ភ្នំពេញ — កាលពីសប្តាហ៍មុន យុវជន អ៊ន ដាណា ដែលមកពីខេត្តត្បូងឃ្មុំត្រៀមខ្លួនចូលរៀនថ្នាក់សាកលវិទ្យាល័យនៅរាជធានីភ្នំពេញ ជាលើកដំបូង។ អ៊ន ដាណា វ័យ ១៨ ឆ្នាំ រៀនផ្នែកគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅសាលាតិចណូ ដែលស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។
ប៉ុន្តែនៅថ្ងៃអង្គារសប្តាហ៍នេះ ដាណា បានជិះរថយន្តឈ្នួលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីរៀនតាមអនឡាញម្តងទៀត ដូចដែលដាណា ធ្លាប់រៀនកាលពីថ្នាក់ទី ១២។ នេះគឺដោយសារជំងឺកូវីដ១៩ បានឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ ដែលត្រូវបានរដ្ឋាភិបាលប្រកាស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួងអប់រំបានប្រកាសបិទជាបណ្តោះអាសន្នសាលារដ្ឋនិងឯកជនរយៈពេល ២ សប្តាហ៍ នៅភ្នំពេញនិងខេត្តកណ្តាល ក្រោយជំងឺកូវីដ១ ៩ឆ្លងជាសហគមន៍ជាលើកទីបី ក្នុងព្រឹត្តិការណ៍ «២០កុម្ភៈ» ដែលគេមិនទាន់ស្គាល់ប្រភពនៅឡើយ និងមានមនុស្សប្រមាណ ១៤០ នាក់ភាគច្រើនជាជនជាតិចិន ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ។
ក្រោយទទួលបានព័ត៌មានអំពីការបិទសាលារៀននេះ មិត្តរួមបន្ទប់របស់យុវជន អ៊ន ដាណា និងមិត្តដែលស្នាក់នៅបន្ទប់ទល់មុខគ្នាមួយក្រុមទៀត នៅអគារមួយក្នុងខណ្ឌទួលគោក ចម្ងាយប្រមាណ ១ គីឡូម៉ែតពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាកចេញទៅស្រុកកំណើតមុន ដាណា។
ដាណា បានរៀបរាប់ប្រាប់ VOA ថា៖ «ដោយសារសាលាគេឲ្យរៀនអនឡាញ។ អញ្ចឹងខ្ញុំគិតថា ខ្ញុំទៅរកបរិយាកាសមួយ សម្រួលដល់ខ្ញុំឲ្យខ្ញុំផ្តោតសំខាន់ការរៀនរបស់ខ្ញុំ។ នៅនេះ បរិយាកាសអាប់អួរ ហើយផ្តាច់ទំនាក់ទំនងនៅសង្គមអញ្ចឹង វាមានអារម្មណ៍ថា ធុញថប់ អញ្ចឹងខ្ញុំចង់ទៅស្រុក ដើម្បីស្រូបយកបរិយាកាសនៅជនបទ»។
ស្ថានភាពនេះ មិនបានបង្អាក់ដាណាពីការតស៊ូដើម្បីទទួលបានការអប់រំនោះទេ ថ្វីបើវាបន្ថែមការលំបាកដល់សិស្សទើបចប់ថ្នាក់ទី ១២ ដែលមកពីជនបទ ដូចជា ដាណា ដែលបានព្យាយាមបញ្ចុះបញ្ចូលឪពុកម្តាយ ទម្រាំតែបានរៀនបន្តនៅរាជធានីភ្នំពេញ ដោយត្រូវការចំណាយច្រើនលើការសិក្សា ស្នាក់នៅ និងម្ហូបអាហារជាដើម។
ដាណា ស្ថិតក្នុងចំណោមសិស្សជាង ១២ ម៉ឺននាក់ ដែលបានជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ដោយមិនមានការប្រឡងយកនិទ្ទេស ស្របពេលកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩។ អ្នកជំនាញលើកឡើងថា ការបញ្ចប់ថ្នាក់ទី ១២ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់សិស្សនៅតាមជនបទ។
សិស្សមួយចំនួនរៀនចប់ថ្នាក់ទី ១២ មានលទ្ធភាពអាចបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនៅភ្នំពេញ ខ្លះរៀននៅខេត្តជិតស្រុកកំណើតខ្លួន ខ្លះទៀតឈប់រៀន រួចរៀបការ និងធ្វើការងារស្រែចម្ការ បន្តពីឪពុកម្តាយ។ ចំណែកមួយចំនួនទៀតទៅធ្វើការជាកម្មករនៅតាមរោងចក្រក្នុងស្រុក ឬចំណាកស្រុកធ្វើជាពលករ។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កត់សម្គាល់ឃើញឥទ្ធិពលជំងឺកូវីដ១៩ មកលើវិស័យអប់រំ ដោយចំនួនសិស្សចុះឈ្មោះចូលរៀនសាកលវិទ្យាល័យ បានធ្លាក់ចុះប្រមាណ ៣០% បើប្រៀបនឹងឆ្នាំមុនៗ។
លោកប្រាប់វីអូអេថា៖ «បរិបទកូវីដ វាសមតែពួកគាត់ចេញទៅណាអត់រួចវាត្រូវនៅទាំងអស់។ ផ្ទុយទៅវិញ វាអត់ឃើញរៀនបាន យើងពិនិត្យមើលទៅទី ១ ដោយសារថវិកាគ្រួសារ»។
លោកបន្ថែមថា វិបត្តិសេដ្ឋកិច្ចបណ្តាលពីជំងឺកូវីដ១៩ ធ្វើឲ្យជីវភាពគ្រួសារធ្លាក់ចុះ ខ្វះលទ្ធភាពផ្គត់ផ្គង់ការចំណាយថ្លៃសិក្សា និងស្នាក់នៅរបស់ពួកគេ។ លោកថា ការរៀនមិនបានដិតដល់ក្នុងអំឡុងពេលជំងឺកូវីដ១៩ ធ្វើឲ្យសិស្សនៅជនបទខ្វះទំនុកចិត្តរៀនបន្តចំណេះដឹងខាងបច្ចេកវិទ្យា និងសិក្សាអនឡាញនៅមានកម្រិតធ្វើឲ្យសិស្សជនបទមួយចំនួន បាត់បង់ឱកាសសិក្សាបន្តថ្នាក់ឧត្តមសិក្សា។
លោកមានប្រសាសន៍ថា៖ «ឆ្នាំហ្នឹងកម្មករបុគ្គលិកក្រុមហ៊ុនឯកជនកាត់ប្រាក់ខែអស់ហើយ គឺគាត់អត់មានលុយបង់។ នេះជាបញ្ហាធំមួយ។ បញ្ហាទី២ ពេលមានកូវីដចឹង គាត់ចេះតែភ័យព្រួយដែរ។ រៀនអនឡាញចឹងទៅ គាត់ក៏ពិបាករៀនដែរ ខ្លះពន្យារ ខ្លះក៏បោះបង់ចឹងទៅ»។
សិស្សនៅតាមជនបទដែលចង់បន្តការសិក្សានៅភ្នំពេញ បានលើកឡើងពីការលំបាកជាច្រើន ក្នុងនោះមានការសម្របខ្លួនទៅនឹងបរិយាកាសរស់នៅ និងការសិក្សានៅលើទឹកដីថ្មីជាដើម។
សិស្សមកពីជនបទដូចជា ដាណា ត្រូវការការណែនាំនិងគាំទ្រផ្សេងៗទៀ តដូចជាជំនួយថវិកាចាយវាយ កន្លែងស្នាក់នៅសមរម្យ និងឱកាសការងារក្រៅម៉ោង ដើម្បីទប់ទល់ជីវភាព។
ជីវភាពថ្មីរបស់ ដាណា នៅក្រុងភ្នំពេញ ផ្តើមចេញពីការរៀនឆ្លងផ្លូវថ្នល់ដ៏មមាញឹក ការស្វែងរកផ្ទះជួល និងការពង្រឹងភាសាបរទេសជាដើម។ បន្ទាប់ពីរកបានផ្ទះជួលហើយ ទើប ដាណា ប្រាប់ឲ្យឪពុកម្តាយជាកសិករ ផ្ញើរបស់របរប្រើប្រាស់ប្រចាំថ្ងៃនិងអាហារ ដូចជាអង្ករ ម៉ាំនិងផ្អកជាដើម មកតាមរថយន្តឈ្នួល។
ដាណា និយាយថា៖ «បញ្ហាលំបាកមួយទៀត ដោយសារមកភ្នំពេញត្រូវចំណាយលុយអស់ច្រើន ចឹងគឺយើងត្រូវរិះថាំមែនទែន»។
ក្រៅពីនេះ អ្វីដែលដាណាត្រូវធ្វើគឺសម្របខ្លួនទៅនឹងការរៀនអនឡាញ។ ដាណា បានគិតរួចហើយថា ស្ថានភាពបែបនេះនឹងអាចកើតឡើងក្នុងអំឡុងពេលមានការរីករាលត្បាតនៃជំងឺកូវីដ១៩។
«ខ្ញុំបានទទួលអារម្មណ៍ហ្នឹងពីដំបូងកាលពីពេលរៀនទី ១២ មួយសាហើយ។ ពីដំបូងបំផុត វាពិបាក សម្រាប់ខ្ញុំ ដោយសារមិនទាន់ស៊ាំនឹងការប្រើប្រាស់បច្ចេកវិទ្យាទៅតាមគ្រូនីមួយៗ ដែលជ្រើសរើសយកមកបង្រៀន។ [ខ្ញុំ]ជឿថា អនឡាញជាជម្រើសទី ២ របស់សាលាអញ្ចឹង គឺខ្ញុំត្រៀមខ្លួន[នឹងករណីបិទសាលារៀនដោយសារជំងឺកូវីដ១៩]»។
កាលពីចុងឆ្នាំ ២០២០ លោក សំអាន សុវណ្ណឆវិន ដែលជាគ្រូបង្រៀនរបស់ ដាណា នៅថ្នាក់ទី ១២ បានស្ម័គ្រចិត្តដឹកនាំក្រុមសិស្សប្រមាណ ១០ នាក់ រួមទាំង ដាណា ដែលចង់បន្តការសិក្សានៅភ្នំពេញ ដើម្បីណែនាំពួកគេឲ្យស្គាល់មុខជំនាញនិងសាកលវិទ្យាល័យមួយចំនួន។ លោកគ្រូជំនាញគីមីវិទ្យារូបនេះ ដើមកំណើតជាអ្នកភ្នំពេញ ប៉ុន្តែបច្ចុប្បន្នបង្រៀននៅខេត្តត្បូងឃ្មុំ ប្រាប់វីអូអេថា លោកចង់ឲ្យសិស្សកាន់តែច្រើនបន្តប្រឹងរៀនជំនាញនៅភ្នំពេញ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំចង់ឲ្យវិទ្យាល័យខ្ញុំនេះមានទំនាក់ទំនងល្អជាមួយសាកលវិទ្យាល័យផ្សេងៗ។ នៅពេលមានកូនសិស្សយើងរៀនតាមសាកលវិទ្យាល័យមួយចឹង យើងអាចសហការគ្នា។គម្រោងខ្ញុំ ខ្ញុំចង់ឲ្យថា សិស្សថ្នាក់ទី ១២ មុនពេលចង់ឡើងទៅរៀន នៅភ្នំពេញ។ ចឹងខ្ញុំពឹងលើនិស្សិតដែលឡើងទៅរៀនពេលមុនៗ ដើម្បីផ្តល់ព័ត៌មានមកឲ្យខាងយើងវិញ។ តើយើងត្រូវរៀនអី ឲ្យពូកែ? រៀនចេះអីខ្លះ? យើងត្រូវត្រៀមអីខ្លះ មុននឹងយើងឡើងទៅរៀននៅទីក្រុងភ្នំពេញ?»។
ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវតី សួន សុរ៉ី ជាសិស្សម្នាក់ទៀតមកពីខេត្តកំពង់ធំ។ កាលពីដើមឆ្នាំ ២០២១ សុរ៉ី បានជួលបន្ទប់មួយតម្លៃ ៥០ ដុល្លារមួយខែ នៅក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីស្នាក់នៅជាមួយមិត្តភក្តិស្រី ៤ នាក់ផ្សេងទៀត។
ការសិក្សារបស់ សុរ៉ី ត្រូវបានជួយទំនុកបម្រុងរួមគ្នា ពីឪពុកម្តាយដែលជាកសិករ និងបងស្រី ២ នាក់ដែលជាកម្មកររោងចក្រ។ សុរ៉ី ដែលចង់រៀនជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ជាកូនម្នាក់គត់ក្នុងចំណោមបងប្អូនស្រី ៤ នាក់ ដែលបានរៀនចប់វិទ្យាល័យ និងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ។
មុននឹងមកទីក្រុងភ្នំពេញ សុរ៉ី បានជជែកពិភាក្សា និងសុំយោបល់ពីអ្នកភូមិខ្លួន ដែលមានបទពិសោធន៍មករៀននៅភ្នំពេញ ទាក់ទងនឹងរបៀបរស់នៅរបៀបធ្វើដំណើរព័ត៌មានអំពីជំនាញសិក្សា និងគុណភាពអប់រំរបស់គ្រឹះស្ថានឧត្តមសិក្សានានា។
ដូចគ្នានឹង ដាណា ដែរ សុរ៉ី មានការលំបាកសម្របខ្លួននឹងជីវភាពថ្មីនៅភ្នំពេញ ដូចជាការធ្វើដំណើរក្នុងទីក្រុង និងមើលផែនទីតាមទូរស័ព្ទដៃជាដើម។
«ហើយមកដល់ភ្នំពេញដំបូង ខ្ញុំមានអារម្មណ៍ថាពិបាកមែនទែន ដោយសារយើងអត់ស្គាល់ផ្លូវ យើងអត់សូវមានលុយ ហើយ passapp គេបោកយើងទៀត... មានន័យថា យើងអត់ដឹងតម្លៃអញ្ចឹងទៅគេកោរយើងអញ្ចឹងណា។ ដល់អញ្ចឹង យើងមានអារម្មណ៍ថា ពិបាកដូចតែលតោល អត់ដឹងទៅណា។ ប៉ុន្តែយើងក៏មានមោទនភាពចំពោះខ្លួនឯងដែរ ដែលគេមើល map [ផែនទី] មើលអីចេះសួរគេសួរអីអញ្ចឹងទៅ អត់សូវភ័យប៉ុន្មានទេ»។
សុរ៉ី ឲ្យដឹងថា ឪពុកម្តាយនៅតាមជនបទភាគច្រើនស្គាល់និងជំរុញកូនឲ្យរៀនជំនាញបែបប្រពៃណី ដូចជាគ្រូបង្រៀន បុគ្គលិកធនាគារ ឬគ្រូពេទ្យជាដើម។
«ប៉ុន្តែឡើងថ្នាក់ទី ១០ ខ្ញុំចេះតែស្រមៃៗមើលទៅចង់ធ្វើគ្រូពេទ្យចិត្តវិទ្យា។ ដល់ទី ១១ ខ្ញុំដូរទៀតដូររហូតមិនដឹងម៉េចទី ១១ ខ្ញុំចង់រៀនគ្រប់គ្រងធនធានមនុស្ស។ ដល់ទី ១២ មានកម្មវិធីមួយរបស់អង្គការBBC Media Action ឬក្លាហាន ៩ មកដល់សាលារៀនខ្ញុំផ្ទាល់ មានវាគ្មិនល្អៗ ដែលជួយយើងឲ្យសម្រេចគោលដៅយើងបាន ឲ្យយើងដឹងពីអ្វីដែលយើងចង់រៀននៅថ្ងៃអនាគត។ ខ្ញុំធ្វើតេស្តទៅតាមសៀវភៅគាត់ឲ្យ ក៏ឃើញថាខ្លួនឯងហ្នឹងរៀនខាងគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិហ្នឹង គឺត្រឹមត្រូវទៅតាមបុគ្គលិកលក្ខណៈរបស់យើង។ អញ្ចឹងទី ១២ ហ្នឹងខ្ញុំក៏សម្រេចចិត្តថា មកដល់សាកលវិទ្យាល័យ ខ្ញុំនឹងរៀនគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ»។
សុរ៉ី យល់ថា ការសិក្សាបានខ្ពស់អាចជួយសម្រាលជីវភាព និងលើកមុខមាត់របស់គ្រួសារ។
«មានទាំងយំ មានទាំងអី មានទាំងអស់ សព្វហ្មង។ មានទាំងបាក់ទឹកចិត្តអី យើងបានឆ្លងកាត់អស់ហើយ ទម្រាំតែយើងមកដល់ពេលនេះ»។
សុរ៉ីបន្ថែមថា៖ «ខ្ញុំគិតថា ខ្ញុំបានតស៊ូពិតមែន ដោយសារយើងដឹងថា តែយើងជាកូនអ្នកក្រហើយ មានអ្នកមើលងាយយើងច្រើន។ យើងពុះពារឲ្យដល់ថ្នាក់សាកលវិទ្យាល័យ ហើយឲ្យមានការងារធ្វើ។ យើងចង់រើបម្រាសពីត្រកូលដែលគេមើលងាយ ក្រីក្រអត់អ្នករៀនអ្នកសូត្រ។ យើងចង់ផ្លាស់ប្តូរនូវពូជពង្សរបស់យើង ហើយចង់បណ្តុះប្អូនៗក្មួយរបស់យើងឲ្យគាត់បានរៀន»។
បច្ចុប្បន្ន កម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន ៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ៧៧ នៅភ្នំពេញ និងតាមបណ្តាខេត្ត។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចារ។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ មានប្រសាសន៍ថា អាត្រាកើន ឬថយនៃចំនួនសិស្សបន្តចូលរៀននៅថ្នាក់ឧត្តមសិក្សាប្រែប្រួលរាល់ឆ្នាំ ផ្អែកតាមការសម្រេចចិត្តរបស់បុគ្គលអ្នករៀននិងក្រុមគ្រួសារ។ នៅឆ្នាំសិក្សា ២០២០-២០២១ នេះ លោកថា ផលជះពីជំងឺរាតត្បាតកូវីដ១៩ អាចប៉ះដល់ការសម្រេចចិត្តនេះ។
ទោះជាយ៉ាងណា លោកមិនបញ្ជាក់ថា ផលជះទៅលើកត្តាសេដ្ឋកិច្ចរបស់ក្រុមគ្រួសារសិស្សជាកត្តាចម្បងបំផុត ដែលបង្អាក់ដំណើរសិក្សាថ្នាក់ឧត្តមសិក្សានោះទេ។ លោកគ្រាន់តែបញ្ជាក់ថា ក្រសួងព្យាយាមបង្វែរបញ្ហាប្រឈមនៃជំងឺរាតត្បាតនេះ មកក្លាយជាឱកាសពង្រឹងការអប់រំបែបឌីជីថលវិញ។
លោក ប៉ា ចន្ទរឿន អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម និងបានចងក្រងសៀវភៅអំពី «ទស្សនវិជ្ជាថ្នាក់បញ្ចប់» ជំនួយស្មារតីក្នុងការកំណត់គោលដៅជីវិត បានប្រាប់ VOA ថា សិស្សជនបទដែលមករៀននៅភ្នំពេញប្រឈមមុខដោះស្រាយជីវភាពប្រចាំថ្ងៃ ហូបចុក ទិញសម្ភារៈសិក្សា និងចំណាយលើការសិក្សាស្រាវជ្រាវ។
លោកបន្តថា នៅប្រទេសខ្លះរដ្ឋផ្តល់ប្រាក់កម្ចីឲ្យសិស្សសម្រាប់សិក្សា ហើយពេលសិស្សទទួលបានការងារ ពួកគេអាចសងវិញបាន។ ក៏ប៉ុន្តែលោកថា កម្ពុជាមិនទាន់មានគោលនយោបាយបែបនេះទេ។
«ហេតុនេះហើយយុវជនភាគច្រើន ដែលមានមហិច្ឆតារៀនឲ្យបានខ្ពង់ខ្ពស់ហ្នឹង ទាល់តែមានការតស៊ូស្វិតស្វាញនិងការព្យាយាម។ ពេលខ្លះ ដូចភាសាសាមញ្ញយើងថា ត្រូវស៊ីអត់ស៊ីឃ្លានបានអាចមានឱកាសតស៊ូរៀនចប់ចុងចប់ដើម មានការងារធ្វើល្អ»។
លោក ប៉ា ចន្ទរឿន ជំរុញឲ្យរដ្ឋាភិបាលគួរគិតគូរបន្ថែមអាហារូបករណ៍ទាំងថ្លៃសាលា និងការឧបត្ថម្ភថ្លៃជីវភាពដល់សិស្ស ដែលមានជីវភាពលំបាក ជាពិសេសបង្កើនកន្លែងស្នាក់នៅសម្រាប់សិស្សទូទៅនិងសិស្សនារី៕