នៅថ្ងៃពុធនេះ អតីតអ្នកកាសែតពីររូបរបស់វិទ្យុអាស៊ីអាសេរី ដែលបានបិទការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញ កាលពីឆ្នាំមុននោះ បានទទូចសុំឲ្យតុលាការធ្វើមោឃកម្មនីតិវិធីឃាត់ខ្លួនខុសពីការកំណត់របស់ច្បាប់។
ពួកគេនិយាយថា ការធ្វើមោឃកម្មនេះនឹងបើកផ្លូវឲ្យរំលាយចោលសំណុំរឿងចារកម្ម ដើម្បីផ្តល់សេរីភាពពេញលេញដល់ពួកគេ បន្ទាប់ពីត្រូវបានតុលាការក្រុងដោះលែងឲ្យបានស្ថិតនៅក្រៅឃុំកាលពីខែសីហា ឆ្នាំ២០១៨។
យ៉ាងណាក៏ដោយ បន្ទាប់ពីបើកសវនាការអស់រយៈពេលប្រហែលមួយម៉ោងមកនោះ តុលាការកំពូលបានសុំថយទៅធ្វើការពិចារណា និងបានលើកពេលប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ។
នៅក្រៅតុលាការកំពូល លោកអ៊ួន ឈិន វ័យ៤៩ឆ្នាំ បានប្រាប់ក្រុមអ្នកកាសែតយ៉ាងដូច្នេះ៖
«បើមោឃភាពនីតិវិធីទៅ បានន័យថា រឿងរ៉ាវហ្នឹងគឺវាត្រូវបញ្ចប់ហើយណា៎ ត្រូវបញ្ចប់ ហើយដើម្បីឲ្យយើងមានសេរីភាព មានសិទ្ធិគ្រប់គ្រាន់ក្នុងការដើរហើរ ក្នុងការរកស៊ី ព្រោះអី ដឹងស្រាប់ហើយ ពេលដែលខ្ញុំជាប់ហ្នឹង វា៩ខែ៧ថ្ងៃ។ យើងខាតពេលវេលា ខាតលុយ ខាតកាក់ គ្រួសារចំណាយគុណរហូតដល់៤ និង៥ដង ការចំណាយគុណនឹងបួនគុណនឹងប្រាំ ហើយយើងអត់មានចំណូលនែ!»។
លោកអ៊ួន ឈិន មានប្រសាសន៍បន្ថែមថា ក្រោយការចេញពីពន្ធនាគារ លោកជួបប្រទះឧបសគ្គក្នុងការរកប្រាក់ចំណូល ដោយហេតុថា ឧបករណ៍សម្រាប់ថតរូបភាពផ្សេងៗ ដែលលោកបានត្រៀមទុកដើម្បីធ្វើអាជីវកម្ម បន្ទាប់ពីបានបាត់បង់ការងារនៅវិទ្យុអាស៊ីសេរីនោះ ត្រូវអាជ្ញាធរមានសមត្ថកិច្ចគ្រប់គ្រង។
«ចេញមកវិញ សម្ភារៈយើងដែលបម្រុងថា នឹងគិតគូរយកមករកស៊ីដើម្បីរកចំណូលជំនួសអាការណ៍ដែលយើងបាត់បង់ការងារពីអាស៊ីសេរីទៅហ្នឹង គឺយើងអត់មានអីធ្វើ សម្ភារៈនៅក្នុងដៃសមត្ថកិច្ចទាំងអស់»។
លោកយាង សុធារិន និងអតីតអ្នកយកព័ត៌មានអាស៊ីសេរីម្នាក់ទៀតគឺលោកអ៊ួន ឈិន ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌកម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។ ប្រសិនបើត្រូវបានរកឃើញថា មានទោសមែននោះ នោះអ្នកទាំងពីរអាចត្រូវជាប់ពន្ធនាគារពី៧ដល់១៥ឆ្នាំ។
ការចាប់ខ្លួនអតីតអ្នកយកព័ត៌មានទាំងពីរនាក់នេះធ្វើឡើង ក្រោយពីមានយុទ្ធនាការបង្ក្រាបជាទូទៅរបស់រដ្ឋាភិបាលទៅលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនដែលមិនចំណុះរដ្ឋាភិបាល។
ក្នុងពេលសួរដេញដោលនៅសាលសវនាការតុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងពីរ បានប្រាប់លោកចៅក្រមគង់ ស្រ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះថា ការឃាត់ និងឃុំខ្លួនពួកគេ ដែលបានធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ចកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ គឺមិនស្របតាមនីតិវិធីច្បាប់កំណត់ ពោលគឺការឃុំខ្លួនដោយគ្មានបទចោទ បានធ្វើឡើងលើសពី៤៨ម៉ោង។
លោក យៀង សុធារិន វ័យ៣៥ឆ្នាំ ដែលជាខ្មែរកម្ពុជាក្រោម បានរៀបរាប់ពីការឃុំខ្លួនខុសនីតិវិធីបន្ទាប់ពីចាប់ខ្លួននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមន័យដើមថា៖
«នៅថ្ងៃទី១៤ [យើងខ្ញុំ]អត់បានជួបព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងទេ រួចក៏សមត្ថកិច្ចយកទៅថតរូប ហើយក៏បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ។ ថ្ងៃទី១៧ ជួបព្រះរាជអាជ្ញាម៉ោង៤និង៣០នាទី ហើយថ្ងៃទី១៨ជួបចៅក្រមស៊ើបសួរ ទើបត្រូវបានបញ្ជូនទៅឃុំនៅព្រៃស ពេលយប់ម៉ោង៧»។
លោកយៀង សុធារិន បានសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះពិចារណាការធ្វើមោឃភាពការឃុំខ្លួនលើស៤៨ម៉ោងនេះ។
នៅក្រៅតុលាការកំពូល លោកយៀង សុធារិន ហៅយៀង សុជាសុមេត្តា បានប្រាប់អ្នកកាសែតថា វាជារឿងអយុត្តិធម៌សម្រាប់លោក និងសហការីលោកដែលត្រូវបានគេបំពានសិទ្ធិ និងចោទប្រកាន់ក្នុងរឿងដែលមិនអាចទទួលយកបាននោះ។
«តាមពិតវាជារឿងអយុត្តិធម៌សម្រាប់ពួកខ្ញុំ ហើយការចោទប្រកាន់ហ្នឹង រហូតឈានដល់ការឃុំខ្លួន យើងខ្ញុំទាំងពីរនាក់ប្រាំបួនខែជាង ក្នុងពន្ធនាគារដែលធ្វើឲ្យពួកខ្ញុំលំបាកទាំងផ្លូវកាយ ផ្លូវចិត្ត បែកបាក់គ្រួសារហ្នឹង អាហ្នឹងវាជារឿងដែលមិនអាចទទួលយកបានទេ ពីព្រោះវាជាអយុត្តិធម៌។ អយុត្តិធម៌ដោយសារអី? ដោយសារតែពួកខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់ ហើយបើយើងបានប្រព្រឹត្តដូចការចោទប្រកាន់ ទោះបីដាក់គុកយើងប៉ុន្មានឆ្នាំ ក៏យើងមិនថា អី។ប៉ុន្តែយើងអត់ខុសអីសោះ ហើយចោទប្រកាន់យើង ហើយធ្វើឲ្យយើងមានបញ្ហាបែកបាក់គ្រួសារ ប្រពន្ធ កូន ហើយរងទុក្ខនៅក្នុងពន្ធនាគារ។ អាហ្នឹងវាជារឿងអយុត្តិធម៌»។
ក៏ប៉ុន្តែលោកព្រះរាជអាជ្ញាអ៊ុក គឹមសិទ្ធិ បានស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះរក្សាការសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានបដិសេធចោលការសុំធ្វើមោឃកម្មនេះ កាលពីពេលមុន។
លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា កាលដើមឡើយ ការស្នើសុំធ្វើមោឃកម្មនីតិវិធីឃាត់ខ្លួននេះបានធ្វើឡើងដើម្បីអនុញ្ញាតឲ្យអ្នកទាំងពីរបានស្ថិតនៅក្រៅឃុំ តែឥឡូវអ្នកទាំងពីរបានស្ថិតនៅក្រៅឃុំរួចទៅហើយនោះ ដូច្នេះ ការស្នើសុំនេះគ្មានប្រយោជន៍ទៀតឡើយ។
បន្ទាប់ពីសវនាការ លោកកែវ វ៉ានី្ន មេធាវីការពារក្តីអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាសេរី បានប្រាប់អ្នកកាសែតថា តុលាការកំពូលនឹងពិចារណាសម្រេច ធ្វើមោឃកម្មនីតិវិធីនៃការឃាត់ខ្លួនកូនក្តីរបស់លោក ដែលលោកអះអាងថា បានធ្វើឡើងលើសពី៤៨ម៉ោង។
«នៅក្នុងរឿងក្តីនេះ អ្វី ចំណុចដែលសំខាន់ ដែលជាចំណុចរំលោភនីតិវិធីគឺ មានន័យថា សមត្ថកិច្ច មន្ត្រីនគរបាលប៉ូលីសហ្នឹងគឺភ្នំពេញហ្នឹង គាត់បានរំលោភគឺឃាត់ខ្លួនកូនក្តីខ្ញុំលើសម៉ោងកំណត់ បាទលើសពេលវេលា។ បានន័យថា ជាគោលការណ៍ច្បាប់គឺគេអនុញ្ញាតឲ្យគាត់ឃាត់ត្រឹមតែ៤៨ម៉ោង ផុតពីហ្នឹង ត្រូវបញ្ជូនមកដល់ព្រះរាជអាជ្ញា ប៉ុន្តែជាក់ស្តែងក្នុងរឿងក្តីហ្នឹងគឺ គាត់ឃាត់រហូតដល់លើសសរុប៦០ម៉ោងជាង៥០ម៉ោងជាង អ៊ីចឹងម្នាក់ៗលើស២០ម៉ោង លើស១៨ម៉ោងជាង ដោយគ្មានការអនុញ្ញាត ជាលាយលក្ខណ៍អក្សរពីខាងព្រះរាជអាជ្ញា»។
កាលពីខែសីហាឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាដោះលែងលោកអួន ឈិន និងលោក យាង សុធារិន ឲ្យបានស្ថិតនៅក្រៅឃុំ បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង៩ខែ។ សាលាដំបូងរាជធានីភ្នំពេញមិនបានបញ្ជាក់ហេតុផលនៃការដោះលែងអ្នកទាំងពីរនោះទេ។
យ៉ាងណាមិញ បន្ទាប់ពីអ្នកទាំងពីរត្រូវបានតុលាការក្រុងដោះលែងឲ្យនៅក្រៅឃុំនោះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានចេញសេចក្តីប្រកាសមួយ ស្វាគមន៍ការដោះលែងនេះ។ មជ្ឈមណ្ឌលនេះជឿជាក់យ៉ាងខ្លាំងថា នឹងមានការវិវត្តច្រើនថែមទៀតចំពោះរឿងនេះ ដែលអាចនាំដល់ការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងអ្នកទាំងពីរនេះតែម្តង ដើម្បីឲ្យពួកគេមានសេរីភាពពេញលេញ។ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអះអាងថា បទចោទអំពីចារកម្មប្រឆាំងអ្នកទាំងពីរគឺជាបទចោទមិនពិតប្រាកដនោះទេ។
កាលពីខែកក្កដា ឆ្នាំ២០១៨ ពោលគឺនៅមុនការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស់អង្គការ Amnesty International ដែលជាចលនាសកលប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងនយោបាយ ក៏បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីដោយគ្មានលក្ខខណ្ឌផងដែរ៕