ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់​កន្រ្តាក់​បំផ្លាញ​ផ្ទះ​​រាប់​រយ​ខ្នង​ក្នុង​ប្រទេស​កម្ពុជា​


រូបឯកសារ៖ សំណល់ផ្ទះរបស់ពលរដ្ឋក្នុងសង្កាត់អូរក្រសារ ខេត្តកែប ដែលត្រូវបានព្យុះវាយកម្ទេច កាលពីខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ សំណល់ផ្ទះរបស់ពលរដ្ឋក្នុងសង្កាត់អូរក្រសារ ខេត្តកែប ដែលត្រូវបានព្យុះវាយកម្ទេច កាលពីខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ​ ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ជាង​១.២០០​ខ្នង​ រង​ការ​ខូតខាត ​ដោយ​សារ​តែ​ភ្លៀង ​លាយ​ឡំ​ដោយ​ខ្យល់​កន្ត្រាក់ ​ដែល​ជា​បាតុភូត​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ ​នេះ​បើ​យោង​តាម​ការ​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ គិត​ចាប់​ពី​ថ្ងៃ​ទី១០​ដល់​ថ្ងៃ​ទី​១៦ ​ខែ​មេសា ​ឆ្នាំ​២០២៣។​

បើ​តាម​ក្រសួង​ធន​ធាន​ទឹក ​ខេត្ត​ដែល​រង​ការ​ខូត​ខាត​និង​ប៉ះពាល់​ផ្ទះ​សម្បែង ​មាន​ដូច​ជា​ខេត្ត​ឧត្តរមានជ័យ​ ស្ទឹងត្រែង ​ស្វាយរៀង ​ត្បូង​ឃ្មុំ ​ព្រះសីហនុ ​ព្រះវិហារ​ ពោធិ៍សាត់​ កោះកុង ​និង​ខេត្ត​ព្រៃវែង។​

ក្រសួងបញ្ជាក់​ថា​ កាល​ពី​ថ្ងៃទី១២ ​ខែ​មេសា ​ភ្លៀង​ និង​ខ្យល់​បាន​ធ្វើ​ឱ្យ​ផ្ទះ​រហូត​ដល់​២៣៨​ខ្នង​នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​រង​ការខូត​ខាត។​

ក្រសួង​ធនធាន​ទឹក​បន្ថែម​ថា៖​ «នៅ​ថ្ងែ​ទី​១៥ ​ខែមេសា ​ឆ្នាំ​២០២៣​ ខេត្ត​តាកែវ​មាន​ភ្លៀង​ធ្លាក់​លាយ​ឡំ ​និង​ខ្យល់​បោក​បក់​ខ្លាំង ​រន្ទះ​បាន​ធ្វើឱ្យ​ខូច​ខាត​ផ្ទះ។​ ផ្ទះ​រលំ​ទាំង​ស្រុង​៥៨​ខ្នង ​របើក​ដំបូល​ ៥២៨​ខ្នង​ ស្លាប់​គោ​៤​ក្បាល ​និង​របួស​មនុស្ស​ចំនួន​៤​នាក់»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​គន់ គីម ​អនុ​ប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ និង​លោក​ សុទ្ធ គឹមកុលមុន្នី ​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​នេះ​ ​ដើម្បី​សុំ​របាយការណ៍​សរុប​នៃ​គ្រោះ​ថ្នាក់​ខ្យល់​កន្រ្តាក់​នេះ​បាន​នៅ​ឡើយ​ទេ។​

ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត​ឧត្តរ​មានជ័យ ​លោក ញឺន កួន ​ប្រាប់​វីអូអេ​ថា​ កាល​ពី​ថ្ងៃទី​១២ ​ខែ​មេសា​នេះ​ ភ្លៀង​និង​ខ្យល់​បាន​ធ្វើ​ឱ្យ​ខូត​ខាត​ផ្ទះ​ប្រជា​ពលរដ្ឋ​ជាង​ ២០០ ​ខ្នង​ ប៉ុន្តែ​មិន​ប៉ះពាល់​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ ​និង​សត្វ​ចិញ្ចឹម​ឡើយ។​

បើ​តាម​ប្រធាន​មន្ទីរ​រូប​នេះ ​ជា​ទូទៅ ​នៅ​អំឡុង​ខែ​នេះ ​វា​តែង​តែ​មាន​ភ្លៀង​ និង​ខ្យល់ ប៉ុន្តែ​វានឹង​បាត់​ទៅ​វិញ​នៅ​ក្នុង​ប៉ុន្មាន​ខែ​ទៅ​មុខ​ទៀត។​

លោក​ថ្លែង​ថា៖ ​«ជា​ធម្មតា​នៅ​ពេល​ភ្លៀង​ធ្លាក់​ដើម​ឆ្នាំ​នេះ​ តែង​តែ​ជួប​ជា​រៀង​រាល់​ឆ្នាំ ​ប៉ុន្តែ​ចាប់​ខែ​៥ ​ខែ​៦​ទៅ ​វា​ធូរ​ហើយ។ ​អ៊ីចឹង​ប៉ះ​ពាល់​តែ​ក្នុង​ខែ​៤ ​ឬ​ដើម​ខែ​៥។ ​ដើម​ឆ្នាំ ​វា​តែង​តែ​អ៊ីចឹង។​ វា​មិន​ជា​បញ្ហា​អី​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ។ ​ភ្លៀង​ធ្លាក់​ដើម​ឆ្នាំ​តែង​តែ​មាន​ខ្យល់​ មាន​អី​អ៊ីចឹង»។​

បើ​តាម​ប្រធាន​មន្ទីរ​ធនធាន​ទឹក ​និង​ឧតុនិយម ​នៅ​ពេល​ដែល​មាន​បញ្ហា​បែប​នេះ​កើត​ឡើង ​ អាជ្ញាធរ​តែង​តែ​ចុះ​ជួយ​ដល់​ប្រជា​ពល​រដ្ឋ ​ខណៈ​ថា​ អាជ្ញាធរ​ក៏​តែង​តែ​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ចាន់ យុត្ថា ​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក ​និង​ឧតុនិយម​បាន​នៅ​ឡើយ​ទេ។​

លោក ​ហេង គឹមហុង ​ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (CYN)​ ប្រាប់​វីអូអេ​ថា ​ការ​កើន​ឡើង​កម្ដៅ ​រួម​ទាំង​រដូវ​មិន​ទៀង ​ជា​សញ្ញា​នៃ​កា​រប្រែប្រួល​អាកាស​ធាតុ។ ​លោក​ជំរុញ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ជាពិសេស​ត្រូវ​ថែ​រក្សា​ ការពារ​ធន​ធាន​ធម្មជាតិ​ និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពុល។​

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​យល់​ថា ​បើ​សិន​ជា​មិន​គិត​គូរ​អំពី​បញ្ហា​នេះ​ទេ ​ដំណើរ​នៃ​ការ​វិវឌ្ឍ​នៃ​បម្រែ​បម្រួល​អាកាស​ធាតុ​នៅ​ពេល​ខាង​មុខ​នេះ​នឹង​បន្ត​ជះ​ផល​អវិជ្ជមាន​ខ្លាំង​ទៅ​ដល់​មនុស្ស ​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​មាន​គ្រោះ​ថ្នាក់​ខ្លាំង ​ឬក៏​បាត់​បង់​ជីវិត​កាន់​តែ​កើន​ឡើង ​ដោយ​សារ​តែ​គ្រោះ​នៃ​បម្រែបម្រួល​អាកាស​ធាតុ​ និង​កត្តា​អវិជ្ជមាន​នានា​ដែល​កើត​ឡើង​ពី​ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ធ្វើ​ឱ្យ​លំនឹង​នៃ​ធនធាន​ធម្មជាតិ​មាន​ការ​ប្រែ​ប្រួល​ហ្នឹង»។

បើ​តាម​លេខាធិការដ្ឋាន​គ្រោះ​មហន្ត​រាយ​ខេត្ត​សៀមរាប ​កាល​ពី​ថ្ងៃទី​២៩ ​ខែ​មីនា​ ឆ្នាំ​២០២៣​ ភ្លៀង​និង​ខ្យល់​កន្ត្រាក់​នៅ​ខេត្ត​សៀមរាប ​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ ​និង​ម្នាក់​ទៀត​រង​របួស ​ព្រម​ទាំង​រលំ​បាក់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​ផង​ដែរ៕

XS
SM
MD
LG