រដ្ឋាភិបាលស្រីលង្កាបច្ចុប្បន្ន សន្យាថានឹងប្រឹងប្រែងធ្វើយ៉ាងណាកសាងសន្តិភាព និងរៀបចំដំណើរការផ្សះផ្សាជាមួយសហគមន៍តាមិល ដែលនេះផ្ទុយស្រឡះពីគោលនយោបាយរបស់រដ្ឋាភិបាលមុន។ លោករដ្ឋមន្ត្រីការបរទេសស្រីលង្កាបានបង្ហាញគំរូវិធានការនានា ដើម្បីសម្រេចឲ្យបាននូវគោលដៅទាំងនេះក្នុងពេលបើកកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងហ្សឺណែវ។
ការអានសុន្ទរកថារបស់លោករដ្ឋមន្ត្រីការបរទេសហាក់ដូចជាទទួលស្គាល់កំហុសឆ្គងដែលកើតឡើងតាំងពីអតីតកាលបង្កដោយរដ្ឋាភិបាលមុន។ លោក Mangala Samaraweera រដ្ឋមន្ត្រីការបរទេសស្រីលង្កានិយាយថា ការបោះឆ្នោតសភាកាលពីខែមុនបានធ្វើឲ្យក្រុមជ្រុលនិយមបាត់បង់អាសនៈ និងធ្វើឲ្យគូប្រជែងនយោបាយដែលមានជាយូរមកហើយនោះ អាចបង្កើតរដ្ឋាភិបាលរួបរួមមួយ។ លោកបន្ថែមថា នេះជាសញ្ញាវិជ្ជមានសម្រាប់ការកែទម្រង់។
លោកថា៖ «នេះរួមបញ្ចូលទាំងការធានាដែលមានតម្លៃជាសកលនៃសមភាព យុត្តិធម៌ និងសេរីភាពត្រូវបានគោរព ដោយជំរុញការផ្សះផ្សារវាងសហគមន៍នានា និងការរក្សាឲ្យបាននូវដំណោះស្រាយនយោបាយមួយ»។
រដ្ឋមន្ត្រីខាងលើនិយាយថា ការតែងតាំងមេដឹកនាំបក្សប្រឆាំងជាជនជាតិតាមិល និងការតែងតាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី នឹងធានាបានថាគ្មានអ្នកណាម្នាក់ ត្រូវបានគេបដិសេធសិទ្ធិដោយសារតែបញ្ហាជាតិសាសន៍ សាសនា វណ្ណៈ ឬភេទឡើយ។ រដ្ឋាភិបាលស្រីលង្កាមុនបានបរាជ័យក្នុងការស៊ើបអង្កេតអំពីករណីការចោទប្រកាន់ពាក់ព័ន្ធរឿងរំលោភបំពាន ដែលប្រព្រឹត្តដោយទាហានរដ្ឋាភិបាលនិងក្រុមឧទ្ទាមខ្លាតាមិល ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលអស់រយៈពេល២៦ឆ្នាំ។ ដូច្នេះហើយក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានបើកការស៊ើបអង្កេតដោយខ្លួនឯងតែម្តង។
លោក Samaraweera ទទួលស្គាល់ថា កិត្តិនាមកងទ័ពរបស់ប្រទេសស្រីលង្កាត្រូវបានខូចខាតខ្លាំង ដោយសារព្រឹត្តិការណ៍ដែលកើតឡើងកាលពីពេលនោះដែរ។ លោកបានបន្ទោសទៅលើប្រព័ន្ធគ្រប់គ្រងនិងវប្បធម៌ ដែលបង្កើតឡើងដោយមនុស្សពីរបីនាក់ស្ថិតនៅក្នុងតំណែងទទួលខុសត្រូវខ្ពស់នោះ។
លោក Samaraweera និយាយថា លោកមានជំនឿចិត្តថា កិត្តិនាមកងកម្លាំងប្រដាប់អាវុធនឹងត្រូវស្តារឡើងវិញស្របពេលដែលរដ្ឋាភិបាលបច្ចុប្បន្នបន្តរៀបចំដំណោះស្រាយនយោបាយដើម្បីដោះស្រាយការខូចខាតរបស់ប្រជាជនតាមិល។
រដ្ឋមន្ត្រីស្រីលង្ការូបនេះបានបន្ថែមថា រដ្ឋាភិបាលលោកគ្រោងបង្កើតគណៈកម្មការស្វែងរកការពិតនិងការផ្សះផ្សា ដោយយកគំរូតាមប្រទេសអាហ្វ្រិកខាងត្បូង។ លោកបន្តថា វានឹងមានតួនាទីស៊ើបអង្កេតលើករណីមនុស្សបាត់ខ្លួន បង្កើតប្រព័ន្ធយុត្តិធម៌ដ៏ត្រឹមត្រូវ និងបង្កើតការិយាល័យទទួលបន្ទុកផ្តល់សំណងប៉ះប៉ូវជូនអ្នករងគ្រោះដោយសារសង្គ្រាម។
លោកបន្តថា រដ្ឋាភិបាលបច្ចុប្បន្នក៏គ្រោងអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលរួមបញ្ចូលទាំងការធានានូវសិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយសម្រាប់មនុស្សគ្រប់គ្នា។ អង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សប្រហែល៤០.០០០នាក់បានស្លាប់ក្នុងខែចុងក្រោយនៃសង្គ្រាមស៊ីវិល កាលខែឧសភាឆ្នាំ២០០៩កន្លងទៅ។ អ្នកដែលរបួស និងស្លាប់ភាគច្រើនស្ថិតនៅក្នុងក្រុមតាមិល៕
ប្រែសម្រួលដោយ សៅ ផលនិស្ស័យ