ខ្យល់កួចស៊ីក្លូនដ៏ខ្លាំងឈ្មោះ Amphan បានចាប់ផ្តើមបោកបក់តំបន់ឆ្នេរសមុទ្រនៃប្រទេសឥណ្ឌានិងបង់ក្លាដែសកាលពីព្រឹកថ្ងៃពុធ ដោយនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយអាជ្ញាធរកំពុងស្រវ៉ាស្រទេញជម្លៀសពលរដ្ឋជាង២លាននាក់ទៅកាន់ជម្រកសុវត្ថិភាព។
ខ្យល់ព្យុះនេះបានថយល្បឿនបន្តិចនៅពេលមកជិតដល់ឆ្នេរសមុទ្រ ប៉ុន្តែអ្នកព្យាករណ៍អាកាសធាតុនៅឥណ្ឌាថា ពេលនេះខ្យល់ព្យុះមានល្បឿនពី១៦០ទៅ១៧០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនៅតែអាចបង្កការខូចខាតយ៉ាងខ្លាំង។
ខ្យល់និងភ្លៀងខ្លាំងទំនងនឹងបំផ្លាញផ្ទះដែលមិនរឹងមាំ ហើយអាចរុញទឹកសមុទ្រឲ្យចូលក្នុងផ្ទៃដីរហូតដល់២៥គីឡូម៉ែត្រពីឆ្នេរ ដែលនេះអាចនឹងនាំឲ្យមានទឹកជំនន់នៅក្នុងទីក្រុងដែលមានប្រជាជនរាប់លាននាក់ដូចទីក្រុង Kolkata របស់ឥណ្ឌា។
បេសកកម្មជួយសង្គ្រោះនិងជម្លៀសប្រជាជនមានការលំបាកមួយកម្រិតទៀតដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ និងវិធានការរឹតត្បិតដែលតម្រូវឲ្យរក្សាគម្លាតពីគ្នាក្នុងសង្គម ហើយអាជ្ញាធរថា ពួកគេព្យាយាមរកទីជម្រកបន្ថែមទៀតដើម្បីអាចជម្លៀសពលរដ្ឋទៅទីនោះដោយនៅអាចឲ្យពួកគេមានទីធ្លាគ្រប់គ្រាន់រក្សាគម្លាតពីគ្នាបាន៕