កាលពីថ្ងៃសៅរ៍ ប្រជាពលរដ្ឋស៊ូដង់រាប់ពាន់នាក់បានដង្ហែក្បួនបាតុកម្មនៅក្នុងរដ្ឋធានីខាទុំ ឆ្ពោះទៅទីស្នាក់ការយោធាជាលើកទីមួយ ចាប់តាំងពីមានបាតុកម្មប្រឆំាំងរដ្ឋាភិបាលដែលបង្កឲ្យមានមនុស្សស្លាប់បានផ្ទុះឡើង កាលពី៤ខែកន្លងទៅ។
ក្បួនបាតុកម្មបានចាប់ផ្តើមដោយមានហ្វូងបាតុករប្រមូលផ្តុំគ្នានៅតាមផ្លូវនានានៅក្នុងរដ្ឋធានីប្រទេសស៊ូដង់។ ពួកអ្នករៀបចំបាតុកម្មបានប្រកាសឲ្យពួកបាតុករទៅប្រមូលផ្តុំគ្នានៅទីស្នាក់ការយោធា ដែលមានទីតាំងនៅជិតគេហដ្ឋានរបស់ប្រធានាធិបតីស៊ូដង់លោក Omar al-Bashir។
សាក្សីបានប្រាប់សារព័ត៌មានបារាំង AFP ថា ពួកបាតុករក៏បានប្រមូលផ្តុំគ្នានៅអាគាររបស់កងទ័ពនៅកណ្តាលទីក្រុង Madani ផងដែរ។
បាតុកម្មបានចាប់ផ្តើមតាំងពីថ្ងៃទី១៩ ខែធ្នូ មកម៉្លេះ ដោយបាតុករជាច្រើនបានស្តីបន្ទោសរដ្ឋាភិបាលរបស់លោក Bashir ថាគ្រប់គ្រងសេដ្ឋកិច្ចប្រទេសមិនបានល្អ ដែលបណ្តាលឲ្យម្ហូបអាហារ និងប្រេងឡើងថ្លៃ និងកង្វះខាតរូបិយប័ណ្ណបរទេស។
លោក Bashir បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នកាលពីថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបង្ក្រាបទៅលើក្បួនបាតុកម្ម បន្ទាប់ពីទទួលបរាជ័យក្នុងការបង្រ្កាបពួកបាតុករកាលពីពេលមុន។ រដ្ឋាភិបាលបានប្រកាសកាលពីប៉ុន្មានសប្តាហ៍មុនថា មនុស្ស ៣១នាក់ត្រូវបានសម្លាប់ ប៉ុន្តែក្រុមគ្រូពេទ្យរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានប៉ាន់ស្មានថា យ៉ាងហោចណាស់មនុស្សស្លាប់មានដល់ទៅ ៦០នាក់។
រដ្ឋាភិបាលនៅបន្តចាត់វិធានការតឹងរ៉ឹង និងបានចាប់ខ្លួនមនុស្សជាច្រើនដែលក្នុងនោះមានទាំងក្រុមបាតុករ មេដឹកនាំក្រុមប្រឆាំង និងក្រុមអ្នកសារព័ត៌មានផងដែរ៕