នៅថ្ងៃអង្គារនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានបង្ហាញសុទិដ្ឋិនិយមថា ការធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េទាំងពីរមានភាពប្រសើរឡើងអាចជំរុញឲ្យមានការពិភាក្សាអំពីរឿងគ្មានអាវុធនុយក្លេអ៊ែររវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិកបាន។
លោក Moon Jae In បានហៅជំនួបរវាងក្រុមគណៈប្រតិភូពិសេសកូរ៉េខាងត្បូង និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ថាជាការចាប់ផ្ដើមនៃដំណើរការការទូតដ៏ទូលំទូលាយមួយ។ ក្រុមគណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយលោក Chung Eui Yong ដែលជាប្រធានការិយាល័យសន្តិសុខជាតិ។
លោក Moon Jae In បានបញ្ជាក់នៅពេលលោកថ្លែងនៅក្នុងពិធីបញ្ចប់ការសិក្សានៃបណ្ឌិតសភាយោធាកូរ៉េខាងត្បូងថា៖ «យើងបានចាប់ផ្ដើមដំណើររបស់យើងដើម្បីសន្តិភាព និងវិបុលភាព ជាមួយនឹងភាពជឿជាក់ដែលថា យើងអាចធ្វើឲ្យគ្មានអាវុធនុយក្លេអ៊ែរបាន ហើយយើងអាចបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េបានដោយសារកិច្ចប្រឹងប្រែងរបស់យើងផ្ទាល់»។
ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានរៀបរាប់អំពីជំនួបទ្វេភាគីនេះថាមានលក្ខណៈវិជ្ជមានជាទីបំផុត ដោយបានរាយការណ៍ថា លោក Kim Jong Un បានបញ្ជាក់អំពីឆន្ទៈរបស់លោកនៅក្នុងការបង្កើនឲ្យបានខ្លាំងក្លានូវទំនាក់ទំនងរវាងកូរ៉េទាំងពីរ។
ទីភ្នាក់ងារព័ត៌មាននេះបានរាយការណ៍ទៀតថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពី «ការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ» ហើយភាគីទាំងពីរ «បានឯកភាពគ្នាដ៏គួរជាទីពេញចិត្ត»។
លោក Moon Jae In ក៏បានជំរុញផងដែរឲ្យប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យបន្ធូរបន្ថយនូវការដាក់កំហិតដើម្បីចូលរួមនៅក្នុងការចរចាជាមួយនឹងកូរ៉េខាងជើង៕