ការបំផ្ទុះគ្រាប់អត្តឃាតផ្ទុកក្នុងរថយន្តមួយនៅឯមជ្ឈមណ្ឌលលក់ដូរដ៏មមាញឹកមួយនៅក្នុងរដ្ឋធានីបាកដាដនៃប្រទេសអ៊ីរ៉ាក់នៅព្រឹកថ្ងៃអាទិត្យនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៧៥នាក់ដែរ និងធ្វើឲ្យមនុស្សជាង១៣០នាក់ទៀតរងរបួស។
ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការផ្ទុះគ្រាប់បែកនេះនៅក្នុងស្រុក Karrada ដោយនិយាយថា ក្រុមនិកាយស៊ីអ៊ីដជាទិសដៅនៃការវាយប្រហារនេះ។ក្រុមជីហាដ ចាត់ទុកពួកនិកាយស៊ីអ៊ីដជាសត្រូវសួរពូជ។
ការផ្ទុះនេះ បានកើតមានឡើង បន្ទាប់ពេលថ្ងៃលិចនៅពេលដែលមនុស្សជាច្រើនបានស្ថិតនៅតាមផ្លូវនានាបន្ទាប់ពីការតមអាហាររយៈពេលមួយថ្ងៃ។ នៅពេលដែលពិធីបុណ្យរ៉ាម៉ាឌនរយៈពេលមួយខែជិតផុត ពួកអ្នកកាន់សាសនាឥស្លាមជាច្រើន បានទៅតំបន់មជ្ឈមណ្ឌលលក់ដូរនានាមុនពេលការឈប់សម្រាកដែលកត់សម្គាល់ពីការបញ្ចប់ខែពិសិដ្ឋរបស់អ្នកកាន់សាសនាឥស្លាម។
លោក Haider al-Abadi នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីរ៉ាក់ បានទៅពិនិត្យមើលទីកន្លែងនៃការបំផ្ទុះគ្រាប់បែកនោះប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារ។
ការវាយប្រហារបានកើតមានឡើងជាងមួយសប្តាហ៍បន្តិចបន្ទាប់ពីកងទ័ពអ៊ីរ៉ាក់បានបណ្តេញក្រុមរដ្ឋឥស្លាមចេញពីទីក្រុង Hallujah ដែលស្ថិតនៅចម្ងាយ៥០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានីបាដាក។
ការផ្ទុះគ្រាប់បែកដ៏ប្រល័យនៅថ្ងៃទី២ បានកើតមានឡើងនៅផ្នែកខាងកើតនៃរដ្ឋធានីបាកដាដ បានសម្លាប់មនុស្សយ៉ាងហោចណាស់មួយនាក់ និងធ្វើឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស។ មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកទី២នេះនៅឡើយទេ៕