គណបក្សអភិរក្សនិយម ដែលកំពុងកាន់អំណាចក្នុងប្រទេសអង់គ្លេសនៅថ្ងៃសុក្រនេះ បានទទួលបរាជ័យក្នុងការបោះឆ្នោតពិសេសនៅមណ្ឌលចំនួន២ក្នុងចំណោម៣ ប៉ុន្តែនៅតែគ្រប់គ្រងការដឹកនាំដដែល ក្រោយពីនៅរក្សាបានអាសនៈសភារបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson នៅជាយក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
បើទោះបីជាគណបក្សប្រឆាំងដ៏ធំរបស់អង់គ្លេសគឺគណបក្សការងារ និងគណបក្សតូចមួយទៀត គឺគណបក្សប្រជាធិតេយ្យសេរីកណ្តាលនិយម បានកែប្រែសំឡេងភាគច្រើនក្នុងសភារបស់គណបក្សអភិរក្សនិយម ដោយឈ្នះអាសនៈរដ្ឋសភាម្នាក់មួយក៏ដោយ ក៏គណបក្សអភិរក្សនិយម បានទទួលការគាំទ្រ នៅក្នុងការឈ្នះដោយប្រផិតប្រផើយ នៅក្នុងតំបន់ប្រជុំជន Uxbridge និង South Ruislip ស្ថិតនៅភាគខាងលិចទីក្រុងឡុងផងដែរ។
ទោះបីជាយ៉ាងនេះក្តី បើលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍នេះ នៅតែកើតមានក្នុងការបោះឆ្នោតសាកលនៅចក្រភពអង់គ្លេសនៅឆ្នាំក្រោយនោះ គេប្រាកដនឹងឃើញថា គណបក្សការងារអាចនឹងក្លាយជាគណបក្សដែលមានសំឡេងធំជាងគេតែមួយ ដែលអាចគ្របដណ្តប់សំឡេងភាគច្រើននៅក្នុងរដ្ឋសភាអង់គ្លេស។ បើទោះបីជាគណបក្សអភិរក្សនិយមនៅតែរក្សាបានអាសនៈរបស់អតីតនាយករដ្ឋមន្ត្រីលោក Johnson ដែលមានសន្លឹកឆ្នោតគាំទ្រលើសចំនួន៤៩៥សំឡេងនោះក៏ដោយ ក៏ការបោះឆ្នោតពិសេសនៅមណ្ឌលទាំង៣នេះ បង្ហាញថាគណបក្សអភិរក្សនិយម ដែលកំពុងគ្រប់គ្រងអំណាចនេះ បានបាត់បង់ការគាំទ្រពីអ្នកបោះឆ្នោតជាទូទៅ ពីពលរដ្ឋម្ចាស់ឆ្នោតនៅជាយក្រុងឡុងដ៍ ទីប្រជុំជនតូចៗនៅភាគខាងជើងអង់គ្លេស និងពលរដ្ឋអង់គ្លេសនៅតាមតំបន់ដាច់ស្រយាលនៅភាគនិរតីផងដែរ។
នាយករដ្ឋមន្រ្តីអង់គ្លេស លោកSunak បានធ្វើដំណើរទៅកន្លែងដែលគណបក្សរបស់លោកឈ្នះតែមួយអាសនៈនោះ ដោយលើកបញ្ជាក់ថា រដ្ឋាភិបាលជារឿយៗតែងតែជួបការលំបាកក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
លោកបានថ្លែងនៅហាងកាហ្វេមួយ ក្នុងតំបន់ប្រជុំជន Ruislip ដូចនេះថា៖ «សារដែលខ្ញុំទទួលបានគឺថា យើងត្រូវពង្រឹងយុទ្ធសាស្ត្ររបស់យើងឡើងវិញ ប្រកាន់ខ្ចាប់ផែនការរបស់យើង ហើយបម្រើពលរដ្ឋ»៕