ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងការបរទេសអាមេរិកកែប្រែព័ត៌មានមូលដ្ឋានអំពីប្រទេសចិនលើវេបសាយខ្លួន


រូបឯកសារ៖ មនុស្សដើរកាត់រូបសំណាកនៃបក្សកុម្មុយនីស្តចិន នៅ​សារមន្ទីរគណបក្សកុម្មុយនីស្តចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។
រូបឯកសារ៖ មនុស្សដើរកាត់រូបសំណាកនៃបក្សកុម្មុយនីស្តចិន នៅ​សារមន្ទីរគណបក្សកុម្មុយនីស្តចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។

កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​កែប្រែ​សំខាន់ៗ​មួយ​ចំនួន​លើ​ទំព័រ​ទិន្នន័យ​ជាក់ស្ដែង​អនឡាញ​របស់​ខ្លួន​អំពី​ប្រទេស​ចិន ដោយ​ដក​ឈ្មោះ​ផ្លូវការ​របស់​ប្រទេស​ចិន​ចេញ​ដែល​នោះ​គឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​ពាក្យ​ត្រឹមតែ «ប្រទេស​ចិន» តែ​ប៉ុណ្ណោះ។

រដ្ឋបាល​អតីត​ប្រធានាធិបតី​អាមេរិក​លោក Joe Biden តែង​ហៅ​រដ្ឋាភិបាល​ចិន​ដោយ​ប្រើ​ឈ្មោះ​អក្សរ​កាត់ PRC។ ចាប់​តាំងពី​ពេល​ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក Richard Nixon បាន​ចាប់ផ្ដើម​ដំណើរការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ចិន​ឡើងវិញ​មក សហរដ្ឋ​អាមេរិក​បាន​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​និង​បាន​ទម្លាក់​កម្រិត​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​កោះ​តៃវ៉ាន់​ឲ្យ​ទៅ​ជា​ទំនាក់ទំនង​មិន​ផ្លូវការ​បែប​មិត្តភាព។

លោក Russell Hsiao នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តៃវ៉ាន់​សាកល (Global Taiwan Institute) បាន​ប្រាប់ VOA ថា៖ «តៃវ៉ាន់​គួរតែ​បាន​ធូរស្រាល ដោយ​ហេតុ​ថា​ការ​ផ្លាស់ប្ដូរ​នៃ​ការ​ប្រើ​ពាក្យ [ពី PRC មក​នៅ​ត្រឹម​ពាក្យ​ថា​ចិន] មិន​តំណាង​ឲ្យ​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ទេ។ ការពិត​គឺ​ថា សហរដ្ឋ​អាមេរិក​នៅតែ​រក្សា «គោលការណ៍​ចិន​តែមួយ» ហើយ​នៅ​ក្រោម​គោលការណ៍​នេះ សហរដ្ឋ​អាមេរិក​នៅតែ​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​និង​ទំនាក់ទំនង​មិន​ផ្លូវការ​ដ៏​រឹងមាំ​ជាមួយ​តៃវ៉ាន់​ដដែល»។

លោក​បាន​បញ្ជាក់​ថា៖ «ចាប់តាំង​ពី​ឆ្នាំ ១៩៧៩ មក សហរដ្ឋ​អាមេរិក​បាន​ទទួលស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយ​គត់​របស់​ប្រទេស​ចិន ដូច្នេះ​ការ​ប្ដូរ​ពាក្យ​ពេចន៍​នេះ​គឺជា​វិធី​មួយ​ផ្សេង​ទៀត​នៃ​ការ​បង្ហាញ​ការពិត​ដដែល ដែល​អ្វីៗ​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ»។

ចិន​ចាត់ទុក​តៃវ៉ាន់​ថា​ជា​ខេត្ត​ដាច់​ដោយឡែក​មួយ​របស់​ខ្លួន។ កងកម្លាំង​ជាតិ​និយម​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​និង​ដឹកនាំ​ដោយ​លោក Chiang Kai-shek បាន​រត់ចេញ​ពី​ចិន​ដីគោក​ទៅ​កោះ​តៃវ៉ាន់ នៅ​ឆ្នាំ ១៩៤៩ បន្ទាប់ពី​បាន​ចាញ់​កងទ័ព​កុម្មុយនីស្ត​ដែល​ដឹកនាំ​ដោយ​លោក ម៉ៅ សេទុង នៅ​ក្នុង​សង្គ្រាម​ស៊ីវិល។

លោក Chiang Kai-shek បាន​ក្លាយជា​មេដឹកនាំ​ផ្ដាច់ការ​មិន​សូវ​តឹងរ៉ឹង​របស់​កោះ​តៃវ៉ាន់​រហូត​ដល់​ពេល​ដែល​លោក​ស្លាប់​នៅ​ឆ្នាំ ១៩៧៥។ ចំណែក​ឯ​លោក ម៉ៅ សេទុង វិញ​បាន​គ្រប់គ្រង​ចិន​ដីគោក​ក្នុង​នាម​ជា​មេដឹកនាំ​ផ្ដាច់ការ​តឹងរ៉ឹង​រហូត​ដល់​ពេល​ដែល​លោក​ស្លាប់​នៅ​ក្រោយ​ពេល​ដែល​លោក Chiang Kai-shek ស្លាប់​បាន​មួយ​ឆ្នាំ។

សហរដ្ឋ​អាមេរិក​នៅ​បន្ត​ផ្ដល់​សព្វាវុធ​ដល់​តៃវ៉ាន់​និង​ធ្វើ​ឲ្យ​ចម្ងល់​នៅ​ស្រពិចស្រពិល​ដដែល​អំពី​ថាតើ​សហរដ្ឋ​អាមេរិក​នឹង​ប្រើប្រាស់​យោធា​របស់​ខ្លួន​ដើម្បី​ការពារ​តៃវ៉ាន់​ឬ​ក៏​អត់​ប្រសិនបើ​តៃវ៉ាន់​រង​ការ​វាយ​ប្រហារ​ណាមួយ​នោះ។

ច្បាប់​ស្ដីពី​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ (Taiwan Relations Act) តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​តាំងចិត្ត​ជួយ​តៃវ៉ាន់​ក្នុងការ​ការពារ​ខ្លួន ប៉ុន្តែ​ការ​សម្រេច​ចុងក្រោយ​អំពី​ការ​ធ្វើ​អន្តរាគមន៍​យោធា​ណាមួយ​គឺ​អាស្រ័យ​លើ​ប្រធានាធិបតី​និង​សភា​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ ស្លាកសម្គាល់​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ត្រូវបាន​ឃើញ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៧។
រូបឯកសារ៖ ស្លាកសម្គាល់​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ត្រូវបាន​ឃើញ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៧។

នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​នៃ​ការ​ប្រើប្រាស់​ភាសា​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ការបរទេស​អាមេរិក​នេះ​ផងដែរ ការ​បញ្ជាក់​ដែល​ថា​សហរដ្ឋ​អាមេរិក​មិន​គាំទ្រ​ឯករាជ្យភាព​របស់​តៃវ៉ាន់​ត្រូវបាន​លុបចោល ប៉ុន្តែ​ការ​បញ្ជាក់​ដែល​ថា​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង «ការ​កែប្រែ​ដោយ​ឯកតោភាគី​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន» នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​គឺ​ទុក​នៅ​ដដែល។

ទោះជា​យ៉ាងណា​ក៏ដោយ ការ​កែប្រែ​ដ៏​សំខាន់​មួយ​នៅ​លើ​ទំព័រ​វេបសាយ​របស់​ក្រសួង​ការបរទេស​អាមេរិក​អំពី​ប្រទេស​ចិន​គឺ​ការ​លុបចោល​ខ្លឹមសារ​អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​និង​លើ​ការ​ជួយ​ប្រទេស​ចិន​ផ្នែក​បញ្ហា​វប្បធម៌​និង​ការ​ការពារ​បរិស្ថាន។

ផ្ទុយ​ទៅវិញ មាន​ភាសា​ថ្មី​មួយ​ដែល​ផ្ដោត​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន ដែល​លើកឡើង​អំពី​ការ​លំបាក​សម្រាប់​អាជីវកម្ម​អាមេរិក​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​ចិន និង​ថា​សេដ្ឋកិច្ច​ចិន​គឺជា «សេដ្ឋកិច្ច​ដែល​មាន​បរិយាកាស​វិនិយោគ​រឹតត្បិត​បំផុត​មួយ​នៅលើ​ពិភពលោក»។

ប៉ុន្តែ ការ​ផ្លាស់ប្ដូរ​ដ៏​គួរឲ្យ​កត់​សម្គាល់​មួយ​ទៀត​ដែល​ស្រប​ទៅនឹង​វោហារសាស្ត្រ​របស់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នោះ​គឺ​ការ​យោង​ជា​ញឹកញាប់​ទៅ​លើ​គណបក្ស​កុម្មុយនីស្ត​ចិន (CCP)។

គណបក្ស​កុម្មុយនីស្ត​ចិន​រង​ការ​ចោទប្រកាន់​ដោយ​ផ្ទាល់​ថា​កំពុង​ព្យាយាម «កេង​ចំណេញ​និង​ធ្វើ​វិទ្ធង្សនា» អង្គការ​សហប្រជាជាតិ​និង​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ​ទៀត និង​កំពុង​ព្យាយាម «រៀបចំ​ខ្លួន​ដើម្បី​ដាក់​បញ្ចូល​សមាជិក​បក្ស​កុម្មុយនីស្ដ​ទៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​និង​តួនាទី​ផ្សេង​ទៀត» នៅ​ក្នុង​អង្គការ​ឬក៏​ស្ថាប័ន​ទាំងនោះ។

នៅ​លើ​ទំព័រ​ទិន្នន័យ​ជាក់ស្ដែង​ដែល​ទើប​នឹង​បាន​កែសម្រួល​ថ្មី​របស់​ក្រសួង​ការបរទេស​អាមេរិក​នេះ បក្ស​កុម្មុយនីស្ត​ចិន​ក៏​រង​ការ​ស្ដី​បន្ទោស​ផងដែរ​សម្រាប់ «សកម្មភាព​វាយប្រហារ​តាម​អ៊ីនធឺណិត​លើ​រដ្ឋាភិបាល​អាមេរិក វិស័យ​ឯកជន និង​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ»។ ទំព័រ​ទិន្នន័យ​នេះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ប្រឆាំង​នឹង​សកម្មភាព​ទាំងអស់​នេះ «ដើម្បី​ជួយ​ការពារ​ពលរដ្ឋ អាជីវកម្ម និង​ឧស្សាហកម្ម​អាមេរិក»។

អ្នកស្រី Rorry Daniels នាយក​គ្រប់គ្រង​អង្គការ Asia Society Policy Institue បាន​ប្រាប់ VOA ថា៖ «វិធានការ​ទាំងនេះ​ឆ្លុះ​បញ្ចាំង​អំពី​ការ​យល់ឃើញ​ជា​ទូទៅ​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​ក្នុង​រដ្ឋបាល​របស់​លោក Trump ថា ការ​ប្រឡូក​ជាមួយ​ប្រទេស​ចិន​បាន​បរាជ័យ​ហើយ​យន្តការ​តឹងរ៉ឹង​ជាងមុន​គឺ​ចាំបាច់»។

អ្នកស្រី Daniels បាន​បន្ថែម​ថា៖ «អារម្មណ៍​បែបនេះ​បាន​កើនឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ជាពិសេស​នៅ​សភា ហើយ​ការ​ផ្លាស់ប្ដូរ​នៃ​ការ​ផ្ដោត​នេះ​មិន​មាន​អ្វី​គួរឲ្យ​ភ្ញាក់ផ្អើល​នោះទេ។ ប៉ុន្តែ ការ​ប្ដូរ​ការ​ប្រើ​ពាក្យ «សាធារណរដ្ឋ​ប្រជាមានិត​ចិន» ទៅ​ជា «ចិន» នោះ ឆ្លុះ​បញ្ចាំង​អំពី​ការ​លើកឡើង​ដែល​មាន​លក្ខណៈ​កាន់តែ​មុតជ្រៅ​និង​គ្រោះថ្នាក់​ដែល​វាយប្រហារ​លើ​ភាព​ស្របច្បាប់​របស់​បក្ស​កុម្មុយនីស្ត​ចិន​ដែល​ជា​អាជ្ញាធរ​គ្រប់គ្រង​ប្រទេស​ចិន។ ខ្ញុំ​រំពឹង​ថា រដ្ឋាភិបាល​ចិន​នឹង​យល់​ថា​រឿង​នេះ​គឺជា​ក្ដី​បារម្ភ​ដ៏​ខ្លាំងក្លា ហើយ​នឹង​លើកឡើង​អំពី​រឿង​នេះ​នៅ​កម្រិត​ខ្ពស់​បំផុត​នៅ​ពេល​ខាងមុខ​នេះ»។

លោក Guo Jiakun អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ឆ្លើយតប​នៅ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​កាលពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ដោយ​បង្ហាញ​ការ​មិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការ​កែប្រែ​នានា​នៅ​លើ​វេបសាយ​របស់​ក្រសួង​ការបរទេស​អាមេរិក​នេះ។

លោក​ថ្លែង​ថា វិធានការ​របស់​ក្រសួង​ការបរទេស​អាមេរិក​នេះ «បន្លំ​ការពិត វាយ​ប្រហារ​លើ​គោល​នយោបាយ​ការបទេស​របស់​ចិន និង​ផ្សព្វផ្សាយ​អំពី​ការ​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក។ យើង​ពិតជា​សោកស្ដាយ​យ៉ាង​ខ្លាំង​និង​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​ទាំងនេះ»។

ការ​កែប្រែ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក Trump បាន​ដាក់​ពន្ធគយ ១០% បន្ថែម​ទៀត​លើ​ទំនិញ​ទាំងអស់​ដែល​នាំចូល​ពី​ប្រទេស​ចិន។ លោក Trump បាន​ថ្លែង​ថា លោក​ចាត់​វិធានការ​ដូចនេះ​ដោយសារតែ​រដ្ឋាភិបាល​ចិន​មិន​បាន​បញ្ឈប់​លំហូរ​គ្រឿងញៀន​ហ្វេនតានីល​ខុស​ច្បាប់​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Trump ក៏​បាន​ប្រកាស​ផងដែរ​ថា លោក​មាន​បំណង​ដាក់​ពន្ធគយ​សងសឹក​បន្ថែម​លើ​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​ដែល​ដាក់​កំហិត​លើ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីផ្សារ​របស់​ពួកគេ៕

ព័ត៌មាន​មួយ​ចំនួន​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG