កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីមានការចរចាសារជាថ្មីអស់រយៈពេលជាច្រើនខែ ក្រោយពីមានការជំទាស់យ៉ាងខ្លាំងចំពោះគម្រោងនេះ។ ស្របពេលដែលក្រុមអ្នករិះគន់ក្នុងប្រទេសបានព្រមានថា ការប្រគល់ការគ្រប់គ្រងភាគច្រើនឲ្យទៅចិន គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ ប្រទេសឥណ្ឌា ដែលជាប្រទេសជិតខាង ក៏បានត្អូញត្អែរពីការដែលប្រទេសចិនអាចចូលក្នុងកំពង់ផែយុទ្ធសាស្ត្រកៀកនឹងតំបន់សមុទ្ររបស់ខ្លួនក្នុងមហាសមុទ្រឥណ្ឌា។
សាងសង់ឡើងដោយប្រើកម្ចីយ៉ាងច្រើនពីប្រទេសចិនក្នុងឆ្នាំ២០១០ កំពង់ផែ Hambantota ត្រូវបានគេយល់ថាជា គន្លឹះសម្រាប់គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ប្រកបដោយមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលគម្រោងនេះគឺ មានបំណងភ្ជាប់ផ្លូវ និងកំពង់ផែទូទាំងទ្វីបអាស៊ី និងអឺរ៉ុប ក៏ដូចជាជំរុញកិច្ចប្រឹងប្រែងដើម្បីទ្រទ្រង់វត្តមានរបស់ខ្លួននៅតំបន់មហាសមុទ្រឥណ្ឌា។
រដ្ឋាភិបាលស្រីលង្កានិយាយថា ក្រោមលក្ខខណ្ឌរបស់កិច្ចព្រមព្រៀង ទាហានជើងទឹករបស់ប្រទេសស្រីលង្កានឹងគ្រប់គ្រងសន្តិសុខនៅកំពង់ផែ Hambantota ហើយគ្មានទាហានជើងទឹកពីប្រទេសក្រៅណាមួយ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់កំពង់ផែជាមូលដ្ឋានរបស់ខ្លួនជាដាច់ខាត។
នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងកំពុងផ្តល់កិច្ចព្រមព្រៀងដ៏ប្រសើរដល់ប្រទេសស្រីលង្កា ដោយមិនមែនការប៉ះពាល់ផ្នែកសន្តិសុខនោះទេ»។
ភាគហ៊ុនរបស់ប្រទេសចិនក្នុងគម្រោងកំពង់ផែនេះក៏ត្រូវបានបន្ទាបពី ៨០ភាគរយមកត្រឹម ៧០ ភាគរយ ដើម្បីកាត់បន្ថយការជំទាស់ក្នុងស្រុក ដែលថា រដ្ឋាភិបាលក្រុងប៉េកាំងមិនគួរក្តោបក្តាប់លើទ្រព្យសម្បត្តិជាតិទេ។
ប្រទេសស្រីលង្កានឹងមានចំណែកធំមួយក្នុងក្រុមហ៊ុនទទួលបន្ទុកផ្នែកសន្តិសុខ ដើម្បីធានាឲ្យបានថាខ្លួននឹងត្រួតពិនិត្យថា នាវាណាអាចចុះចតនៅកំពង់ផែ ខណៈដែលប្រទេសចិននឹងគ្រប់គ្រងផ្នែកធុរកិច្ច។
លោក Sukh Deo Muni អ្នកជំនាញប្រចាំតំបន់អាស៊ីខាងត្បូងនៃវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវ និងការវិភាគផ្នែកការពារជាតិ ដែលមានមូលដ្ឋាននៅក្នុងក្រុងញូវដេលី បាននិយាយថា នៅពេលដែលការព្រួយបារម្ភមួយចំនួនរបស់ប្រទេសឥណ្ឌា ត្រូវបានដោះស្រាយរួចរាល់ហើយ វត្តមានរបស់ប្រទេសចិននៅកំពង់ផែនោះនៅតែជារឿងកង្វល់មួយ។ លោក Sukh Deo Muni បានមានប្រសាសន៍ថា៖
«គម្រោងនេះភាគច្រើនត្រូវបានកាន់កាប់ដោយចិន ដែលការណ៍នេះប្រហែលមិនមែនជារឿងល្អសម្រាប់ប្រទេសឥណ្ឌានោះទេ។ យើងនៅតែរង់ចាំមើលថាតើប្រទេសស្រីលង្កាមានលទ្ធភាពត្រួតពិនិត្យសកម្មភាពរបស់ចិននៅតំបន់ចំណុចរសើបមួយចំនួនបានប៉ុណ្ណា»។
ចាប់តាំងពីពេលកំពង់ផែ Hambantota ត្រូវបានដាក់ឲ្យប្រើប្រាស់ កំពង់ផែនេះខកខានក្នុងការបង្កើតជាអាជីវកម្មធំដុំ ហើយរងការខាតបង់យ៉ាងច្រើនជាបន្តបន្ទាប់។ អ្នកវិភាគមួយចំនួននិយាយថា ការវិនិយោគរបស់ចិនមិនសូវត្រូវបានជំរុញខ្លាំង ដោយភាពទាក់ទាញផ្នែកពាណិជ្ជកម្មរបស់គម្រោងតំបន់ផែននេះ ដូចទីតាំងយុទ្ធសាស្ត្រនៅលើច្រកសមុទ្រដ៏មមាញឹករវាងអាស៊ី និងអឺរ៉ុបនោះទេ។
ប្រទេសឥណ្ឌាធ្លាប់មានការប្រុងប្រយ័ត្ន នៅពេលដែលនាវាមុជទឹករបស់ចិនបានចតចូលចតនៅកំពង់ផែក្រុងកូឡុំបូ (Colombo) កាលពីឆ្នាំ២០១៤ ហើយតាំងពីពេលនោះមកឥណ្ឌាបានដាក់សម្ពាធលើរដ្ឋាភិបាលស្រីលង្កា ដើម្បីមិនអនុញ្ញាតឲ្យនាវាចិនប្រើកំពង់ផែរបស់ខ្លួន។
ឥណ្ឌាបារម្ភពីការពង្រីកខ្លួនជាបន្តបន្ទាប់របស់រដ្ឋាភិបាលចិនក្នុងតំបន់។ រដ្ឋាភិបាលក្រុងប៉េកាំងបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីខាងត្បូងដូចជា បង់ក្លាដេស នេប៉ាល់ និងស្រីលង្កា។
រដ្ឋាភិបាលស្រីលង្កាបានសន្យាថា នឹងពិនិត្យមើលឡើងវិញទៅលើគម្រោងវិនិយោគធំៗរបស់ចិនក្នុងអាណត្តិរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តី លោក Mahinda Rajapaksa ប៉ុន្តែផែនការត្រួតពិនិត្យនេះត្រូវបានបង្អាក់ ដោយសារប្រទេសស្រីលង្កាជំពាក់បំណុលប្រទេសចិនច្រើន។
រដ្ឋាភិបាលស្រីលង្កាបាននិយាយថា ថវិកាពីភាគហ៊ុនកំពង់ផែ Hambantota ដែលលក់ឲ្យក្រុមហ៊ុនចិន នឹងត្រូវប្រើដើម្បីសងបំណុលបរទេសមួយផ្នែករបស់ប្រទេស៕
ប្រែសម្រួលដោយ ទុំ ម្លិះ