ក្រុមអ្នកគាំទ្ររដ្ឋឥស្លាមមួយចំនួនកំពុងចាប់ផ្តើមប្រមូលផ្តុំគ្នានៅជុំវិញមេដឹកនាំថ្មីនៃក្រុមភេរវកម្ម និងកំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគេចំពោះមេដឹកថ្មីរូបនេះដែលមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋឥស្លាមបានប្រកាសជ្រើសរើសបុរសឈ្មោះ bu Ibrahim al-Hashimi al-Qurashi ជាមេដឹកនាំថ្មីនៃក្រុមនេះតាមរយៈសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Amaq របស់ខ្លួននិងត្រូវបានអានដោយអ្នកនាំពាក្យថ្មីនៃក្រុមនេះ។
តាមរយៈសារជាសំឡេងនិងត្រូវបានបកប្រែដោយភ្នាក់ងារស៊ើបការសម្ងាត់ SITE ដែលឃ្លាំមើលទំនាក់ទំនងរបស់ក្រុមជីហាដមានន័យថា «លោកគឺជានិមិត្តសញ្ញានៃទង់ជាតិទាំងអស់របស់ក្រុមជីហាដ និងជាអ្នកដឹកនាំនៃក្រុមបញ្ញាវន្ត និងជាអធិរាជនៃសង្គ្រាម»។ សារជាសំឡេងនោះបាននិយាយទៀតថា «លោក Qurashi បានវាយប្រហារនៅទូទាំងអាមេរិកនិងបានធ្វើឲ្យពួកទាំងនោះមានស្ថានភាពអាក្រក់»។
ការប្រកាសដែលបានបញ្ជាក់ផងដែរអំពីការស្លាប់របស់មេដឹកនាំរដ្ឋឥស្លាមឈ្មោះ Abu Bakr al-Baghdadi និងអ្នកនាំពាក្យរបស់មេដឹកនាំរូបនេះឈ្មោះ Abu Hassan al-Muhajir បានបណ្តាលឲ្យអ្នកវិភាគមួយចំនួនពណ៌នាថា ជាអ្វីដែលពួកអ្នកគាំទ្ររដ្ឋឥស្លាមកំពុងបំផុសបំផុលនៅតាមបណ្តាញសង្គម និងការបង្ហោះសារតាមអ៊ិនធឺណិត។
ការជ្រើសរើសមេដឹកនាំថ្មីរបស់រដ្ឋឥស្លាមនេះត្រូវបានធ្វើឡើងមិនដល់២៤ម៉ោងផង បន្ទាប់ពីក្រុមមន្រ្តីការពារជាតិអាមេរិកបានបង្ហោះវីដេអូលើកដំបូងនៃប្រតិបត្តិការរបស់កងកម្លាំងពិសេសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលបានសម្លាប់មេដឹកនាំរដ្ឋឥស្លាម al-Baghdadi នៅពេលដែលមេដឹកនាំរូបនោះព្យាយាមលាក់ខ្លួននៅក្នុងទីតាំងមួយក្នុងខេត្ត Idlib ប្រទេសស៊ីរី នៅចម្ងាយពីរបីគីឡូម៉ែត្រពីព្រំដែនប្រទេសតួកគី៕