ក្រុមយោធារដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយនៅថ្ងៃពុធនេះថា កងកម្លាំងរបស់ពួកគេបានវាយយកបានមកវិញនូវការត្រួតត្រាតំបន់ច្រើនជាងមុនពីពួកយុទ្ធជនឃើដ ដោយមានរួមបញ្ចូលទាំងទំនប់ទឹក Mosul នៅក្រោយពីបានបើកកិច្ចប្រតិបត្តិការមួយដើម្បីវាយយកមកវិញនូវក្រុង Kirkuk និងវាលប្រេងនៅក្នុងផ្នែកខាងជើងប្រទេស។
សេចក្តីថ្លែងការណ៍របស់ក្រុមយោធារដ្ឋាភិបាលបាននិយាយថា «សន្តិសុខបានត្រូវរៀបចំឱ្យមានឡើងវិញហើយ»នៅក្នុងក្រុង kirkuk។
ក្រុមជនអំបូរឃើដ បានត្រួតត្រាតំបន់នោះក្នុងឆ្នាំ២០១៤ នៅពេលដែលពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម បានវាយប្រហារបង្កើតចលាចលក្នុងតំបន់ខាងជើងនិងខាងលិចនៃប្រទេសអ៊ីរ៉ាក់។ រដ្ឋាភិបាលកណ្តាលនៃប្រទេសអ៊ីរ៉ាក់បានទាមទារឱ្យក្រុមជនអំបូរឃើដ លះបង់ការត្រួតត្រាហើយបានធ្វើសកម្មភាពនៅក្រោយអាជ្ញាធរឃើដ បានធ្វើការបោះឆ្នោតប្រជាមតិមួយទាមទារឯករាជ្យកាលពីខែមុន។
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានប្រឈមនឹងការទប់ទល់បន្តិចបន្តួចដោយពួកយុទ្ធជនឃើដបានដកថយដោយមិនប្រយុទ្ធនៅក្នុងភាគច្រើននៃតំបន់ទាំងនោះដែលបានត្រូវវាយយកបានមកវិញកាលពីពីរបីថ្ងៃមុននេះ។
ភាគីទាំងពីរនេះបានរួមប្រយុទ្ធជាមួយគ្នានៅក្នុងយុទ្ធនាការបណ្តេញពួករដ្ឋឥស្លាម ចេញពីប្រទេសអ៊ីរ៉ាក់ហើយភាគីនីមួយៗក៏បានទទួលការគាំទ្រយោធាពីស.រ.អា.ផងដែរ។
លោក Joseph Pennington ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អា.ទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអង្គារថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់យើងនៅពេលនេះមានគោលដៅកាត់បន្ថយការប្រឈមមុខដាក់គ្នាឱ្យមានតិចបំផុតដើម្បីបន្ធូរបន្ថយភាពតានតឹង និងធ្វើឱ្យមានការវិលត្រឡប់ទៅកាន់ភាពធម្មតានិងស្ថិរភាពវិញ»។
អ្នកស្រី Heather Nauert អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អា. បាននិយាយប្រាប់ពួកអ្នកកាសែតថា ស.រ.អា.មិនកាន់ជើងភាគីណាមួយនៅក្នុងភាពតានតឹងរវាងសម្ព័ន្ធមិត្តខ្លួនទេ៕