ពួកសមាជិកសភានៃប្រទេសអ៊ីរ៉ាក់ប្រុងប្រៀបចាប់ផ្តើមដំណើរការសំខាន់មួយនៃកិច្ចចរចាគ្នាដែលមានគោលដៅបំបាត់ការគាំងដំណើរខាងនយោបាយជាច្រើនខែមកហើយក្នុងប្រទេសនេះ។
ក៏ប៉ុន្តែនៅមុនការប្រជុំរបស់ពួកគេនៅថ្ងៃអង្គារ ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម បានធ្វើការវាយប្រហារនៅក្នុងក្រុងបាកដាដ ដោយបានបំផ្ទុះគ្រាប់បែកបីគ្រាប់នៅក្នុងផ្នែកខាងជើងនៃក្រុងនេះ បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២០នាក់ស្លាប់។
ការវាយប្រហារនេះជាការរំលឹកអំពីគ្រោះថ្នាក់នៃការគាំងដំណើរខាងនយោបាយនៅក្នុងប្រទេសអ៊ីរ៉ាក់។ ការបំផ្ទុះគ្រាប់បែកកាលពីពេលមុនៗបាននាំឱ្យមានបាតុកម្មជាច្រើននៅតាមផ្លូវនិងមានការអំពាវនាវប្រកបដោយកំហឹងទាមទារឱ្យពួកមេដឹកនាំរដ្ឋាភិបាលចុះចេញពីតំណែង។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi បានថ្លែងសុន្ទរកថាទៅកាន់សភាដោយលោកបានអំពាវនាវដល់ពួកសមាជិកសភាឱ្យទុកការខ្វែងគំនិតគ្នាដោយឡែករហូតដល់ការប្រយុទ្ធយកក្រុង Fallujah ចប់សិន។
ពួកសមាជិកសភាអ៊ីរ៉ាក់មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងចាប់តាំងពីលោក Abadi បានខិតខំព្យាយាមអនុវត្តកំណែទម្រង់រដ្ឋាភិបាលដោយមានរួមបញ្ចូលទាំងការដាក់ពួកបច្ចេកាធិបតេយ្យឱ្យកាន់តំណែងជំនួសរដ្ឋមន្ត្រីមួយចំនួនផងដែរ។
លោក Shatha al-Obosi សមាជិកសភាអ៊ីរ៉ាក់បាននិយាយប្រាប់វីអូអេថា ការប្រជុំសភាកាលពីថ្ងៃចន្ទ ជាឱកាសមួយសម្រាប់ឱ្យពួកសមាជិកសភាចាត់វិធានាការឆ្ពោះទៅកាន់ដំណោះស្រាយនយោបាយមួយ៕