។​ ចំណែក​លោក​ណៃ វ៉ង់ដា​បាន​សម្រាក​នៅខាងក្រៅ​សាល​សវនាការ​ ដោយ​សារ​កំពុង​មាន​ជំងឺ​មិនអាច​ឆ្លើយ​ក្នុង​សវនាការ​បាន។​ ​ក្នុង​សាល​សវនាការ​ដែល​ពុំ​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌​មាន​ថត​សំឡេង​ ឬ​រូបភាព​ ​មន្រ្តី​អាដហុក​៣​រូប​ ដែល​ឈរ​ចំពោះ​អង្គ​ជំនុំ​ជម្រះ​ ​បាន​ឆ្លើយម្តង​ម្នាក់ៗ ​ប្រាប់​ពី​មូលហេតុ​ដែល​ពួកគេ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ។​

លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​នី សុខា​ លោក​ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា។ (VOA Khmer)
លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​នី សុខា​ លោក​ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា។ (VOA Khmer)

លោក​នី សុខា​ ​ដែល​បាន​ដួល​សន្លប់​ក្នុង​បន្ទប់​ទឹកនៃ​ពន្ធនាគារ​ព្រៃ​ស​កាលពី​ថ្ងៃអាទិត្យ​ ​បាន​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​ទាំង​កំពុ​ង​មាន​ជំងឺ​ថា​ ​លោក​ស្នើសុំនៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាលជំងឺ ​និង​មាន​ពេល​នៅ​ក្បែរគ្រួសារ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព។​ ​ចំណែក​មន្រ្តី​អាដហុក​ផ្សេង​ទៀត​ ​រួម​មាន​លោកស្រី​លឹម មុនី​ ​និង​លោក​យី សុខសាន្ត​សុទ្ធ​តែ​បាន​លើក​ឡើង​ស្រដៀង​គ្នា​ ​និង​បាន​សន្យា​ដាក់​របស់​ធានា​ផ្សេងៗ​ ​ដូចជា​ប្លង់​ផ្ទះ​ ​លិខិត​ឆ្លងដែន​ ​និង​ប្រាក់​តម្កល់​មួយ​ចំនួន​ ​ដើម្បី​ធានា​ថា​ ​ពួកគេ​នឹង​មិនគេច​វេស​ពី​សវនា​ការ ​ពេល​មាន​ការ​កោះហៅ​ណា​មួយ។​

ចំណែក​ក្រុម​មេធាវី​៣រូប​របស់​មន្រ្តីអាដហុក​ទាំង​នោះ​ក៏​បាន​លើកឡើង​ពី​ច្បាប់ជាតិ​ ​និង​ច្បាប់អន្តរជាតិ ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នៃ​ការ​មិន​ត្រូវ​បានឃុំ​ខ្លួន​ក្នុង​ករណី​ដែល​តុលាការ​មិនទាន់​រក​ភស្តុតាង​គ្រប់គ្រាន់​ដើម្បីដាក់​បន្ទុក​កូនក្តី​របស់​ពួកគេ។ ​មេធាវី​ទាំង​នោះ​ក៏​បានលើក​ឡើង​ពី​មូលហេតុ​នៃ​ភាព​ចាស់ជរា ​ការ​មាន​ជំងឺ​ប្រចាំ​កាយ​ ព្រមទាំង​បាន​អះអាង​ថា ​កូនក្តី​របស់ពួក​គេ​ធ្វើ​តាម​ការ​បង្គាប់របស់​តុលាការ​គ្រប់បែប​យ៉ាង ​ដើម្បី​ទទួល​បាន​ការ​នៅ​ក្រៅ​ឃុំ​ ​មុន​ពេល​មានការ​ជំនុំ​ជម្រះ។​

ក្រោយ​ការ​ស្នើសុំ​ ​និង​ការ​សន្និដ្ឋាន​របស់​មន្រ្តី​អាដហុក​ ​និង​មេធាវី​របស់​ពួកគេ​ជាង​១​ម៉ោង​ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​គឺ​លោកស្រី​គឹម សត្ថាវីក៏​បាន​កំណត់​ពេល​ប្រកាស​សេចក្តី​សម្រេច​លើ​សវនាការ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេនៅ​ថ្ងៃ​ទី២៨ ​ខែ​មិថុនា។​

លោក​ឡោ ជុនធី​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​៣រូប​ដែល​ការពាក្តី​ឲ្យមន្រ្តី​អាដហុក​ទាំង​នោះ​ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​របង​តុលាការ​កំពូល​ថា​ ​ការ​បន្ត​ឃុំ​ខ្លួន​កូនក្តី​របស់​លោកគឺជា​ការ​រំលោភ​សិទ្ធិ​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ។​ ​លោក​បន្ថែម​ដោយ​រំពឹង​ថា​ ​តុលាការ​នឹង​សម្រេច​ឲ្យ​កូនក្តី​របស់​លោក​ដែល​មាន​វ័យ​ចំណាស់ ​និង​កំពុង​មាន​ជំងឺ​ប្រចាំកាយ​ ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ។

លោកឡោ ជុនធី​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖​

«និយាយ​ឲ្យចំ​ប៉ះពាល់​សិទ្ធិសេរីភាព​របស់​គាត់​ធ្ងន់ធ្ងរ​ ព្រោះ​ពេល​នេះ​គាត់​ចាស់ ​ហើយ​គាត់​ឈឺ​ហើយ​សុខភាព​កាន់​តែ​ដុនដាប។​ ​មាន​មូលហេតុ​មួយ​ចំនួនដែល​ពាក់ព័ន្ធ គាត់​បាន​និយាយ​អម្បាញ់​មិញថា​ វា​ចង្អៀត​ផង ​អី​ផង ​នៅក្នុង​ហ្នឹង។​ ដល់​អីចឹង​ទៅ​ ​សុខភាព​គាត់​ដូចជា​រាង​ដុនដាប​ផង។ ​ហើយ​មួយ​រយៈ​ចុង​ក្រោយ​ហ្នឹង​ ​ពេទ្យ​ខាង​លីកាដូ​ហ្នឹង​គាត់​អត់​បាន​ចូល​ពិនិត្យ​បាន​ត្រឹមត្រូវ។​ ជាក់ស្តែងយើង​បាន​ដាក់​លិខិត​រំឭក​ទៅ​ចៅ​ក្រម​ថា​ សូមឲ្យ​ពេទ្យ​បាន​ចូលដែរ​ តែ​ក្រោយ​មក​គេ​ឲ្យ​ចូល​ដែរ ​តែ​មេធាវី​ត្រូវ​នាំ​ចូល​ទៀត​ ដល់​អីចឹងវា​មាន​ការ​ឆកល្វែង»។​

លោក ឡោ​ ជុនធី​ មេធាវីការពារក្តីឲ្យ​មន្ត្រីសិទ្ធិ​មនុស្ស​អាដហុក​ ថ្លែងទៅកាន់​ក្រុមអ្នក​សារព័ត៌មាន​ក្រោយ​ សវនាការ​នៅ​សាលាឧទ្ធរ​ណ៍​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី២៤ ខែឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)​
លោក ឡោ​ ជុនធី​ មេធាវីការពារក្តីឲ្យ​មន្ត្រីសិទ្ធិ​មនុស្ស​អាដហុក​ ថ្លែងទៅកាន់​ក្រុមអ្នក​សារព័ត៌មាន​ក្រោយ​ សវនាការ​នៅ​សាលាឧទ្ធរ​ណ៍​នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី២៤ ខែឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)​

នេះ​ជា​លើក៣​ហើយ​ ​ដែល​តុលាការ​កំពូល​បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្រ្តី​អាដហុក​ ​និង​មន្រ្តី​គ.ជ.ប.ទាំង៥​រូប។​ ​បើទោះ​បី​ជា​កន្លង​មកមន្រ្តី​អាដហុក​ និង​មេធាវី​របស់​ពួក​គេ​ទាំង​នោះ​បាន​សន្យា​ដាក់​វត្ថុ​ផ្សេងៗ​ជា​ការ​ធានា​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​ក៏ដោយ​ ក៏​ប៉ុន្តែតុលាការ​គ្រប់​ជាន់​ថ្នាក់​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មន្រ្តី​ទាំង​នោះ​ ​ដោយ​លើក​មូលហេតុ​ថា​ ​ការ​ស៊ើប​អង្កេត​មាន​ផល​លំបាក។​ ​ដូច្នេះ​ត្រូវ​បន្ត​ឃុំ​ខ្លួនពួកគេ​ដើម្បី​ស៊ើប​អង្កេត​ ​និង​រងចាំ​ការ​ជំនុំ​ជម្រះ​ ​ព្រមទាំង​លើក​ឡើង​ថា​ ​ការ​ដោះលែង​ឲ្យពួកគេ​នៅ​ក្រៅ​ឃុំ​នឹង​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម។​

ការ​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ​បាន​រង​ការ​រិះគន់​ជា​ច្រើន​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ ​និង​អន្តរជាតិ​ ដោយ​លើក​ឡើង​ថា​ ការ​ឃុំ​ខ្លួន​ពួកគេជាង​១​ឆ្នាំ​ ដោយ​គ្មានការ​កាត់ក្តីនេះធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ជាប់ចោទ​ទាំង​នោះ។​

តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ ​ក៏​បាន​បើក​សវនាការ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​គឹម សុខ​ ​អ្នក​វិភាគនយោបាយមួយ​រូប​ ​ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ប្តឹងពីបទញុះញង់ឲ្យប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជា​អាទិ៍​ ​និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែងរបស់​លោកគឹម សុខ​ ​ដែល​ថា​ ​រដ្ឋា​ភិបាល​ជា​អ្នក​រៀបចំ​ឃាតកម្ម​លើលោក​កែម ឡី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ដ៏​ល្បី​ ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់កាល​ពី​ខែ​កក្កដា​ ​ឆ្នាំ​មុន។​

រូបឯកសារ៖ លោក​ គឹម សុខ​ អ្នកវិភាគនយោបាយ​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​ គឹម សុខ​ អ្នកវិភាគនយោបាយ​ (ហ៊ុល រស្មី/VOA)

បន្ទាប់​ពី​ការ​ថ្លែង​តទល់​ ​និង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ក្នុង​ការ​ការពារ​ក្តី​យ៉ាង​ស្វិតស្វាញរវាងលោកគី តិច ​មេធាវី​តំណាង​អោយ​លោកហ៊ុន សែន​ ​ដែល​ជាដើម​បណ្តឹង​ ជាមួយលោកគឹម សុខ ​និងមេធាវី​របស់​លោក​គឺ​លោកជូង ជូងី​នោះ​ ​លោកស្រី​គឹម សត្ថាវី ​ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​ក៏​បានកំណត់ប្រកាស​សេចក្តី​សម្រេច​ នៅថ្ងៃទី​២៨ ​ខែ​មិថុនា​ គឺ​ចំ​ថ្ងៃប្រកាស​សេចក្តី​សម្រេចសំណុំ​រឿង​មន្រ្តី​អាដហុក​ដែរ។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ប្រាប់​ ​VOAនា​ល្ងាចថ្ងៃ​ពុធ​នេះថា​ ​បើ​តាម​បរិបទ​នយោបាយ​ក្នុង​ពេល​បច្ចុប្បន្ន​ ​សំណុំ​រឿង​របស់​មន្រ្តី​អាដហុក​ ​និង​មន្រ្តី​គ.ជ.ប.​ ​ហាក់​គ្មាន​សញ្ញាណ​ណាមួយ​បង្ហាញ​ថា​ ​ពួកគេ​អាច​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​តុលាការ​បាន​យោង​លើ​ផ្លូវ​ច្បាប់​សម្រាប់​បន្ត​ឃុំ​ខ្លួន​មន្រ្តី​ទាំង​នោះ​ ​ក៏ប៉ុន្តែ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្សរូប​នេះ​យល់​ថា​ ​តុលាការ​គួរ​តែ​ដល់​ពេលដោះ​លែង​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ចំណាស់​ទាំង​នោះ​ដើម្បី​ពួកគេ​បាន​ព្យាបាល​ជំងឺ​ ​និង​អាច​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ពួក​គេ​វិញ។​

លោកអំ សំអាត​បញ្ជាក់​ប្រាប់​ ​VOA​ ​ថា៖​

«បើសិន​យើង​មើល​ទៅ​លើ​វិស័យ​សិទ្ធិ​មនុស្ស​វិញ​ ​ដូច​អ្វី​ដែល​គណៈ​កម្មាធិការ​ធ្វើ​ការ​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​ដោយ​បង្ខំ​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​ចេញ​នោះ​ ​គឺ​គេ​ថា ​ការឃុំ​ខ្លួន​អ្នក​ទាំង​៥​នាក់​ហ្នឹងជាការ​ឃុំ​ខ្លួន​ដោយ​បង្ខំ ​ហើយ​វា​ធ្វើ​ឲ្យប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព ​និង​សុខភាព​អ្នក​ទាំង​អស់​នោះ»។

លោក អំ សំអាត ​ ប្រធានការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ។
លោក អំ សំអាត ​ ប្រធានការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ។

លោក​អំ សំអាត​បន្ថែម​ថា​ មន្រ្តី​អាដហុក​ ​និង​មន្រ្តី​គ.ជ.ប.​ទាំង​៥រូប​ ​ព្រម​ទាំង​លោក​គឹម សុខផង​នោះ ​អាច​នឹង​ត្រូវ​បានដោះ​លែង​ឲ្យ​មាន​សេរី​ ​ប្រសិន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មានភាព​ធូរស្រាល​ ហើយ​ពួក​គេ​ទំនង​ជា​អាច​ត្រូវ​បាន​លើកលែង​ទោស ​លោកកឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​មេឃុំ​របស់​បក្ស​ប្រឆាំង​ ​ដែល​ទាក់ទង​នឹងសំណុំ​រឿង​ស្រដៀង​នឹង​ករណីរបស់​មន្រ្តី​អាដហុក​ និង​មន្រ្តី​ ​គ.ជ.ប.​ទាំង​នេះ​ដែរ៕

XS
SM
MD
LG